ប្រទេសថៃ ៖ វាបានក្លាយជាទម្លាប់ឱ្យតែស្រុកទេសមានសន្តិភាពឡើងវិញ ស្ថានការណ៍នៅព្រំដែនស្ងប់ស្ងាត់ ស្រាប់តែមានព័ត៌មានពីខាងថៃថាកងទ័ពខ្លួនជាន់មីនភ្លាម ដែលនេះជាចេតនារបស់ថៃប្រឌិតរឿងជាន់មីនធ្វើឱ្យស្ថានការណ៍តានតឹង និងទម្លាក់កំហុសលើកម្ពុជាម្តងហើយម្តងទៀត ។ ហេតុការណ៍កងទ័ពថៃជាន់មីននៅតំបន់ហួយតាម៉ារៀ ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត ក៏ជាការប្រឌិតដែរ ដើម្បីថៃមានលេសមិនដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូប និងផ្អាកអនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដែលចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួរ ក្រោមវត្តមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ។

ក្រោយថៃប្រឌិតរឿងកងទ័ពខ្លួន២នាក់ជាន់មីនដាច់ជើងស្តាំ និងរងរបួស នៅតំបន់ហួយតាម៉ារៀ ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រធានគណបក្សថៃសាងថៃ អ្នកស្រី Sudarat Keyuraphan បានណែនាំឱ្យរដ្ឋាភិបាលថៃចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដោយអ្នកស្រីថា ថៃពុំទាន់ទទួលបានអធិបតេយ្យភាព តំបន់ព្រំដែនពោរពេញដោយហានិភ័យ ការចរចាសន្តិភាពគ្មានប្រយោជន៍ ហើយជនជាតិថៃប្រឈមនឹងគ្រោះថ្នាក់រហូតមក ។
កាលពីថ្ងៃទី១០ ខែវិច្ឆិកា ប្រធានគណបក្សថៃសាងថៃ អ្នកស្រី Sudarat បាននិយាយពីកងទ័ពថៃជាន់មីននៅតំបន់ហួយតាម៉ារៀ ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កន្លងមក គឺគ្មានប្រយោជន៍សម្រាប់ថៃ ជាពិសេស ថៃមិនទទួលបានទឹកដីរបស់កម្ពុជា ។ ពលរដ្ឋថៃសួរថា តើរដ្ឋាភិបាលអាចដណ្តើមយកតំបន់នៅប្រាសាទតាក្របី ច្រកអានសេះ និងតំបន់ផ្សេងៗរបស់កម្ពុជាដែរឬទេ?
ប្រធានគណបក្សថៃសាងថៃបន្តថា ការបញ្ជាឱ្យឈប់បាញ់ពេលសង្គ្រាមកន្លងមក ធ្វើឱ្យកងទ័ពថៃបាត់បង់ឱកាសដណ្តើមយកទឹកដីកម្ពុជា និងថៃចាញ់ប្រៀបផ្នែកកងទ័ពនាថ្ងៃអនាគត ខណៈពលរដ្ឋនៅព្រំដែនរស់នៅប្រឈមនឹងគ្រោះថ្នាក់ ។ ការឈប់បាញ់មិនបានជួយការពារអធិបតេយ្យទេ ប៉ុន្តែវាឆ្លុះបញ្ចាំងពីរដ្ឋាភិបាលថៃខ្វះសមត្ថភាពក្នុងការចរចាទ្វេភាគី ថែមទាំងបាត់បង់ប្រយោជន៍ ។
ការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ មិនទាន់មានលទ្ធផលនៅឡើយ ពីព្រោះកងទ័ពថៃនៅតែមានគ្រោះថ្នាក់ដោយសារជាន់មីនជាបន្តបន្ទាប់ វាធ្វើឱ្យពលរដ្ឋបារម្ភពីរដ្ឋាភិបាលមានចំណាត់ការដូចម្តេចនៅតំបន់ព្រំដែន ។ ហេតុនេះ រដ្ឋាភិបាលគួរបង្ហាញផែនការសកម្មភាពក្នុងកិច្ចព្រមព្រៀងសន្តិភាពឱ្យបានច្បាស់លាស់ ដោយកំណត់តំបន់គោលដៅ ពេលវេលា ថវិកា និងយន្តការតាមដានលទ្ធផលជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធានាថា ការចុះកិច្ចព្រមព្រៀងសន្តិភាពមិនមែនជាការទូត ប៉ុន្តែទទួលបានលទ្ធផលជាក់ស្តែង និងកាត់បន្ថយហានិភ័យ ។
លោកនាយករដ្ឋមន្ត្រី Anutin Charnvirakul និងរដ្ឋាភិបាលថៃ ត្រូវតែចាត់វិធានការយ៉ាងម៉ឺងម៉ាត់ជាមួយរឿងមីន មិនអាចព្រងើយកន្តើយ ឬចាត់ទុកជាគ្រោះថ្នាក់ ។ រដ្ឋាភិបាលត្រូវប្រញាប់ចាត់វិធានការជាបន្ទាន់ដើម្បីការពារអធិបតេយ្យ ផ្តល់សុវត្ថិភាពដល់ពលរដ្ឋនៅព្រំដែន ។ នេះបើតាមការលើកឡើងរបស់ប្រធានគណបក្សនយោបាយថៃ ។
គួរបញ្ជាក់ថា ក្រោយថៃប្រឌិតរឿងកងទ័ពខ្លួនជាន់មីននៅខេត្តស៊ីសាកេត នាយករដ្ឋមន្ត្រីថៃបានប្រកាសផ្អាកអនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា និងមិនដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូប ។ រាជរដ្ឋាភិបាលកម្ពុជាបារម្ភយ៉ាងខ្លាំងក្រោយពីប្រព័ន្ធផ្សព្វផ្សាយជាច្រើនដកស្រង់សម្តីរបស់ថ្នាក់ដឹកនាំថៃ ដែលបង្ហាញថាថៃផ្អាកការអនុវត្តនូវសេចក្តីថ្លែងការណ៍រួមដែលនាយករដ្ឋមន្ត្រីកម្ពុជា-ថៃបានចុះហត្ថលេខាក្រោមវត្តមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ។.jpg)
ក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់យ៉ាងមុតមាំថា តាំងពីក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ និងកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ ដោយមិនដែលដាក់មីនថ្មីដែលគំរាមកំហែងដល់សន្តិសុខ និងសុវត្ថិភាពរបស់មនុស្សជាតិឡើយ ។ ក្រសួងការពារជាតិកម្ពុជាបន្តប្តេជ្ញាចិត្តធ្វើការឱ្យបានជិតស្និទ្ធជាមួយភាគីថៃ ក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ជាពិសេស ធានាសន្តិសុខ និងសុវត្ថិភាពរបស់ពលដ្ឋ ស្របតាមសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា-ថៃ ៕










