ប្រទេសថៃ ៖ តាមការចុះផ្សាយរបស់សារព័ត៌មានថៃនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោយពីនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានប្រកាសបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពដែលចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី លោកក៏បញ្ជាឱ្យត្រៀមកម្លាំងទ័ពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃដើម្បីការពារអធិបតេយ្យ និងបញ្ចប់ការចរចាជាមួយកម្ពុជា ។ នាយករដ្ឋមន្ត្រីថៃថែមទាំងចោទប្រកាន់កម្ពុជាបំពានកិច្ចព្រមព្រៀងសន្តិភាព ទើបថៃចាំបាច់ប្រើប្រាស់សិទ្ធិការពារខ្លួន និងមិនបារម្ភពីប្រធានាធិបតីអាមេរិក លោក Donald Trump ដំឡើងពន្ធទំនិញថៃ ។
នៅថ្ងៃទី១២ ខែវិច្ឆិកា លោកនាយករដ្ឋមន្ត្រី Anutin បាននិយាយពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃនាពេលនេះថា កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិកាលពីថ្ងៃទី១១ ខែវិច្ឆិកា បានឯកភាពបញ្ចប់កិច្ចព្រមព្រៀងសន្តិភាព ដោយសារកម្ពុជាមិនគោរពកិច្ចព្រមព្រៀងនេះ ។ ថៃនឹងបញ្ចប់ការចរចាទាំងអស់ក្រោយពីកម្ពុជាមិនអនុវត្តតាម៤លក្ខខណ្ឌ ខណៈថៃអនុវត្តគ្រប់លក្ខខណ្ឌដើម្បីទទួលបានសន្តិភាពឆាប់ៗ ។
ប្រទេសថៃផ្តោតតែលើផលប្រយោជន៍ និងសុវត្ថិភាពពលរដ្ឋរបស់ខ្លួនប៉ុណ្ណោះ ហើយលោកពុំចាប់អារម្មណ៍នឹងអាមេរិកដំឡើងពន្ធទំនិញថៃខ្ពស់ទេ ។ ប្រសិនបើមិនអាចលក់ទំនិញទៅអាមេរិកបាន ថៃនឹងលក់ឱ្យប្រទេសផ្សេងវិញ អាមេរិកមិនអាចយកអត្រាពន្ធមកដាក់សម្ពាធទេ ។ ការបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ក៏ពុំចាំបាច់រាយការណ៍ប្រាប់លោក Donald Trump ដែរ ពីព្រោះថៃជាប្រទេសឯករាជ្យ និងមានអធិបតេយ្យ ។.jpg)
លោក Anutin បន្តថា ប្រទេសថៃបានត្រៀមខ្លួនគ្រប់ពេលវេលា ករណីលោក Trump ដំឡើងពន្ធទំនិញថៃដោយសារការបញ្ចប់កិច្ចព្រមព្រៀងសន្តិភាព ។ ថៃជាប្រទេសពឹងផ្អែកលើប្រាក់ចំណូលពីការនាំចេញទំនិញទៅក្រៅប្រទេសជាចម្បង ទើបត្រូវស្វែងរកទីផ្សារថ្មីសម្រាប់លក់ទំនិញជានិច្ច និងកែលម្អគុណភាពទំនិញដើម្បីបំពេញតម្រូវការអតិថិជនលើពិភពលោក យើងមិនយកបញ្ហាពន្ធធ្វើឱ្យចាញ់ប្រៀប ឬប៉ះពាល់អធិបតេយ្យដាច់ខាត ។
ចំណែកពលរដ្ឋថៃមួយចំនួនគាំទ្រឱ្យមានការប៉ះទង្គិចដោយអាវុធដើម្បីបញ្ចប់ជម្លោះឆាប់ៗ និងពលរដ្ឋខ្លះទៀតបារម្ភពីការប៉ះទង្គិចនោះ លោក Anutin ថា បានរៀបចំផែនការរួចហើយ ប៉ុន្តែរឿងសន្តិសុខ ការការពារប្រទេស មិនអាចនិយាយជាសាធារណៈទេ ។ រដ្ឋាភិបាលថៃបានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិដើម្បីកំណត់វិធានការអនុវត្តឱ្យទទួលបានលទ្ធផលខ្ពស់ ការពារអធិបតេយ្យ និងសុវត្ថិភាពពលរដ្ឋ កងទ័ព បច្ចុប្បន្ន បានត្រៀមកម្លាំងទ័ពនៅតាមបណ្តោយព្រំដែនរួចរាល់ហើយ ។
ដោយឡែក អតីតនាយករដ្ឋមន្ត្រីថៃ លោក Abhisit Vejjajiva ដែលបច្ចុប្បន្ន ជាប្រធានគណបក្សប្រជាធិបតេយ្យ នៅថ្ងៃទី១២ ខែវិច្ឆិកា បានចោទប្រកាន់កម្ពុជាបំពានកិច្ចព្រមព្រៀងសន្តិភាពដោយការបង្កប់មីនថ្មី មិនមែនថៃទេ ហើយស្នើឱ្យពលរដ្ឋ និងសារព័ត៌មានថៃជួយគ្នាផ្សព្វផ្សាយទម្លាក់កំហុសលើកម្ពុជា ឬប្រាប់ទៅពិភពលោក ថាកម្ពុជាបំពានកិច្ចព្រមព្រៀង ។
នេះបញ្ជាក់ពីសន្តានរបស់ថៃដែលលុបចោលកិច្ចព្រមព្រៀងសន្តិភាពដោយខ្លួនឯង បែរជាមកចោទប្រកាន់កម្ពុជាជាអ្នកបំពានទៅវិញ ។ ថៃយកលេសការផ្ទុះមីនទម្លាក់កំហុសលើកម្ពុជារហូតមក ខណៈកម្ពុជាមិនដែលមានចិត្តបង្កជម្លោះ ឬបង្កប់មីនថ្មីដូចការចោទប្រកាន់ឡើយ កម្ពុជាមានតែប្រឹងប្រែងដោះមីននៅលើទឹកដីកម្ពុជា និងចង់មានសន្តិភាពជាមួយប្រទេសជិតខាង ។.jpg)
ក្រសួងការពារជាតិកម្ពុជា សោកស្តាយចំពោះឧបទ្ទវហេតុការផ្ទុះមីនដែលបណ្តាលឱ្យកងទ័ពថៃមួយចំនួនរងរបួសពេលដើរល្បាតចូលតំបន់ចម្ការមីនចាស់ដែលបន្សល់ទុកពីសង្គ្រាមស៊ីវិលរបស់កម្ពុជា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ និងបដិសេធការចោទប្រកាន់ទាំងនេះរបស់ភាគីថៃមកលើកម្ពុជា ។ តាំងពីក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍ និងកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ ដោយមិនដែលដាក់មីនថ្មីគំរាមកំហែងសន្តិសុខ និងសុវត្ថិភាពមនុស្សជាតិឡើយ ។
ក្រសួងការពារកម្ពុជាបន្តប្តេជ្ញាចិត្តធ្វើការឱ្យបានជិតស្និទ្ធជាមួយភាគីថៃក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ជាពិសេស ធានាដល់សន្តិសុខ និងសុវត្ថិភាពរបស់ប្រជាជនស៊ីវិល ស្របតាមសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ៕










