ប្រទេសចិន ៖ តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថានការណ៍តានតឹងនៅអាស៊ីបូព៌ាបានកើតឡើងជាថ្មីម្តងទៀត នៅពេលរដ្ឋាភិបាលចិនកោះហៅមន្ត្រីស្ថានទូតជប៉ុនប្រចាំប្រទេសចិន មកបំភ្លឺជាបន្ទាន់កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ក្រោយពីនាយករដ្ឋមន្ត្រីថ្មីជប៉ុន លោកស្រី Sanae Takaichi និយាយមកកាន់រដ្ឋសភាថា ជប៉ុនអាចនឹងបញ្ជូនកងទ័ពទៅជួយតៃវ៉ាន់ ប្រសិនបើមានការវាយប្រ.ហារពីបរទេស ។ រដ្ឋាភិបាលក្រុងប៉េកាំងយល់ថា វាជាកំហុសដ៏ធ្ងន់ធ្ងរ និងស្នើឱ្យនាយករដ្ឋមន្ត្រីជប៉ុនដកពាក្យសម្តីរបស់ខ្លួន ។
អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Sun Weidong បានកោះហៅឯកអគ្គរដ្ឋទូតជប៉ុនប្រចាំប្រទេសចិន លោក Kenji Kanasugi មកជួប និងតវ៉ាជាផ្លូវការ ដោយចិនសំណូមពរឱ្យនាយករដ្ឋមន្ត្រីជប៉ុនកែពាក្យសម្តីមិនសមរម្យរបស់ខ្លួនជាបន្ទាន់ ។ រីឯអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian និយាយថា ចិនមិនយល់ព្រមដាច់ខាត ប្រសិនបើជប៉ុនមិនកែប្រែពាក្យសម្តីវិញទេ ជប៉ុននឹងទទួលលទ្ធផលនាពេលក្រោយ ពីព្រោះតៃវ៉ាន់ជាទឹកដីរបស់ចិន ចិននឹងប្រើប្រាស់កម្លាំងកងទ័ពដើម្បីបង្រួបបង្រួមកោះតៃវ៉ាន់ ។.jpg)
កាលពីថ្ងៃទី១៣ ខែវិចិ្ឆកា នាយករដ្ឋមន្ត្រីថ្មីជប៉ុន លោកស្រី Sanae Takaichi បាននិយាយមកកាន់រដ្ឋសភាជប៉ុនថា បើមានហេតុការណ៍បន្ទាន់នៅតៃវ៉ាន់កាន់តែតានតឹងរហូតឈានដល់ប្រើប្រាស់នាវាចម្បាំង ឬកម្លាំងកងទ័ពដែលគំរាមកំហែងប្រទេសជប៉ុន ជប៉ុននឹងប្រើប្រាស់សិទ្ធិការពារខ្លួន និងអាចបញ្ជូនកម្លាំងកងទ័ពទៅជួយតៃវ៉ាន់ ។
បន្ទាប់ពីរងការរិះគន់ខ្លាំងពីអ្នកលេងបណ្តាញសង្គមចិន នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ក៏បកស្រាយថា នេះគ្រាន់តែជាការឧបមាប៉ុណ្ណោះ លោកស្រីនឹងមិននិយាយបែបនេះជាមួយរដ្ឋសភាជប៉ុនទៀតទេ ។ ទោះយ៉ាងណា លោកស្រីមិនដកពាក្យសម្តីរបស់ខ្លួនឡើយ ពីព្រោះវាស្របនឹងគោលជំហរសន្តិសុខរបស់រដ្ឋាភិបាលជប៉ុន ។.png)
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានព្រមានកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ថា បើជប៉ុនបញ្ជូនកងទ័ពមកចូលរួមក្នុងជម្លោះតៃវ៉ាន់ ចិននឹងចាត់ទុកជាអំពើឈ្លានពាន និងបង្កើនជម្លោះការទូតដោយសារពាក្យសម្តីរបស់នាយករដ្ឋមន្ត្រីជប៉ុន ។ ចិននឹងការពាអធិបតេយ្យរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ ដោយប្រឆាំងដាច់ខាតចំពោះពាក្យសម្តីនេះ បញ្ហាតៃវ៉ាន់គឺជាកិច្ចការផ្ទៃក្នុងរបស់ចិន ជប៉ុនមិនគួរលេងជាមួយភ្លើងទេ ពីព្រោះវាធ្វើឱ្យទំនាក់ទំនងរវាងចិន-ជប៉ុនដែលកំពុងតានតឹងកាន់តែធ្លាក់ចុះ ។.png)
គួរបញ្ជាក់ថា ការរិះគន់នាយករដ្ឋមន្ត្រីជប៉ុនក្នុងបណ្តាញសង្គមចិនបានផ្ទុះខ្លាំងឡើង ក្រោយពីមន្ត្រីកុងស៊ុលចិនប្រចាំទីក្រុងអូសាកា បង្ហោះសារក្នុងបណ្តាញសង្គម X ថា ចិននឹងចាត់វិធានការដោយមិនស្ទាក់ស្ទើរ ។ បើទោះជាការបង្ហោះនេះមិនបញ្ចេញឈ្មោះសំដៅលើអ្នកណាម្នាក់ ប៉ុន្តែមន្ត្រីកុងស៊ុលចិនបានដកស្រង់ពាក្យសម្តីរបស់លោកស្រី Sanae Takaichi និងលុបសារវិញនាពេលបន្ទាប់ ៕










