ពេជ្រ វត្តីសារ៉ាវឌ្ឍី ត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនបញ្ចេញមតិរិះគន់ដោយមិនបានមើលពីកាលបរិច្ឆេទច្បាស់លាស់ សរសេររិះគន់ទាំងទទឹងទិសថាបង្ហោះវីដេអូរាំរែកក្នុងពេលដែលថៃវាយប្រហារមកលើប្រជាជនស្លូតត្រង់នៅភូមិព្រៃចាន់។
នៅវេលាម៉ោងជិត២រសៀលថ្ងៃទី១២ ខែវិច្ឆិកា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហោះវីដេអូ Trend មួយនៅលើបណ្តាញសង្គមនៃបទចម្រៀង «CHANEL» របស់ តារាចម្រៀង Tyla ដែលកំពុងតែក្តោបក្តាប់និន្នាការទូទាំងពិភពលោក។ ទោះយ៉ាងណា វីដេអូមួយនេះរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនចូលមកបញ្ចេញមតិរិះគន់ថានាងមិនយល់កាលៈទេសៈបង្ហោះវីដេអូរាំរែកស្របពេលយោធាថៃវាយប្រហារមកលើពលរដ្ឋស្លូតត្រង់។ .png)
មតិទាំងនោះបានរិះគន់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ថា «ប្រទេសជាតិកំពុងជួបបញ្ហា មកបែកស្លុយស្អី ?, នាងអើយហេតុអីមិនសូវដឹងអីចឹង ជាតិសាសន៍ខ្មែរកំពុងហូរទឹកភ្នែកតែនាងរាំលេងសប្បាយទៅវិញ។ , គេកំពុងបាញ់គ្នាស៊ីសខ្ចូត, ជាលើកទី៣ប្រទេសមានរឿង ចេញមករាំអីណា…»។
យ៉ាងណាមិញ ពាក្យរិះគន់ទាំងនេះត្រូវចាត់ទុកថាមិនសមហេតុផលនោះទេ ខណៈពេលដែល ហេតុការណ៍ដែលយោធាថៃវាយប្រហារមកលើពលរដ្ឋខ្មែរនៅវេលាម៉ោងជិត៤រសៀល ខណៈដែលនាងបង្ហោះវីដេអូខាងលើនេះនៅម៉ោងជិត២រសៀល។ នេះមានន័យថាអ្នកសរសេររិះគន់នោះគឺមិនបានពិនិត្យមើលមើលម៉ោងឱ្យបានច្បាស់លាស់ យល់ច្រឡំមកកាន់បវរកញ្ញារូបនេះ។ជាមួយគ្នានេះ នៅពេលដែលសកម្មភាពដ៏អាក្រក់របស់ថៃធ្វើមកលើកម្ពុជា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចេញទាំងសំណេរនិងវីដេអូបញ្ជាក់ថាថៃជាអ្នកបាញ់ប្រហារមកលើពលរដ្ឋខ្មែរ។
ការរិះគន់ដោយមិនបានពិចារណានេះទំនងកើតឡើងដោយសារតែកាលពីខែចុងខែឧសភា កន្លងទៅ ពេជ្រ វត្តីសារ៉ាវឌ្ឍី រងការរិះគន់ចាស់ដៃនៅពេលនាងរាំតាម Trend បទរបស់ Lisa សមាជិកក្រុមចម្រៀងនារី BLACKPINK ដោយសារប្រទេសទាំងពីរមានជម្លោះផ្ទុះអាវុធដាក់គ្នានៅតាមបន្ទាត់ព្រំដែន៕










