ទីក្រុងបាងកក៖ នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បានបង្ហើបប្រាប់សារព័ត៌មានថៃថា នៅនៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ាន លោកបានឆ្លៀតអញ្ជើញលោកប្រធានាធិបតី ដូណាល់ ត្រាំ ឲ្យមកទស្សនកិច្ចនៅប្រទេសថៃ ក្រោយលោកកត់សម្គាល់ឃើញថា គ្មានប្រធានាធិបតីអាមេរិកណាម្នាក់ បានមកទស្សនកិច្ចនៅប្រទេសថៃ អស់រយៈពេលជាងមួយទសវត្សន៍មកហើយ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ បានឲ្យដឹងថា ក្នុងអំឡុងពេលជួបជុំអន្តរជាតិថ្មីៗនេះ មេដឹកនាំថៃត្រូវបានគេរាយការណ៍ថា បានអញ្ជើញលោក ត្រាំ ឲ្យមកទស្សនកិច្ចជាផ្លូវការនៅប្រទេសថៃ ដែលជាកាយវិការមួយដែលត្រូវបានគេមើលឃើញថាជាផ្នែកមួយនៃយុទ្ធសាស្ត្រទូលំទូលាយរបស់រដ្ឋាភិបាលទីក្រុងបាងកក ដើម្បីពង្រឹងចំណងមិត្តភាពការទូត និងសេដ្ឋកិច្ចជាមួយសហរដ្ឋអាមេរិក។
ក្នុងនោះបើតាមការបញ្ជាក់របស់លោកអានុទីន បានឲ្យដឹងថា វាអស់រយៈពេល១០ឆ្នាំមកហើយ ដែលមិនទាន់មានប្រធានាធិបតីអាមេរិករូបណា បានធ្វើដំណើរមកទស្សនកិច្ចប្រទេសថៃនោះទេ។ ដូច្នេះហើយទើបលោកបានអញ្ជើញលោក ដូណាល់ត្រាំ ឲ្យមកបំពេញទស្សនកិច្ចនៅប្រទេសថៃឲ្យបានម្តង នៅក្នុងឱកាសបានជួបសំណេះសំណាលដោយផ្ទាល់នោះ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន ពេលត្រឡប់មកពីទីក្រុងគូឡាឡាំពួរវិញ វេលាម៉ោង ៣ រសៀល ថ្ងៃអាទិត្យម្សិលមិញ លោកអានុទិនបាននិយាយថា លោកមានឱកាសនិយាយជាមួយប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ដោយក្នុងជំនួបនោះ លោកបានស្នើសុំលោកត្រាំឱ្យគាំទ្រប្រទេសថៃ ក្នុងបញ្ហាពាណិជ្ជកម្ម និងពន្ធគយ។
បន្ថែមពីនោះ លោក អានុទីន បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលថៃមានគោលបំណងពង្រីកពាណិជ្ជកម្ម និងការវិនិយោគជាមួយសហរដ្ឋអាមេរិក ជាពិសេសទៅលើបច្ចេកវិទ្យា កសិកម្ម និងថាមពលកកើតឡើងវិញ។ លោកបាននិយាយថា ប្រទេសថៃកំពុងស្វែងរកការរក្សាទំនាក់ទំនងដែលមានតុល្យភាពជាមួយមហាអំណាចពិភពលោក ដោយធានាថាផលប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួនត្រូវបានការពារ។
សរុបមក ចំពោះការអញ្ជើញរបស់នាយករដ្ឋមន្រ្តីថៃដូចខាងលើ លោក ដូណាល់ត្រាំ មិនបានឆ្លើយតបជាចម្លើយជាក់លាក់ណាមួយនោះទេ ដោយលោកបានត្រឹមលើកឡើងប្រាប់លោក អានុទីនវិញថា លោកយល់ព្រមយកសំណើរការអញ្ជើញនេះទៅពិចារណា ដោយសារលោកមានភារកិច្ចសំខាន់ៗជាច្រើនត្រូវដោះស្រាយតាមកាលវិភាគ។.jpg)
គួរបញ្ជាក់ដែរថា ប្រធានាធិបតីអាមេរិកចុងក្រោយបង្អស់ដែលបានធ្វើដំណើរមកទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេសថៃ គឺលោក បារ៉ាក់ អូបាម៉ា ដោយលោកបានធ្វើដំណើរមកកាលពីខែវិច្ឆិកា ឆ្នាំ២០១២៕










