ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានបង្ហោះសារក្នុងហ្វេសប៊ុកនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោយពីជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ដោយទម្លាក់កំហុសលើកម្ពុជាមិនគោរពកិច្ចព្រមព្រៀងសន្តិភាពដែលចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួរ និងប្រាប់មេដឹកនាំអាមេរិក-ម៉ាឡេស៊ី ឱ្យប្រាប់កម្ពុជាគោរពកិច្ចព្រមព្រៀងសន្តិភាពយ៉ាងម៉ឺងម៉ាត់ កុំរារាំងការដោះមីនរបស់ថៃ ។.jpg)
នៅថ្ងៃទី១៥ ខែវិច្ឆិកា លោកនាយករដ្ឋមន្ត្រី Anutin បង្ហោះសារក្នុងហ្វេសប៊ុកថា កាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា លោកបានទទួលទូរស័ព្ទរបស់ប្រធានាធិបតីអាមេរិក លោក Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Ibrahim ដោយមេដឹកនាំទាំង២រូបពិភាក្សាពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងសំណូមពរឱ្យរដ្ឋាភិបាលថៃបន្តគោរពកិច្ចព្រមព្រៀងសន្តិភាពដែលចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួរ ។
នាយករដ្ឋមន្ត្រីថៃបង្ហាញពីគោលជំហររបស់រដ្ឋាភិបាលថៃទៅកាន់មេដឹកនាំទាំង២រូបក្នុងឋានៈជាសាក្សីនៃពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ព្រមទាំងចោទប្រកាន់កម្ពុជាមិនគោរពកិច្ចព្រមព្រៀងសន្តិភាព ដើម្បីលាក់បាំងទោសកំហុសរបស់ថៃដែលជាភាគីផ្អាកកិច្ចព្រមព្រៀងសន្តិភាពក្រោមហេតុផលគ្រាប់មីន ។ លោក Anutin ថែមទាំងនិយាយបំភ្លៃប្រាប់លោកប្រធានាធិបតី Trump និងលោកនាយករដ្ឋមន្ត្រី Ibrahim ថា កម្ពុជាបង្កប់មីនថ្មីក្នុងទឹកដីថៃ ក្រោយប្រទេសទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ។.jpg)
ហេតុនេះ ទើបរដ្ឋាភិបាលថៃផ្អាកកិច្ចព្រមព្រៀងសន្តិភាព លុះត្រាតែកម្ពុជាយល់ស្របតាមការចោទប្រកាន់ និងការទម្លាក់កំហុសរបស់ថៃ ហើយចង់ឱ្យកម្ពុជាសូមទោសពលរដ្ឋថៃផងដែរ ។ ការបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពនេះក្នុងបំណងការពារអធិបតេយ្យ ផ្តល់សុវត្ថិភាព និងការពារទ្រព្យសម្បត្តិរបស់ជនជាតិថៃ ។ ក្រៅពីនេះ លោក Anutin ក៏បានឱ្យលោកប្រធានាធិបតី Trump និងលោកនាយករដ្ឋមន្ត្រី Ibrahim ប្រាប់ទៅកម្ពុជាឱ្យគោរព និងអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពយ៉ាងម៉ឺងម៉ាត់ ព្រមទាំងកុំឱ្យកម្ពុជារារាំងការដោះមីនរបស់កងទ័ពថៃ ។
នាយករដ្ឋមន្ត្រីថៃនិយាយលាបពណ៌ថា កម្ពុជាបង្កប់មីនថ្មីធ្វើឱ្យកងទ័ពថៃរងរបួស និងដាច់ជើងកាលពីថ្ងៃទី១០ ខែវិច្ឆិកា ប៉ុន្តែមិនទទួលស្គាល់កំហុស ទើបថៃពិបាកបន្តកិច្ចព្រមព្រៀងសន្តិភាព ។ រដ្ឋាភិបាលថៃរីករាយសហការជាមួយប្រទេសនានាដើម្បីបង្កើតសន្តិភាពក្នុងតំបន់អាស៊ាន ប៉ុន្តែមិនត្រូវការចងមិត្តជាមួយកម្ពុជាទេ ដោយនិយាយបំភ្លៃថា កម្ពុជាមិនស្មោះត្រង់ និងល្មើសអធិបតេយ្យថៃគ្រប់ពេលវេលា ។ នាយករដ្ឋមន្ត្រីថៃបានលើកពីគុណបំណាច់ថៃធ្លាប់ជួយជនភៀសសឹកកម្ពុជាកាលពីសម័យសង្គ្រាម រដ្ឋាភិបាលថៃគ្មានចេតនាឈ្លានពានកម្ពុជាទេ គ្រាន់តែការពារអធិបតេយ្យប៉ុណ្ណោះ ។.jpg)
ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រីថៃបានសុំឱ្យលោកប្រធានាធិបតី Trump ទម្លាក់ពន្ធទំនិញថៃបន្ថែមទៀត ពីព្រោះថៃបានសហការគ្រប់ផ្នែកជាមួយអាមេរិក ប៉ុន្តែប្រធានាធិបតីអាមេរិកឆ្លើយថា លោកបានទម្លាក់ពន្ធទំនិញថៃមកត្រឹមអត្រា១៩% គឺទាបបំផុតហើយ ។ រីឯលោកនាយករដ្ឋមន្ត្រី Ibrahim និយាយថា នឹងប្រញាប់ធ្វើឯកសារក្នុងនាមជាប្រធានអាស៊ានដើម្បីឱ្យកម្ពុជា-ថៃអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពបន្តទៀត ។
គួរបញ្ជាក់ថា ថៃបានចោទប្រកាន់កម្ពុជាបង្កប់មីនថ្មីដើម្បីយកលេសមិនដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូបដែលថៃចាប់ដោយខុសច្បាប់ និងយកលេសផ្អាកកិច្ចព្រមព្រៀងសន្តិភាព ថែមទាំងនិយាយមួលបង្កាច់កម្ពុជា ប្រាប់ទៅលោកប្រធានាធិបតី Trump និងលោកនាយករដ្ឋមន្ត្រី Ibrahim រឿងមីន ។ ការពិត ការផ្ទុះមីនគ្រាន់តែជាល្បិចរបស់ថៃប៉ុណ្ណោះ ដែលថៃធ្លាប់យកមកអនុវត្តដើម្បីទម្លាក់កំហុសលើកម្ពុជាជាបន្តបន្ទាប់ ។
ក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ម្តងហើយម្តងទៀតថា វាជាមីនចាស់បន្សល់ទុកពីសង្គ្រាមស៊ីវិលរបស់កម្ពុជា និងបដិសេធការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជា ពីព្រោះតាំងពីក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍ និងកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ ដោយមិនដែលដាក់មីនថ្មីគំរាមកំហែងសន្តិសុខ និងសុវត្ថិភាពរបស់មនុស្សជាតិឡើយ ប៉ុន្តែថៃនៅតែមិនស្តាប់ និងបន្តលាបពណ៌កម្ពុជាមិនឈប់ឈរ ៕










