ប្រទេសថៃ ៖ ស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃតានតឹងឡើងវិញក្រោយពីថៃចោទប្រកាន់កម្ពុជាបង្កប់មីនថ្មីនៅព្រំដែនធ្វើឱ្យកងទ័ពខ្លួនរងរបួស ហើយនាយករដ្ឋមន្ត្រីថៃក៏បញ្ចប់កិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាជាឯកតោភាគី ។ ថ្មីៗនេះ កងទ័ពថៃបានបា.ញ់យ៉ាងសាហា.វឃោ.រឃៅ និងអមនុស្សធម៌មកលើពលរដ្ឋខ្មែរស្លូតត្រង់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យពលរដ្ឋខ្មែររងរបួសជាច្រើននាក់ និងបាត់ប.ង់ជីវិតម្នាក់ ។ ការបង្កអំពើហិង្សារបស់ថៃធ្វើឱ្យស្ថានទូតចិនប្រចាំប្រទេសថៃបារម្ភ និងបង្ហោះសារក្នុងហ្វេសប៊ុកកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ត្រៀមខ្លួនជួយកាត់បន្ថយស្ថានការណ៍ព្រំដែនតានតឹងរវាងកម្ពុជា-ថៃ ។
ស្ថានទូតចិននៅទីក្រុងបាងកក បានបង្ហាញគោលជំហរជួយកាត់បន្ថយស្ថានការណ៍តានតឹងរវាងកម្ពុជា-ថៃ ហើយស្ថានទូតចិនសង្ឃឹមប្រទេសទាំងពីរងាកមកចរចាគ្នាស្វែងរកសន្តិភាពឡើងវិញក្នុងលក្ខណៈមិត្តភាព ដោយប្រើប្រាស់យន្តការទ្វេភាគីដែលមានស្រាប់ដើម្បីស្វែងរកដំណោះស្រាយព្រំដែន ។ ការបង្ហោះសាររបស់ស្ថានទូតចិននេះ ក្រោយពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃឡើងកំដៅដោយសារថៃចោទប្រកាន់កម្ពុជាបង្កប់មីនថ្មីនៅព្រំដែនធ្វើឱ្យកងទ័ពខ្លួនរងរបួស នាយករដ្ឋមន្ត្រីថៃក៏បញ្ចប់កិច្ចព្រមព្រៀងសន្តិភាពភ្លាមៗ និងមានការបាញ់ប្រហារពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ បណ្តាលឱ្យរងរបួស និងបាត់បង់ជីវិត ។
តាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian ក្នុងឋានៈជាមិត្ត និងជាប្រទេសជិតខាងរបស់កម្ពុជា-ថៃ ចិនសង្ឃឹមយ៉ាងមុតមាំថា កម្ពុជា-ថៃនឹងអត់ធ្មត់ដើម្បីស្វែងរកសន្តិភាពរវាងប្រទេសទាំងពីរ និងប្រកាន់ខ្ជាប់នូវការចរចាក្នុងលក្ខណៈមិត្តភាព ។ ប្រទេសទាំងពីរគួរតែប្រើប្រាស់យន្តការទ្វេភាគីដែលមានស្រាប់ឱ្យក្លាយជាប្រយោជន៍ដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែនឱ្យឆាប់រហ័ស ព្រមទាំងការពារមិនឱ្យមានស្ថានការណ៍តានតឹងកើតឡើង ហើយចិននឹងជំរុញសន្តិភាពកម្ពុជា-ថៃតាមរយៈវិធីរបស់ចិនបន្តទៀត ។
ក្រៅពីចិន ម៉ាឡេស៊ីក៏បានជំរុញឱ្យកម្ពុជា-ថៃចរចារកដំណោះស្រាយព្រំដែនដោយសន្តិវិធី និងជួយសម្របសម្រួលឱ្យប្រទេសទាំងពីរឈានទៅរកសន្តិភាពបន្តទៀត ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពដែលចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមវត្តមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ។ពេលនេះ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) រកឃើញថា គ្រាប់មីនដែលកងទ័ពថៃដើរជាន់ផ្ទុះកាលពីថ្ងៃទី១០ ខែវិច្ឆិកា មិនមែនជាគ្រាប់មីនថ្មីទេ ដែលផ្ទុយពីការចោទប្រកាន់របស់ថៃទាំងស្រុងថា កម្ពុជាទើបបង្កប់ថ្មី ។
ដូចគ្នានេះ អាមេរិកបានជំរុញឱ្យកម្ពុជា-ថៃគោរពកិច្ចព្រមព្រៀងសន្តិភាព គោរពបទឈប់បាញ់ និងកាត់បន្ថយស្ថានការណ៍តានតឹងនៅតាមបណ្តោយព្រំដែន ។ កាលពីថ្ងៃទី១១ ខែវិច្ឆិកា មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់និយាយថា លោកប្រធានាធិបតី Donald Trump ប្តេជ្ញាចិត្តបញ្ចប់ជម្លោះរវាងកម្ពុជា-ថៃ ហើយអាមេរិករំពឹងរដ្ឋាភិបាលកម្ពុជា-ថៃគោរពយ៉ាងពេញលេញនូវការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពដែលបានចុះហត្ថលេខារួមគ្នានាពេលថ្មីៗនេះ ។ អាមេរិកនៅតែរក្សាគោលជំហររឹងមាំចង់ឃើញប្រទេសជិតខាងទាំងពីរទទួលបានសន្តិភាពយូរអង្វែង អាមេរិកបានប្រមូលព័ត៌មានបន្ថែមពីហេតុការណ៍កងទ័ពថៃជាន់មីននៅព្រំដែនដើម្បីជំរុញឱ្យកម្ពុជា-ថៃបន្តរក្សាស្ថិរភាព ។
ថៃត្រូវតែបញ្ឈប់ការចោទប្រកាន់កម្ពុជារឿងគ្រាប់មីនម្តងហើយម្តងទៀត ពីព្រោះពេលនេះ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានរកឃើញការពិតហើយ គឺមិនមែនជាគ្រាប់មីនថ្មីទេ វាជាគ្រាប់មីនចាស់ដែលកងទ័ពថៃល្មើសចូលដែនអធិបតេយ្យកម្ពុជា ។ ពិភពលោកដឹងការពិតហើយថា ថៃប្រឌិតរឿងមីនទម្លាក់កំហុសលើកម្ពុជាដើម្បីយកលេសបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡាំពួរ ៕










