ប្រទេសថៃ៖ សហរដ្ឋអាមេរិកទើបតែជំរុញឲ្យបន្តអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពមិនទាន់បានប៉ុន្មានផង ពេលនេះថៃប្រកាសអួតក្ដែងៗថា យន្តហោះ F-16 បានត្រៀមរួចរាល់ហើយ ខណៈកងទ័ពអាកាសរក្សាការត្រៀមខ្លួន 24/7 ដើម្បីប្រយុទ្ធក្រោមហេតុផលការពារអធិបតេយ្យភាពជាតិ និងសុវត្ថិភាពរបស់ប្រជាជន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod។.jpg)
នៅថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ 2025 បន្ទាប់ពីបានធ្វើការត្រួតពិនិត្យការត្រៀមខ្លួននៅកងពលលេខ 1 ខេត្តនគររាជសីមា មេបញ្ជាការកងទ័ពអាកាសថៃ លោក រ៉ាវីន ថាណុមស៊ីង មេបញ្ជាការបញ្ជាការដ្ឋានត្រួតពិនិត្យប្រតិបត្តិការអាកាស (AOCC) បានធ្វើការប្រកាសថា យន្តហោះចម្បាំង F-16 បានត្រៀមលក្ខណៈរួចរាល់សម្រាប់ប្រតិបត្តិការហោះហើរ 24ម៉ោង ដោយនៅពេលនេះកងកម្លាំងទាំងអស់រង់ចាំតែការចេញបញ្ជាតែប៉ុណ្ណោះ។
សេចក្ដីថ្លែងការណ៍ខាងលើរបស់មេបញ្ជាការកងទ័ពអាកាសថៃ ត្រូវបានធ្វើឡើងស្របពេលដែលសហរដ្ឋអាមេរិក និងម៉ាឡេសុី កំពុងជំរុញឲ្យថៃបន្តគោរពនិងអនុវត្តតាមសេចក្ដីថ្លែងការណ៍រួមជាមួយកម្ពុជា ដើម្បីបញ្ឈប់អំពើហិង្សា និងរក្សាសន្តិភាពរយៈពេលវែងសម្រាប់ប្រទេសជិតខាងទាំងពីរ។
ក្រោយការប្រកាសរបស់នាយករដ្ឋមន្រ្តីថៃ លោក អនុទីន ក្នុងការបញ្ចប់សន្តិភាពទាំងស្រុងជាមួយនឹងកម្ពុជា និងលុបចោលកិច្ចព្រមព្រៀងនានា ព្រមទាំងផ្ដល់សិទ្ធិឲ្យអំណាចឲ្យយោធាក្នុងការដោះស្រាយជម្លោះ គេសង្កេតឃើញថា យោធាថៃកាន់តែបង្កើនសកម្មភាពក្អេងក្អាង ចង់ប្រើប្រាស់ច្បាប់ព្រៃដើម្បីគំរាមកំហែងកម្ពុជា ដោយមិនខ្វល់រាយការណ៍ ឬពិភាក្សាជាមួយភាគីណាទាំងអស់សូម្បីតែសហរដ្ឋអាមេរិក។
ទន្ទឹមនឹងនេះ សមាជិកសភា រួមទាំងគណបក្សប្រឆាំងរបស់ថៃ បាននាំគ្នាអំពាវនាវឱ្យលោកនាយករដ្ឋមន្ត្រីកាន់អំណាច អនុទីន ឆាន់វីរៈគុល ងាកមកប្រើការទូតវិញជាបន្ទាន់ ដើម្បីបញ្ឈប់ការគំរាមកំហែងដល់សន្តិភាពជាមួយកម្ពុជា ដោយព្រួយបារម្ភថាវិធានយោធានៅពេលនេះ នឹងលក់មុខថៃក្នុងឆាកអន្តរជាតិ និងធ្វើប្រទេសផ្សេងៗទៀតកាន់តែលែងទុកចិត្ត ព្រោះវាបង្ហាញថាថៃកំពុងអនុវត្តផ្ទុយពីគោលជំហររបស់ខ្លួននៅក្នុងកិច្ចព្រមព្រៀងដើម្បីសន្តិភាពកន្លងមក ។
ទោះជាយ៉ាងណាមកទល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជានៅតែប្ដេជ្ញាចិត្តអនុវត្តសេចក្ដីថ្លែងការណ៍រួមឲ្យទទួលបានប្រសិទ្ធភាពខ្ពស់បំផុត និងសូមអំពាវនាវឲ្យថៃបន្តចូលរួមសហការណ៍ ដើម្បីលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ជាពិសេសធានាដល់សន្តិសុខ និងសុវត្ថិភាពរបស់ប្រជាជនស៊ីវិល ស្របតាមកិច្ចព្រមព្រៀងសន្តិភាពដែលបានចុះហត្ថលេខានៅប្រទេសម៉ាឡេសុី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥៕










