ប្រទេសថៃ៖ កងទ័ពអាកាសថៃ បានប្រកាសថាខ្លួននឹងបញ្ចប់ការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទាំងអស់រវាងប្រទេសថៃ និងកម្ពុជា រហូតដល់សកម្មភាពអរិភាពណាមួយរបស់កម្ពុជាត្រូវបានបញ្ឈប់។ ការប្រកាសនេះ គឺជាការសម្រេចចិត្តដោយឯកតោភាគីរបស់ភាគីថៃ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod។
នៅម៉ោង ៤រសៀល ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ បន្ទាប់ពីកើតមានហេតុការណ៍ទាហានថៃបានដើរជាន់មីនផ្ទុះរងរបួសចំនួនពីរនាក់បន្ថែមទៀត ទំព័រហ្វេសប៊ុកផ្លូវការរបស់កងទ័ពអាកាសថៃបានចេញសេចក្ដីជូនដំណឹងមួយដើម្បីបញ្ជាក់ថា “កងទ័ពអាកាសភូមិន្ទថៃ នឹងបញ្ចប់ការអនុវត្តកិច្ចព្រមព្រៀងគ្រប់បែបយ៉ាងរវាងប្រទេសថៃ និងកម្ពុជា រហូតដល់សកម្មភាពគំរាមកំហែ.ងរបស់កម្ពុជាត្រូវបានបញ្ឈប់។
សេចក្ដីជូនដំណឹងនេះបានបញ្ជាក់ថា “កងទ័ពអាកាសថៃ នឹងអនុវត្តកាតព្វកិច្ចរបស់ខ្លួនដោយកិត្តិយស សេចក្តីថ្លៃថ្នូរ និងដោយចាត់ទុកផលប្រយោជន៍ល្អបំផុតរបស់ប្រទេសជាតិជាអាទិភាព”។.jpg)
ជាមួយគ្នានេះដែរ បើតាមសេចក្តីប្រកាសព័ត៌មានរបស់កងទ័ពភូមិន្ទថៃ (RTA) ស្ដីពីលទ្ធផលនៃការចុះពិនិត្យទីតាំង ការផ្ទុះនៅតំបន់ Huai Tamaria គ្រាប់មីនដែលផ្ទុះកាលពីម្សិលមិញនេះបានអះអាងថា គឺជាគ្រាប់មីនទើបដាក់ដាំថ្មីៗ ដែលនេះជាការបំពានលើសេចក្តីប្រកាសរួម និងជាអំពើបង្កអរិភាព ដែលនាំឱ្យមានភាពជៀសមិនផុតពីការបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពរវាងគ្នាទៅវិញទៅមក។
ឆ្លើយតបនឹងការចោ.ទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ និងផ្អែកលើការសម្រេចចិត្តដោយឯកតោភាគីបែបនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេស បានគូសបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាសូមបដិសេធយ៉ាងដាច់អហង្ការចំពោះរាល់ការចោទប្រកាន់របស់ប្រទេសថៃ ថាកម្ពុជាបានដាក់មីនថ្មីនៅតាមព្រំដែនជាមួយប្រទេសថៃ។.jpg)
រាជរដ្ឋាភិបាលកម្ពុជា ក៏សូមបញ្ជាក់ជាថ្មីដែរថា កម្ពុជានៅតែប្តេជ្ញាអនុវត្តសេចក្តីថ្លែងការណ៍រួម ដែលត្រូវ បានចុះហត្ថលេខាជាមួយនិងការសាទរយ៉ាងខ្លាំងក្លាពីសហគមន៍អន្តរជាតិ។ ក្នុងនាមជាប្រទេសដែលបាន គាំទ្រយ៉ាងមុតមាំ និងជារដ្ឋភាគីនៃអនុសញ្ញាហាមឃាត់មីនប្រឆាំងមនុស្ស កម្ពុជាមិនដែលបានប្រើប្រាស់ ហើយក៏នឹងមិនប្រើប្រាស់មីនថ្មីឡើយ។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងផងដែរចំពោះ ការសម្រេចចិត្តដោយឯកតោភាគីរបស់ភាគីថៃ ក្នុងការផ្អាកការអនុវត្តសេចក្តីថ្លែងការណ៍រួម ទាំងដែលសេចក្តីថ្លែងការណ៍រួម ក៏ដូចជាកិច្ចព្រមព្រៀងនានាដែលចុះហត្ថលេខានៅប្រទេសម៉ាឡេសុី ត្រូវបានចូលរួមធ្វើជាសាក្សី និងមានការសម្របសម្រួលដោយសហរដ្ឋអាមេរិក និងម៉ាឡេសុី ក៏ដោយ៕










