ក្រោយឃើញសកម្មភាពឈ្លានពានយ៉ាងកម្រោលមកលើកម្ពុជា និងធ្វើទុកបុកម្នេញសូម្បីតែប្រជាជនស្លូតត្រង់ពីសំណាក់យោធាថៃ អ្នកជំនាញខាងសេដ្ឋកិច្ចកម្ពុជាម្នាក់យល់ឃើញថា គួរបិទការនាំចូលទំនិញថៃទាំងស្រុងតែម្ដង ព្រោះជារៀងរាល់ឆ្នាំថៃទទួលបានចំណូលរាប់ពាន់លានដុល្លារពីការនាំចេញទំនិញមកកាន់កម្ពុជា។
យោងតាមប្រសាសន៍របស់លោកបណ្ឌិត គី សិរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហោះសំណេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា លោក«សូមស្នើឱ្យរដ្ឋាភិបាល បិទកុំឱ្យទំនិញថៃចូលមកក្នុងប្រទេសកម្ពុជាទាំងស្រុង។» លើកឡើងនេះធ្វើឡើងក្រោយពេលដែលយោធាថៃ បានបើកការបា.ញ់ប្រហារដោយគ្មានមូលហេតុមកលើកម្ពុជា នៅភូមិព្រៃចាន់ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបណ្ដាលឲ្យជនសុីវិលម្នាក់ស្លា.ប់ភ្លាមៗនៅកន្លែងកើតហេតុ និងរងរបួសចំនួន ៣នាក់។.jpg)
ការលើកឡើងខាងលើរបស់លោកបណ្ឌិត ធ្វើឡើងស្របពេលដែលប្រជាជនកម្ពុជាទូទៅកំពុងធ្វើពហិការលើទំនិញប្រើប្រាស់គ្រប់ប្រភេទរបស់ថៃ ក្នុងគោលបំណងធ្វើឲ្យថៃខាតបង់ប្រាក់ចំណូលនៅពេលមានជម្លោះជាមួយកម្ពុជា។ តែទោះជាយ៉ាងណា ចលនានេះនៅមិនទាន់អាចធ្វើទៅបានទាំងស្រុងនោះទេ ដោយសារនៅមានក្រុមហ៊ុន អ្នករកសុី ឬអាជីវករខ្លះនៅតែបន្តយកផលិតផលថៃមកដាក់លក់ក្នុងទីផ្សារកម្ពុជា ចំពេលដែលមនុស្សមួយចំនួននៅតែនិយមទិញប្រើប្រាស់ ដែលស្មើនឹងការការបន្តផ្ដល់ចំណូលដល់ថៃ។
គួរបញ្ជាក់ថា ក្រៅពីបិទច្រកព្រំដែនគោកទាំងស្រុង តាមពិតទៅរាជរដ្ឋាភិបាលកម្ពុជាកាលពីខែសីហាកន្លងទៅ ក៏បានចេញសេចក្ដីប្រកាសហាមឃាត់ទំនិញថៃមួយចំនួនមិនឲ្យនាំចូលមកកម្ពុជាផងដែរ។ ក្នុងនោះរួមមានមុខទំនិញប្រភេទបន្លែ សាច់ និងផ្លែឈើគ្រប់ប្រភេទ រួមជាមួយប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈជាដើម។ ដោយឡែក មុខទំនិញផ្សេងទៀត ក្រៅពីមុខទំនិញទាំងនេះ គឺអាចនៅបន្តនាំចូលបានជាធម្មតាដោយបំពេញបែបបទ និងនីតិវិធីកំណត់ ដោយលិខិតបទដ្ឋានជាធរមាន។
បើទោះជាមិនមានបទបញ្ជាឲ្យបិទការនាំចេញ/នាំចូលទំនិញទាំងស្រុង ប៉ុន្តែប្រមុខថ្នាក់ដឹកនាំកម្ពុជា រួមទាំងសម្ដេចតេជោ ហ៊ុន សែន ធ្លាប់មានប្រសាសន៍ថា លោកគាំទ្រឲ្យប្រជាពលរដ្ឋនាំគ្នាធ្វើពហិការដោយការពិចារណាលើផលិតផលថៃ។ លើសពីនេះ ចំពោះបញ្ហាបិទច្រកព្រំដែនលោកក៏ធ្លាប់បានបញ្ជាក់ដែរថា ទោះជាថៃចង់បិទ១០០ឆ្នាំទៀត ក៏កម្ពុជាមិនដាច់ពោះស្លាប់នោះដែរ។ .jpg)
ផ្ទុយទៅវិញ ប្រទេសថៃឯណោះ សព្វថ្ងៃខាងសេដ្ឋវិទូតែងព្រមានពីផលប៉ះពាល់ធ្ងន់ធ្ងរសម្រាប់សេដ្ឋកិច្ចថៃ ប្រសិនបើជម្លោះប្រដាប់អាវុធតាមព្រំដែនជាមួយកម្ពុជាផ្ទុះឡើងជាថ្មី ដោយការនាំចេញ វិស័យទេសចរណ៍ និងទីផ្សារការងារនឹងរងសម្ពាធខ្លាំងជាងគេ។ លោកស្រី Nuttaporn Triratanasirikul អនុប្រធានគ្រប់គ្រងនៃមជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn បានថ្លែងដោយដកស្រង់តួលេខពីរដ្ឋាភិបាលថា ការបិទព្រំដែនជាមួយកម្ពុជា នឹងធ្វើឱ្យថៃខាតបង់ផលិតផលក្នុងស្រុកសរុប (GDP) រហូតដល់ ១០០ ពាន់លានបាត (ប្រហែលជាង ៣០លានដុល្លារអាមេរិក) ខណៈធុរកិច្ចថៃបានខាតបង់ប្រមាណ ១៥ ពាន់លានបាត (៤៥៨ លានដុល្លារ) ក្នុងមួយខែ។ របាយការណ៍នេះបានគណនាទុកមុនថា ការខាតបង់សរុបអាចនឹងឈានដល់ ១០០ ពាន់លានបាត (៣.១ ពាន់លានដុល្លារ) ប្រសិនបើព្រំដែននៅតែបន្តបិទរហូតដល់ចុងឆ្នាំ៕










