រយៈពេលថ្មីៗនេះពាក្យចចាមអារ៉ាមស្នេហារបស់ Jungkook សមាជិក BTS បានគ្របដណ្តប់ប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គមជាបន្តបន្ទាប់។ នៅកណ្តាលភាពចម្រូងចម្រាសនេះ Koreaboo ស្រាប់តែ «ជីកកកាយ»ពាក្យចចាមអារ៉ាមទាក់ទងជាមួយ Jungkook និងជាងសាក់ Lee Mijoo កាលពី ៦ ឆ្នាំមុន។ ជាមួយគ្នានេះតារាស្រីឬនារីណាម្នាក់ដែលមានពាក្យចចាមអារ៉ាមជាមួយសមាជិក BTS តែងតែជន់លិចជាមួយនឹងមតិយោបល់ជាច្រើនពីសហគមន៍អ្នកគាំទ្រ ខណៈតារាប្រុសរូបនេះក៏ក្លាយជាគោលដៅប្រធានបទដោយសារតែភាពល្បីល្បាញរបស់ខ្លួន។.png)
តាមប្រព័ន្ធផ្សព្វផ្សាយនេះបានរម្លឹកទៅកាលពីខែកញ្ញា ឆ្នាំ២០១៩ រូបភាព CCTV ដែលថតបាន Jungkook ឱប Lee Mijoo យ៉ាងស្និទ្ធស្នាលនោះ ត្រូវបានផ្សព្វផ្សាយពាសពេញអ៊ីនធឺណិត ដែលធ្វើឱ្យសហគមន៍អនឡាញមានភាពចលាចល ដោយគិតថាអ្នកទាំងពីរជាគូស្នេហ៍នៅពេលនោះ។ ភ្លាមៗនោះ ក្រុមហ៊ុនគ្រប់គ្រងរបស់ Jungkook បានបដិសេធយ៉ាងខ្លាំងចំពោះពាក្យចចាមអារ៉ាមនេះ ហើយបានបញ្ជាក់ថា Lee Mijoo គ្រាន់តែជាមិត្តជិតស្និទ្ធរបស់តារាចម្រៀងរូបនេះប៉ុណ្ណោះ។ អ្នកខាងក្នុងក៏បានបំភ្លឺផងដែរថា Jungkook និង Lee Mijoo បានជួបគ្នាតាមរយៈមិត្តភ័ក្តិទៅវិញទៅមក ហើយបានស្និទ្ធស្នាលគ្នា។ រូបថតដែលថតទំនាក់ទំនងស្និទ្ធស្នាលរបស់ Jungkook ជាមួយ Lee Mijoo ត្រូវបានថតពេលចេញក្រៅជាក្រុមប៉ុន្តែអ្នកមួយចំនួនបានបំផ្លើសបំភ្លៃព័ត៌មាន បង្វែររូបថតក្រៅឆាកធម្មតាទៅជាព័ស្តុតាងណាត់ជួប។

បន្ថែមពីលើការជីកកកាយរឿងចាស់ អ្នកយកព័ត៌មានពី Koreaboo ក៏បានបង្ហាញពីការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងជីវិតរបស់ Lee Mijoo បន្ទាប់ពីរឿងចម្រូងចម្រាសនេះកើតឡើង។ ប្រភពបានបញ្ជាក់ថា Lee Mijoo បានក្លាយជាគោលដៅនៃការវាយប្រហារពីសហគមន៍អ្នកគាំទ្ររបស់ Jungkook បន្ទាប់ពីលេចមុខក្នុងទំនាក់ទំនងស្នេហាជាមួយតារាប្រុសដ៏ល្បីល្បាញ។ លេខទូរស័ព្ទរបស់នាង ត្រូវបានបែកធ្លាយតាមប្រព័ន្ធអ៊ីនធឺណិត ធ្វើឱ្យនាងទទួលការហៅចូលពីលេខចម្លែកៗពេញមួយថ្ងៃ អស់រយៈពេលយ៉ាងយូរ រួមទាំងពីការខលពីក្រៅប្រទេសផងដែរ។ សូម្បីតែព័ត៌មានផ្ទាល់ខ្លួនរបស់គ្រួសារ Lee Mijoo ក៏ត្រូវបានបែកធ្លាយ ហើយអ្នកណាក៏ដោយដែលទាក់ទងជាមួយនាង ត្រូវតែស៊ូទ្រាំនឹងការយាយី និងការឈ្លានពានពីអ្នកគាំទ្រ Jungkook ។
ភាពភ័យរន្ធត់យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្ររបស់តារាចម្រៀងប្រុសរូបនេះបានធ្វើឱ្យ Lee Mijoo ផ្លាស់ប្តូរទៅជាមនុស្សផ្សេងក្នុងទិសដៅអវិជ្ជមាន។ ពីអ្នកដែលមិនធ្លាប់ប៉ះពាល់គ្រឿងស្រវឹង ស្រាប់តែនាងក្លាយជាអ្នកញៀនស្រា ធ្វើឱ្យសូម្បីតែមិត្តជិតស្និទ្ធរបស់នាងក៏ពិបាកសម្គាល់នាងដែរ។ ដោយឃើញពីការឈឺចាប់ និងការអាក់អន់ចិត្តដែល Lee Mijoo ត្រូវស៊ូទ្រាំ មិត្តជិតស្និទ្ធម្នាក់របស់នាងមានការព្រួយបារម្ភយ៉ាងខ្លាំងថា នាងនឹងគិតធ្វើរឿងឆោតល្ងង់។ ឧប្បត្តិហេតុនេះបានបន្សល់ទុកនូវរបួសផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរនៅក្នុងបេះដូងរបស់ Lee Mijoo ។ រហូតមកដល់ពេលនេះនាងនៅតែត្រូវកំណត់ទំព័រផ្ទាល់ខ្លួនរបស់នាងទៅព្រោះខ្លាចត្រូវបានវាយប្រហារនិងរំខានពីអ្នកគាំទ្រ Jungkook ។
នៅក្នុងផ្នែកចុងក្រោយនៃអត្ថបទ Koreaboo បានសង្កត់ធ្ងន់ថា Jungkook មិនចាំបាច់ទទួលខុសត្រូវចំពោះសំណាងអាក្រក់ដែល Lee Mijoo ត្រូវឆ្លងកាត់នោះទេ។ តាមពិតទៅគឺជាអ្នកគាំទ្រដែលវាយប្រហារនាង ដែលសមទទួលការថ្កោលទោសជាសាធារណៈ។ ហើយសកម្មភាពរបស់អ្នកគាំទ្រទាំងនេះបានប៉ះពាល់យ៉ាងខ្លាំងដល់មុខមាត់ និងកេរ្តិ៍ឈ្មោះដែល Jungkook និង BTS បានខិតខំកសាង៕










