ផ្លែទ្រលឹងទឹង ដែលភាសាអង់គ្លេសហៅថា Bilimbi ជាផ្លែឈើម្យ៉ាងមានរសជាតិជូរខ្លាំង ដែលមានប្រជាប្រិយភាពនៅតំបន់អាស៊ីអាគ្នេយ៍យើងនេះ ជាពិសេសប្រជាជនកម្ពុជា និយមញាំជាម្ជូរកំដរមាត់ និងយកធ្វើជាថ្នាំបុរាណផងដែរ។ ផ្លែនេះងាយដាំដុះ ដាំតែមួយដើមទទួលផលបានរាប់ឆ្នាំ ជាមួយនឹងគ្រឿងផ្សំបែបធម្មជាតិ ធ្វើឲ្យវាកាន់តែទាក់ទាញនិងមានតម្លៃ ព្រោះវាត្រូវបានគេជឿថាមានអត្ថប្រយោជន៍ដល់សុខភាពជាច្រើន។ តើផ្លែឈើដ៏ជូរនេះផ្ដល់អត្ថប្រយោជន៍ដល់សុខភាពយ៉ាងណាខ្លះ?
អាស៊ីតដ៏ខ្លាំងនៅក្នុងផ្លែទ្រលឹងទឹង ជួយឲ្យរំលាយអាហារលឿនជាងមុន។ ប្រសិនញាំម្ហូបមានជាតិខ្លាញ់ច្រើន ធ្វើឲ្យអ្នកមានអារម្មណ៍ធ្ងន់ពោះ អាចបរិភោគផ្លែទ្រលឹងទឹងបន្តិចៗបន្ទាប់ពីរញាំអាហាររួច នឹងជួយបំបាត់អារម្មណ៍នោះបាន។ បន្ថែមពីនេះ វាជួយបង្កើនភាពស៊ាំរបស់រាងកាយ ព្រោះផ្ទុកវីតាមីន C ច្រើន ដែលជាសារធាតុសំខាន់ក្នុងការការពាររាងកាយពីមេរោគ និងជំងឺផ្តាសាយ។ ប្រសិនបើបរិភោគវាជាប្រចាំពីរបីថ្ងៃក្នុងមួយសប្ដាហ៍ អាចជួយឲ្យប្រព័ន្ធភាពស៊ាំរឹងមាំ។
ទោះបីជាទ្រលឹងទឹងជូរខ្លាំងក៏ពិតមែន ប៉ុន្តែពេលលាយវាជាមួយទឹកឃ្មុំ ឬត្រាំជាមួយទឹកក្តៅ ក៏អាចជួយបន្ថយអាការៈឈឺបំពង់ក ឬក្អក បានខ្លះៗ ដែរ ដែលជាវិធីប្រពៃណីមួយដែលគេនិយមប្រើតាំងពីដើមមក។ នៅក្នុងករណីខ្លះ គេយកវាលាបលើស្បែក ដោយសារសារធាតុអាស៊ីតធម្មជាតិរបស់វា អាចកាត់បន្ថយស្នាមអុចខ្មៅ ឬស្នាមជ្រាវជ្រួញបាន ប៉ុន្តែ មិនគួរប្រើជាប្រចាំឡើយ ដោយសារអាស៊ីតខ្លាំងអាចបង្ករការរលាក។

លើសពីនេះ នៅក្នុងថ្នាំបុរាណ គេពូតយកទឹកផ្លែទ្រលឹងទឹងបន្ថែមជាមួយអំបិលបន្តិច រួចផឹក គេជឿថាជួយបន្ថយសំពាធឈាមបានខ្លះៗ។ ឬមួយបែបទៀត គេយកផ្លែទ្រលឹងទឹងទៅស្ងោរយកទឹកផឹក ដែលត្រូវបានចាត់ទុកជាភេសជ្ជៈដ៏ល្អប្រសើរសម្រាប់អ្នកជំងឺទឹកនោមផ្អែម ក្នុងការជួយគ្រប់គ្រងស្ថានភាពសុខភាពរបស់ពួកគេប្រកបដោយប្រសិទ្ធភាពតាមបែបធម្មជាតិ។ ទោះបីមិនមែនជាវិធីព្យាបាលបែបវេជ្ជសាស្ត្រក៏ដោយ ប៉ុន្តែវាត្រូវបានគេអនុវត្តន៍នៅតាមតំបន់ជាច្រើន។
យ៉ាងណាមិញ ទោះបីជាវាជាផ្លែឈើធម្មជាតិក្ដី ប៉ុន្តែមិនគួរបរិភោគច្រើនពេកឡើយ ដោយសារវាមានជាតិអាស៊ីតខ្ពស់ ដែលបណ្ដាលឲ្យរលាកក្រពះ។ ជាពិសេស សម្រាប់អ្នកមានជំងឺជាប់ខ្លូន ដូចជាទឹកនោមផ្អែមជាដើម គួរទៅពិគ្រោះជាមួយគ្រូពេទ្យ និងព្យាបាលបែបវេជ្ជសាស្រ្តជាមុនសិន មុននឹងទទួលទានអាហារបំប៉នធម្មជាតិបន្ថែម៕










