ប្រទេសថៃ ៖ តាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាឱ្យមន្ត្រីក្រសួងពាណិជ្ជកម្មផ្អាកការចរចាពន្ធទំនិញជាមួយថៃ រហូតដល់ថៃគោរពតាមកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដែលបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមវត្តមានលោកប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ជាសាក្សី ។

តាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក និកនឌេត ផ្លាំងគូន នៅថ្ងៃទី១៥ ខែវិច្ឆិកា ថៃទទួលបានការជូនដំណឹងពីមន្ត្រីពាណិជ្ជកម្មអាមេរិកថា អាមេរិកនឹងផ្អាកការចរចាពន្ធទំនិញជាមួយថៃ ហើយអាមេរិកនឹងយល់ព្រមចរចាពន្ធទំនិញជាមួយថៃម្តងទៀត លុះត្រាតែថៃសន្យាគោរពតាមកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ។ អាមេរិកសង្ឃឹមថា កម្ពុជា-ថៃ នឹងអាចរកដំណោះស្រាយជម្លោះព្រំដែនយ៉ាងឆាប់រហ័សបំផុត ។

លោក និកនឌេត បន្តថា ថៃពិតជាខកបំណងយ៉ាងខ្លាំងចំពោះមន្ត្រីពាណិជ្ជកម្មអាមេរិក ដែលផ្អាកការចរចាពន្ធទំនិញជាមួយថៃដោយសារថៃមិនគោរពកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងគូឡាឡាំពួរ ។ ថៃបានបញ្ជាក់ពីគោលជំហររបស់ខ្លួនរហូតមកថា បញ្ហាសន្តិសុខ និងសុវត្ថិភាព ជាពិសេស បញ្ហាទ្វេភាគីរវាងកម្ពុជា-ថៃ ត្រូវតែពិចារណាដោយមិនពាក់ព័ន្ធជាមួយពន្ធទំនិញ ដែលថៃចាត់ទុកពន្ធទំនិញ គឺជាពាណិជ្ជកម្មទ្វេភាគីរវាងថៃ-អាមេរិក ។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ប្រធានាធិបតីអាមេរិក លោក Trump បានទូរស័ព្ទមកជជែកជាមួយនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul ដោយសំណូមពរឱ្យរដ្ឋាភិបាលថៃបន្តគោរពកិច្ចព្រមព្រៀងសន្តិភាព និងបញ្ឈប់ការឈ្លានពានកម្ពុជាជាបន្ទាន់ ។ ប៉ុន្តែនាយករដ្ឋមន្ត្រីថៃនិយាយមួលបង្កាច់ថា កម្ពុជាមិនគោរពតាមកិច្ចព្រមព្រៀងសន្តិភាព ខណៈថៃគោរពយ៉ាងម៉ឺងម៉ាត់រហូតមក ៕