បាងកក៖ រដ្ឋាភិបាលថ្មីរបស់នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានព្យាករណ៍ថា ប្រទេសថៃកំពុងរៀបចំទទួលរងការខាតបង់ផ្នែកហិរញ្ញវត្ថុប្រហែល 3.1 ពាន់លានដុល្លារ (ប្រហែល 100 ពាន់លានបាត) ដែលបណ្ដាលមកពីបញ្ហាការបិទព្រំដែន បានធ្វើឲ្យប៉ះពាល់ដល់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារ Bloomberg News ពាក់ព័ន្ធនឹងកិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ចថៃកាលពីសប្តាហ៍មុនបានបង្ហាញថា បន្ទាប់ពីការបិទច្រកព្រំដែនគោករវាងប្រទេសទាំងពីរ ធុរកិច្ចថៃបានខាតបង់ប្រមាណ 15 ពាន់លានបាត (458 លានដុល្លារ) ក្នុងមួយខែ។ របាយការណ៍នេះបានគណនាទុកមុនថា ការខាតបង់សរុបអាចនឹងឈានដល់ 100 ពាន់លានបាត (3.1 ពាន់លានដុល្លារ) ប្រសិនបើព្រំដែននៅតែបន្តបិទរហូតដល់ចុងឆ្នាំ។
ទន្ទឹមនឹងទិន្នន័យដែលបង្ហាញពីការខាតបង់របស់ថៃដូចខាងលើនេះ លោក Anutin ក្នុងអំឡុងពេលនៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចកាលពីថ្ងៃទី 15 ខែតុលា កន្លងទៅ បានអំពាវនាវឱ្យមានការពិភាក្សាជាមួយសហរដ្ឋអាមេរិកឲ្យ “ធ្វើឡើងដោយមានការប្រុងប្រយ័ត្ន” និងសង្កត់ធ្ងន់ថាជម្លោះព្រំដែនរវាងថៃ និងកម្ពុជា អាចផ្ដល់ផលប៉ះពាល់ដល់ការចរចារពន្ធរបស់ប្រទេសថៃជាមួយអាមេរិក។
សេដ្ឋវិទូព្រ.មានថា ការនាំចេញយឺត ក៏ដូចជាការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរមកលេងប្រទេសថៃ អាចរារាំងកំណើនសេដ្ឋកិច្ចនៅក្នុងឆមាសទីពីរនៃឆ្នាំនេះ។ បើទោះជាការធ្លាក់ចុះនៃវិស័យទេសចរណ៍ថៃមិនជាប់ពាក់ព័ន្ធដោយផ្ទាល់នឹងជម្លោះព្រំដែនក៏ពិតមែន ប៉ុន្តែជម្លោះដែលកំពុងបន្តអាចបង្កើនការព្រួយបារម្ភអំពីសុវត្ថិភាពក្នុងចំណោមភ្ញៀវទេសចរបរទេស។
ដោយឡែកសារព័ត៌មាន Business Mirror កាលពីថ្ងៃចន្ទនេះបានចុះផ្សាយថា ក្រៅពីភាពតានតឹងផ្នែកសេដ្ឋកិច្ច ប្រទេសថៃក៏កំពុងតែប្រឈមនឹងការខ្វះខាតកម្លាំងពលកម្មដ៏ច្រើនផងដែរបន្ទាប់ពីពលករខ្មែរត្រឡប់ទៅផ្ទះ។ ហើយដើម្បីដោះស្រាយបញ្ហានេះ ក្រសួងការងារថៃសុខចិត្តចុះបញ្ជីពលករបរទេសដែលគ្មានឯកសារត្រឹមត្រូវឲ្យចូលមកធ្វើការ ដោយពួកគេបានហៅវាថាជា “វិធានការជំនួសបណ្តោះអាសន្ន”។

ជុំវិញវិបត្តិដែលប្រទេសថៃកំពុងប្រឈមទាំងឡាយ មិនថាពាក់ព័ន្ធនឹងសេដ្ឋកិច្ច នយោបាយ ឬភាពអសន្តិសុខនានា នាយករដ្ឋមន្រ្តីថ្មីលោក Anutin តែងធ្វើការបន្ទោសនិងទម្លាក់កំហុសទៅលើ រដ្ឋាភិបាលអាណត្តិចាស់របស់អ្នកស្រី Paetongtarn ដែលត្រូវបានបណ្ដេញចេញពីតំណែងជានិច្ច ខណៈលោកអះអាងថា បច្ចុប្បន្នលោកខិតខំយ៉ាងខ្លាំង ដើម្បីស្វែងរកមធ្យោបាយស្តារសេដ្ឋកិច្ចឡើងវិញឲ្យបានមុនការបោះឆ្នោតនៅដើមឆ្នាំក្រោយ៕