ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីកម្ពុជា និងថៃបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម (Joint Declaration) កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ជាផ្លូវការក្រៅកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដើម្បីបញ្ចប់ជម្លោះព្រំដែនរវាងប្រទេសទាំងពីរ ដែលមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ចុះហត្ថលេខាជាសាក្សី ។ ក្នុងឱកាសនេះ ប្រធានាធិបតីអាមេរិកប្រកាសថា កងទ័ពកម្ពុជាចំនួន១៨នាក់ នឹងត្រូវដោះលែងក្រោមកិច្ចព្រមព្រៀងសន្តិភាព លោករីករាយដែលបានធ្វើសាក្សីក្នុងពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមដែលលោកចាត់ទុកជាកិច្ចព្រមព្រៀងសន្តិភាព ។
ទោះជាប្រធានាធិបតីអាមេរិក លោក Trump ប្រកាសឱ្យថៃដោះលែងកងទ័ពកម្ពុជាទាំង១៨នាក់ក្រោមកិច្ចព្រមព្រៀងសន្តិភាពក្តី ប៉ុន្តែរដ្ឋាភិបាលថៃបានបញ្ជាក់ពីគោលជំហរ គឺសូមឱ្យកម្ពុជាអនុវត្តតាមការព្រមព្រៀងគ្នាក្នុងសេចក្តីថ្លែងការណ៍រួម (Joint Declaration) ជាមុនសិន ទើបថៃដោះលែងកងទ័ពកម្ពុជាទាំង១៨នាក់ ដែលកងទ័ពថៃបានចាប់ខ្លួនពេលប្រទេសទាំងពីរអនុវត្តបទឈប់បាញ់ភ្លាមៗ ។ ដូចគ្នានេះ សមាជិកព្រឹទ្ធសភាថៃបានណែនាំរដ្ឋាភិបាលខ្លួនត្រូវតែពិនិត្យមើលចំណុចទាំងនេះសិនមុនដោះលែងកងទ័ពកម្ពុជាទាំងអស់ ។.jpg)
នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ សមាជិកព្រឹទ្ធសភា លោក ថាវ៉ាត ថាសសាណា បានប្រាប់ទៅរដ្ឋាភិបាលថៃកុំទុកចិត្តកម្ពុជា និងត្រូវពិនិត្យមើលឱ្យច្បាស់លាស់សិន ថាតើកម្ពុជាបានអនុវត្តតាមការព្រមព្រៀងគ្នាគ្រប់ចំណុចដែរឬទេ មុនសម្រេចចិត្តដោះលែងកងទ័ពកម្ពុជាទាំងអស់ ហើយថៃមិនចាញ់ប្រៀប ។ សមាជិកព្រឹទ្ធសភាថៃណែនាំរដ្ឋាភិបាលបែបនេះ ក្រោយឃើញសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបង្ហោះសារក្នុងហ្វេសប៊ុកកាលពីថ្ងៃទី២៦ ខែតុលា ពីការកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់មួយផ្នែកនៃជំហ៊ានទី១ ជានិមិត្តរូបរបស់កងទ័ពកម្ពុជា-ថៃ ក្រោយការសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ។
សមាជិកព្រឹទ្ធសភា លោក ថាវ៉ាត និយាយថា បើកម្ពុជាកែសម្រួលយុទ្ធោបករណ៍ និងដកថយអាវុធធុនធ្ងន់ពិតមែននោះជារឿងល្អប្រសើរ ជាពិសេស ដើម្បីឱ្យតំបន់ព្រំដែនកម្ពុជា-ថៃមានសន្តិភាព ប៉ុន្តែមិនគួរទុកចិត្តកម្ពុជាទេ ។ ថៃត្រូវតែត្រួតពិនិត្យ និងមានការបញ្ជាក់ពីមន្ត្រីពាក់ព័ន្ធ តើកម្ពុជាបានដកអាវុធធុនធ្ងន់មែនឬអត់ កុំទុកចិត្ត១០០% ។
ឆ្លើយតបនឹងសំណួរថា តើកម្ពុជាដកអាវុធធុនធ្ងន់នៅតំបន់ព្រំដែនកាលពីថ្ងៃទី២៦ ខែតុលា នឹងធ្វើឱ្យថៃដោះលែងកងទ័ពកម្ពុជាទាំង១៨នាក់ដែរឬទេ? សមាជិកព្រឹទ្ធសភាថៃនិយាយថា កម្ពុជាត្រូវអនុវត្តតាមកិច្ចព្រមព្រៀងឱ្យបានគ្រប់ចំណុចសិន ទើបថៃដោះលែងកទ័ពកម្ពុជាទាំងអស់ ។ បើអ្វីៗដំណើរការតាមការព្រមព្រៀងគ្នារវាងភាគីទាំងពីរ គឺគ្មានបញ្ហាទេ សំខាន់ គឺកម្ពុជាត្រូវអនុវត្តដោយស្មោះត្រង់ជាមុន ហើយថៃត្រូវពិនិត្យមើលការដកអាវុធឱ្យច្បាស់លាស់ លោក ថាវ៉ាត ជឿជាក់លើកងទ័ពថៃនៅព្រំដែនមិនធ្វើឱ្យថៃចាញ់ប្រៀប ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ គឺមានរយៈពេល៩០ថ្ងៃហើយដែលវរកងទ័ពកម្ពុជាចំនួន១៨នាក់ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់កងទ័ពថៃ ។ កម្ពុជាសូមអំពាវនាវឱ្យភាគីថៃដោះលែងកងទ័ពកម្ពុជាទាំងអស់ត្រឡប់មកវិញឱ្យបានឆាប់ជាទីបំផុត ដើម្បីបានជួបជុំក្រុមគ្រួសារ និងប្រកបដោយសុខសុវត្ថិភាពស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ ។
ក្នុងន័យបង្ហាញកាយវិការសុច្ឆន្ទៈ និងបញ្ជាក់ពីការតាំងចិត្តដ៏ម៉ឺងម៉ាត់ក្នុងការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាំឡាំពួរ ស្តីពីសន្តិភាពរវាងកម្ពុជា-ថៃ ដែលមានប្រធានាធិបតីអាមេរិក លោក Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar ជាសាក្សី កម្ពុជា និងថៃបានឯកភាពគ្នាចាប់ផ្តើមកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់របស់ខ្លួនមួយផ្នែកនៃជំហ៊ានទី១ សម្រាប់ជានិមិត្តរូប ក្រោមការសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បន្ទាប់ពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ។.png)
កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ការបោះជំហានដ៏វិជ្ជមាននេះនឹងចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់ប្រទេសទាំងពីរក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញនាពេលដ៏ឆាប់ខាងមុខ ។ ក្នុងឱកាសនេះ កម្ពុជាសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនក្នុងការគោរព អនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ព្រមទាំងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយថៃ ដើម្បីជាប្រយោជន៍ដល់ប្រទេស និងពលរដ្ឋទាំងពីរជាច្រើនជំនាន់តទៅមុខទៀត ៕










