រាជធានីភ្នំពេញ៖ អាជ្ញាធរមីនកម្ពុជា បានទទូចឲ្យភាគីថៃកុំយកបញ្ហាផ្ទុះមីននៅតំបន់ព្រំដែនកាលពីពេលថ្មីៗនេះ មកធ្វើជាមូលហេតុនៃការផ្អាកអនុវត្តជាឯកតោភាគី នូវកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ ដែលនឹងបណ្ដាលឲ្យរាំងស្ទះដល់សន្តិភាពរវាងប្រជាជាតិទាំងពីររយៈពេលវែង។
យោងតាមសេចក្ដីថ្លែងប្រកាសព័ត៌មាន របស់អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកម្ចាត់មីន នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបង្ហាញការសោ.កស្ដាយចំពោះសារព័ត៌មានថៃមួយចំនួន ដែលផ្សព្វផ្សាយក្នុងចេតនាចោ.ទប្រកាន់ និងបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា ថាបានប្រើប្រាស់និងដាក់មីនថ្មី ក្នុងខណៈពេលដែលកម្ពុជាកំពុងខិតខំប្រឹងប្រែងលុបបំបាត់គ្រាប់មីន និងទុក្ខចេទនារបស់សហគមន៍ដែលបង្កើតឡើងដោយមីន។.png)
សេចក្ដីប្រកាសព័ត៌មាននេះបានគូសបញ្ជាក់ថា ការចោទប្រកាន់គ្មានមូលដ្ឋានទាំងនេះ ក៏ប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារសម្របសម្រួលរួម (JCTF) ដែលបានបង្កើតឡើងដោយប្រទេសទាំងពីរ ដើម្បីជំរុញដល់ការបោសសម្អាតមីនមនុស្សធម៌ និងបង្កើននូវទំនុកចិត្តរវាងគ្នា នៅតាមបណ្តោយព្រំដែនផងដែរ។.jpg)
ក្នុងនាមជារដ្ឋភាគីអនុសញ្ញាហាមប្រាមការប្រើប្រាស់មិនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) កម្ពុជា ប្រកាន់ខ្ជាប់នូវគោលការណ៍ និងគោរពយ៉ាងខ្ជាប់ខ្ជួនតាមបទដ្ឋានរបស់អនុសញ្ញាអូតាវ៉ា ហើយកម្ពុជាបាន ចាត់ទុកសកម្មភាពមីន ជាការចូលរួមចំណែកក្នុងការកសាងសន្តិភាព និងជាស្នូលនៃការអភិវឌ្ឍជាតិ។ កម្ពុជា ក្នុងនាមជាប្រទេសស្រលាញ់សន្តិភាព ទទូចដល់ភាគីថៃចៀសវាងការយកបញ្ហាផ្ទុះមីន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងតំបន់ព្រំដែន ដែលបានធ្វើឱ្យទាហានថៃពីរនាក់រងរបួស ជាមូលហេតុនៃការផ្អាកអនុវត្តជា ឯកតោភាគី នូវកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។
ក្នុងឱកាសនៃកិច្ចប្រជុំលើកទី២២នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដែលនឹងខិតជិតមកដល់នាពេលខាងមុខ កម្ពុជា សូមស្នើដល់ភាគីថៃ ក៏ដូចជាគ្រប់ភាគីពាក់ព័ន្ធ រក្សានូវ ស្មារតីកិច្ចសហការ វប្បធម៌សន្ទនា គោរពគ្នាទៅវិញទៅមក និងឈរលើគោលការណ៍មនុស្សធម៌ និងច្បាប់ អន្តរជាតិ ដើម្បីសម្រេចបានគោលដៅរួមពិភពលោកមួយដែលគ្មានមីន។ ចេតនាចោទប្រកាន់ណាមួយ ដែលគ្មានការពិត ឬការស៊ើបអង្កេតច្បាស់លាស់ ឬការប្រើប្រាស់មីនដើម្បីបម្រើដល់នយោបាយ អាចនឹង បំផ្លាញដល់ទំនុកចិត្តរវាងគ្នានិងគ្នា ធ្វើឱ្យអាប់ឱនដល់កិត្តិយសរបស់រដ្ឋភាគី និងស្មារតីនៃអនុសញ្ញាអូតាវ៉ា។.jpg)
ជាថ្មីម្តងទៀត ក្នុងនាមជាប្រទេសដែលបានគាំទ្រយ៉ាងមុតមាំ និងជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា កម្ពុជា មិនបានប្រើប្រាស់ ហើយនឹងមិនប្រើប្រាស់មីនថ្មីឡើយ៕










