ប្រទេសថៃ ៖ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ សារព័ត៌មានម៉ាឡេស៊ី Bernama បានផ្សាយពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) រកឃើញថា គ្រាប់មីនដែលកងទ័ពថៃដើរជាន់រងរបួសកាលពីថ្ងៃទី១០ ខែវិច្ឆិកា មិនមែនជាមីនថ្មីទេ ការផ្សាយនេះផ្ទុយពីការចោទប្រកាន់របស់ថៃទាំងស្រុងថា ជាមីនថ្មីដែលកម្ពុជាទើបបង្កប់ ។ ថៃបានរឿងប្រឌិតដើម្បីចោទប្រកាន់ ទម្លាក់កំហុស បង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា និងជាលេសបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពធ្វើឱ្យស្ថានការណ៍តានតឹងអូសបន្លាយ ។ ក្រោយការចុះផ្សាយរបស់សារព័ត៌មានម៉ាឡេស៊ីធ្វើឱ្យអតីតសមាជិកព្រឹទ្ធសភាថៃខឹងសម្បារ និងបន្ទោសរដ្ឋមន្ត្រីការបរទេសថៃ ហេតុអ្វីបណ្តោយឱ្យម៉ាឡេស៊ីនិយាយបែបនេះ ។
ថៃបានព្យាយាមបំភ្លៃ និងចោទប្រកាន់កម្ពុជាបង្កប់មីនថ្មីធ្វើឱ្យកងទ័ពខ្លួនជាន់រងរបួសនៅតំបន់ព្រំដែនកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ហើយថៃក៏យកលេសគ្រាប់មីនធ្វើជាមូលហេតុមិនដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូប និងបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាជាឯកតោភាគី ។ ក្រោយពីទម្លាក់កំហុសលើកម្ពុជាបង្កប់មីនថ្មី ថៃបានបញ្ជូនអាវុ.ធ និងកម្លាំងទ័ពមកព្រំដែនឡើងវិញ ហើយបា.ញ់យ៉ាងសាហា.វឃោ.រឃៅ និងអមនុស្សធម៌មកលើពលរដ្ឋខ្មែរស្លូតត្រង់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យពលរដ្ឋខ្មែររងរបួសជាច្រើននាក់ និងបាត់ប.ង់ជីវិតម្នាក់ ។
នៅថ្ងៃទី១៤ ខែវិច្ឆិកានេះ លោក Somchai Swangkarn អតីតសមាជិកព្រឹទ្ធសភា និងជាអតីតប្រធានគណៈកម្មការសិទ្ធិមនុស្សនៅប្រទេសថៃ បានបន្ទោសរដ្ឋមន្ត្រីការបរទេសថៃមិនគួរឱ្យបណ្តោយឱ្យម៉ាឡេស៊ីនិយាយនៅខាងកម្ពុជាថា កងទ័ពថៃដើរជាន់មីនរងរបួសនាពេលថ្មីៗនេះ គឺជាមីនចាស់ ។ លោកបានបង្ហោះសារក្នុងហ្វេសប៊ុក តើថៃមានក្រសួងការបរទេសដើម្បីអ្វី? ថៃបានរកឃើញមីន PMN-2 ទើបបង្កប់ថ្មីចំនួន៤គ្រាប់ ក្រសួងការបរទេសថៃមិនគួរបណ្តោយឱ្យរដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ីនិយាយថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) រកឃើញមីនចាស់ និងឱ្យថៃអត់ធ្មត់បន្តការចរចាជាមួយកម្ពុជានៅម៉ាឡេស៊ី ។
លោក Somchai សំណូមពរឱ្យរដ្ឋមន្ត្រីក្រសួងការបរទេសថៃឆ្លើយតបទៅម៉ាឡេស៊ី ឬអញ្ជើញរដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ីមកពិនិត្យមើលផ្ទាល់ភ្នែកនៅតំបន់ហួយតាម៉ារៀ ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត និងពិនិត្យមើលនៅតំបន់ព្រំដែនកម្ពុជា-ថៃ ដើម្បីទម្លាក់កំហុសលើកម្ពុជាបង្កប់មីនថ្មី ។ លោកចោទប្រកាន់កម្ពុជាបំពានបទឈប់បាញ់ និងបំពានកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡាំពួរ ទើបរដ្ឋាភិបាល និងកងទ័ពថៃបង្កើនវិធានការតឹងរ៉ឹងដើម្បីការពារអធិបតេយ្យ ។
អតីតសមាជិកព្រឹទ្ធសភារូបនេះមិនចង់ឱ្យម៉ាឡេស៊ីជួយសម្របសម្រួលក្នុងជម្លោះព្រំដែនកម្ពុជា-ថៃទេ ហើយចាត់ទុកម៉ាឡេស៊ីជ្រៀតជ្រែករឿងប្រទេសជិតខាង ដែលជាជម្លោះទ្វេភាគីរវាងកម្ពុជា-ថៃ ។ លើសពីនេះ លោករិះគន់ម៉ាឡេស៊ីដែលស្នើឱ្យកម្ពុជា-ថៃចរចាពហុភាគី និងចោទប្រកាន់ម៉ាឡេស៊ីធ្វើឱ្យការដោះស្រាយបញ្ហារវាងកម្ពុជា-ថៃអូសបន្លាយមិនចប់ ។
គួរបញ្ជាក់ថា ក្រោយពីសារព័ត៌មានម៉ាឡេស៊ី Bernama ចុះផ្សាយពីកងទ័ពថៃដើរជាន់មីនចាស់ មិនមែនជាមីនថ្មីដូចការចោទប្រកាន់របស់ថៃ ធ្វើឱ្យសង្គមថៃរិះគន់ម៉ាឡេស៊ីថា នៅខាងកម្ពុជា និងតវ៉ាឱ្យម៉ាឡេស៊ីកែប្រែការផ្សាយព័ត៌មានមីន ដោយប្តូរពាក្យពី «មីនចាស់» ទៅជា «មីនថ្មី» វិញ ។ បើទោះជាសារព័ត៌មានម៉ាឡេស៊ីបានកែប្រែការផ្សាយ ដោយបញ្ជាក់ថា តាមការស្រាវជ្រាវរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) គឺកងទ័ពថៃដើរជាន់មីនថ្មី ប៉ុន្តែមិនមែនមានន័យថា គឺជាមីនរបស់កម្ពុជានោះទេ ។
កន្លងមក រាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានបញ្ជាក់ជាច្រើនលើកថា ប្រទេសកម្ពុជាក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ស្ដីពីការហាមឃាត់ការប្រើប្រាស់មីនប្រឆាំងមនុស្ស បានព្យាយាមបោសសម្អាត និងកម្ទេចចោលនូវសំណល់ជាតិផ្ទុះរាប់លានគ្រាប់មកហើយ ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាចិត្តយ៉ាងមុតមាំ គោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ ដោយមិនប្រើប្រាស់មីនថ្មីដាច់ខាត ៕










