ម៉ាឡេសុី៖ គេហទំព័រ Bernama ដែលជាបណ្ដាញព័ត៌មានដ៏ធំមួយរបស់ម៉ាឡេសុី បានសម្ដែងការសោ.កស្ដាយយ៉ាងខ្លាំងចំពោះកំហុសបច្ចេកទេសក្នុងការបកប្រែពាក្យពីរបាយការណ៍របស់ AOT ហើយបានចុះផ្សាយថា គ្រាប់មីនដែលទាហានថៃបានដើរជាន់គឺជា «មីនចាស់» ដោយសូមកែសម្រួលពាក្យឡើងវិញថាគ្រាប់មីននោះ គឺជា«មីនថ្មី»វិញ។.jpg)
នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ សារព័ត៌មាន Bernama ធ្វើសេចក្ដីថ្លែងការថ្មីមួយថា ពួកគេមានការសោ.កស្ដាយចំពោះការបកប្រែខុសនៃព័ត៌មានជាភាសាអង់គ្លេសរបស់ខ្លួនកាលពីយប់ថ្ងៃព្រហស្បត្តិ៍ទី១៣ ដែលបានដកស្រង់សម្តីខុសរបស់រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី Mohamad Hasan ដែលនិយាយថា មីននៅតំបន់ព្រំដែនថៃ-កម្ពុជា ដែលបានផ្ទុះ និងនាំឱ្យទាហានថៃម្នាក់បាត់បង់កជើងស្តាំ គឺជា «មីនចាស់»។ គេបានគូសបញ្ជាក់ថា តាមពិតទៅ វាគឺជា «មីនថ្មី»នោះទេ។
ទីភ្នាក់ងារព័ត៌មានរដ្ឋរបស់ម៉ាឡេសុីមួយនេះបានបកស្រាយថា កំហុសនេះកើតឡើងដោយសារតែភាពខ្វះចន្លោះ នៅពេលដែលរឿងនេះត្រូវបានបកប្រែពីភាសាម៉ាឡេទៅជាភាសាអង់គ្លេស ដោយរដ្ឋមន្រ្តីការបរទេសនៅ Bahasa Melayu បានផ្លាស់ប្ដូរអត្ថន័យនៃសេចក្ដីថ្លែងការណ៍របស់គាត់ដោយអចេតនា។ ជាពិសេសត្រង់ចំណុចលទ្ធផលនៃការស៊ើបអង្កេតពីមីនរបស់ AOT។
កំហុសនេះ បង្កើតបានជាការយល់ច្រលំដ៏ធ្ងន់ធ្ងរដល់ប្រព័ន្ធផ្សព្វផ្សាយទាំងកម្ពុជា និងថៃ ដែលនាំឲ្យមានការជជែកវែកញែកយ៉ាងក្ដៅគគុក។
យ៉ាងណាមិញ បើទោះជារបាយការណ៍ស៊ើបអង្កេតរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ពិតជារកឃើញថា មីនដែលទាហានថៃបានដើរជាន់កាលពីថ្ងៃទី១០ ខែវិច្ឆិកា គឺជាមីនថ្មីមែន ប៉ុន្តែវាមិនបានន័យថា នោះគឺជាមីនរបស់កម្ពុជានោះដែរ។
កន្លងមក រាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានបញ្ជាក់ជាច្រើនលើកមកហើយថា ប្រទេសកម្ពុជាក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ស្ដីពីការហាមឃាត់ការប្រើប្រាស់មីនប្រឆាំងមនុស្ស បានព្យាយាមបោសសម្អាតនិងកម្ទេចចោលនូវសំណល់ជាតិផ្ទុះរាប់លានគ្រាប់មកហើយ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាចិត្តយ៉ាងមុតមាំ ថានឹងគោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ ដោយមិនប្រើប្រាស់មីនថ្មីជាដាច់ខាត៕










