ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានរងការស្តីបន្ទោសពីប្រធានគណបក្សប្រជាជន ឬគណបក្សប្រឆាំងកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោយសម្រេចចិត្តផ្អាកកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាជាឯកតោភាគី ដោយចោទប្រកាន់កម្ពុជាបង្កប់មីនថ្មីធ្វើឱ្យកងទ័ពថៃរងរបួស៣នាក់ និងដាច់ជើងស្តាំម្នាក់នៅតំបន់ព្រំដែនខេត្តស៊ីសាកេត ។ ប្រធានគណបក្សប្រឆាំងថា ថៃមិនគោរពកិច្ចព្រមព្រៀងសន្តិភាព គឺចាញ់ប្រៀបកម្ពុជាយ៉ាងខ្លាំង ពីព្រោះនាយករដ្ឋមន្ត្រីថៃគិតតែរឿងជាតិនិយមជ្រុលចង់ឱ្យពលរដ្ឋគាំទ្របន្តតំណែងនាយករដ្ឋមន្ត្រីនៅឆ្នាំ២០២៦ ។
តាមការចុះផ្សាយរបស់សារព័ត៌មាន The Better កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក Natthaphong Ruengpanyawut ប្រធានគណបក្សប្រជាជន ឬគណបក្សប្រឆាំងនៅប្រទេសថៃ បានរិះគន់លោកនាយករដ្ឋមន្ត្រី Anutin ក្រោយពីថៃប្រឌិតរឿងកម្ពុជាបង្កប់មីនថ្មីនៅព្រំដែនខេត្តស៊ីសាកេត ធ្វើឱ្យកងទ័ពថៃរងរបួស៣នាក់ និងដាច់ជើងស្តាំម្នាក់ ថាហេតុការណ៍នេះធ្វើឱ្យថៃប្រកាសផ្អាកកិច្ចព្រមព្រៀងសន្តិភាពជាឯកតោគី និងចាញ់ប្រៀបកម្ពុជាយ៉ាងខ្លាំងនៅលើពិភពលោក ។
ប្រធានគណបក្សប្រឆាំង លោក Natthaphong បានបង្ហាញការសោកស្តាយចំពោះកងទ័ពថៃដែលរងរបួសដោយសារការផ្ទុះមីនកាលពីថ្ងៃទី១០ ខែវិច្ឆិកា ព្រមទាំងចោទប្រកាន់កម្ពុជាបង្កប់មីនថ្មីធ្វើឱ្យថៃពុំអាចទទួលយកបាន ប៉ុន្តែលោករិះគន់នាយករដ្ឋមន្ត្រីថៃធ្វើឱ្យប្រទេសថៃបាត់បង់ឱកាសទាក់ទាញប្រទេសនានាឱ្យដាក់សម្ពាធកម្ពុជា ។ លោកថា ហេតុការណ៍ផ្ទុះមីនលើកចុងក្រោយ នាយករដ្ឋមន្ត្រីថៃគួរចាត់ការដោយមានហេតុផល និងអនុវត្តការទូត ដូចជា ៖ រាយការណ៍ទៅអាមេរិក និងម៉ាឡេស៊ី ក្នុងឋានៈប្រទេសទាំងពីរជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នៅទីក្រុងគូឡាឡាំពួរ ។
លោក Natthaphong ពុំគាំទ្រឱ្យនាយករដ្ឋមន្ត្រីថៃផ្អាកកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាទេ ពីព្រោះធ្វើឱ្យប្រទេសនានាបន្ទោស និងសួរមកកាន់ថៃ ហេតុអ្វីផ្អាកកិច្ចព្រមព្រៀងសន្តិភាព? ប្រធានគណបក្សប្រឆាំងបានសួរសំណួរទៅកាន់នាយករដ្ឋមន្ត្រីថៃថា តើកំពុងយករឿងជាតិនិយមជ្រុលដើម្បីឱ្យពលរដ្ឋបោះឆ្នោតគាំទ្របន្តតំណែងជានាយករដ្ឋមន្ត្រី មែនទេ?
ទន្ទឹមនឹងនេះ ប្រធានគណបក្សប្រឆាំងបានកំណត់វិធានការបន្ទាន់ទៅកាន់នាយករដ្ឋមន្ត្រីថៃក្នុងស្ថានការណ៍នេះ គឺជជែកផ្ទាល់ជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump និងមេដឹកនាំចិន ដើម្បីឱ្យប្រទេសមហាអំណាចទាំង២ឈប់គាំទ្រកម្ពុជា ។ បច្ចុប្បន្ន ប្រទេសថៃកំពុងធ្វើសង្គ្រាមព័ត៌មាន និងត្រូវការនាយករដ្ឋមន្ត្រីចេះគិតពិចារណាវែងឆ្ងាយ ដោយមិនត្រូវការនាយករដ្ឋមន្ត្រីប្រើប្រាស់កងទ័ពជាលេសដើម្បីចៀសវាងការទទួលខុសត្រូវនោះទេ ។
ការបណ្តោយឱ្យកងទ័ពសម្រេចចិត្តជំនួសនាយករដ្ឋមន្ត្រី គ្មានលទ្ធផលឡើយ វាអាចបំផ្លាញទាំងសន្តិភាព និងស្ថិរភាពក្នុងប្រទេស ។ ប្រសិនបើមានការប៉ះទង្គិចដោយអាវុធម្តងទៀតនឹងធ្វើឱ្យកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃត្រូវលុបចោលជារៀងរហូត ហើយថៃនឹងទទួលបានលទ្ធផលមិននឹកស្មានដល់ ហេតុនេះ ប្រធានគណបក្សប្រឆាំងបានអំពាវនាវឱ្យនាយករដ្ឋមន្ត្រីថៃងាកមកប្រកាន់យកគោលការណ៍អន្តរជាតិ បោះបង់គំនិតជាតិនិយមជ្រុល និងអនុវត្តការទូតដាក់សម្ពាធឱ្យកម្ពុជាចរចាឆ្ពោះទៅរកសន្តិភាពយូរអង្វែង ។
គួរបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី Anutin ធ្លាប់រងការរិះគន់យ៉ាងខ្លាំងពីសង្គមថៃ ក្រោយពីថា ពលរដ្ឋថៃល្មើសអធិបតេយ្យកម្ពុជានៅតំបន់ព្រំដែនខេត្តស្រះកែវ និងសំណូមពរឱ្យពលរដ្ឋថៃចាកចេញពីទឹកដីកម្ពុជា រដ្ឋាភិបាលថៃនឹងស្វែងរកទីលំនៅថ្មីឱ្យរស់នៅ ។ ពលរដ្ឋថៃខឹងសម្បារនាយករដ្ឋមន្ត្រីរបស់ខ្លួន និងគំរាមធ្វើបាតុកម្មទម្លាក់ពីតំណែង ឬបណ្តេញចេញពីប្រទេសថៃ បើហ៊ាននិយាយការពិត ឬបើកព្រំដែនឡើងវិញ ក្រោយមក លោកនាយករដ្ឋមន្ត្រី Anutin ក៏បានសុំទោស និងសន្យាគាំទ្រពលរដ្ឋ ។ ការផ្អាកកិច្ចព្រមព្រៀងសន្តិភាព គឺនាយករដ្ឋមន្ត្រីថៃមានបំណងឱ្យពលរដ្ឋបោះឆ្នោតគាំទ្រដើម្បីបន្តតំណែងនៅឆ្នាំ២០២៦ និងព្យាយាមបង្ហាញគំនិតជាតិនិយម ខ្លាំងជាងផលប្រយោជន៍ប្រទេស ៕










