ប្រទេសថៃ ៖ តាមការចុះផ្សាយរបស់សារព័ត៌មាន Thairath កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ កងទ័ពភូមិភាគទី១ថៃ និងអភិបាលខេត្តស្រះកែវ បានប្រគល់ដីចម្ការនៅភូមិព្រៃចាន់ (ទល់មុខភូមិណងយ៉ាកែវ) ប្រមាណ៥ហិកតាទៅឱ្យពលរដ្ឋថៃចំនួន២នាក់កាន់កាប់ ក្រោយពីកងទ័ពថៃឈូសឆាយដោះមីនរួចរាល់ ។ ពលរដ្ឋថៃត្រេកអរយ៉ាងខ្លាំង បានអរគុណកងទ័ព និងអាជ្ញាធររបស់ខ្លួនដែលប្រគល់ដីនេះឱ្យទុកធ្វើចម្ការ ។
រដ្ឋាភិបាលថៃបានដាក់លក្ខខណ្ឌ៤ចំណុចសម្រាប់កម្ពុជា ទើបថៃយល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅម៉ាឡេស៊ី ដោយមានប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានអាស៊ានជាសាក្សី ក្នុងនោះក៏មានលក្ខខណ្ឌឱ្យរដ្ឋាភិបាលកម្ពុជាជម្លៀសពលរដ្ឋចេញពីភូមិជោគជ័យ និងភូមិព្រៃចាន់ផងដែរ ដោយថៃចោទប្រកាន់ពលរដ្ឋខ្មែររស់នៅខុសច្បាប់អស់រយៈពេល៤០ឆ្នាំ ។
កាលពីថ្ងៃទី២០ ខែតុលា កន្លងមក លោក វរ៉ាយ៉ត លឿងសុវណ្ណ មេបញ្ជាការកងទ័ពភូមិភាគទី១ និងលោក បរិញ្ញា ពោធិសត្វ អភិបាលខេត្តស្រះកែវ ព្រមទាំងកងទ័ពជាច្រើនរូបបានមកពិនិត្យមើលស្ថានការណ៍នៅភូមិណងចាន់ (ភូមិជោគជ័យ) និងភូមិណងយ៉ាកែវ (ភូមិព្រៃចាន់) ស្ថិតនៅស្រុលខូកស៊ូង ខេត្តស្រះកែវ ។
កងទ័ពថៃ និងអភិបាលខេត្តស្រះកែវ បានពិនិត្យមើលការដោះមីននៅភូមិណងចាន់ (ភូមិជោគជ័យ) ដើម្បីជំរុញឱ្យដោះមីនរួចរាល់ឆាប់ៗនឹងអាលប្រគល់ដីចម្ការឱ្យពលរដ្ឋថៃ ឃើញថា កងទ័ពថៃបានព័ទ្ធយកដីរបស់ពលរដ្ឋខ្មែរនៅភូមិជោគជ័យ ចំនួន៦០រ៉ៃ (ឬជាង៩ហិកតា) និងដោះមីនរួចរាល់ហើយ ។ រីឯដីប្រមាណ៦៤រ៉ៃទៀតដែលជាដីភូមិពលរដ្ឋខ្មែររស់នៅចំនួន១៣៥គ្រួសារ គឺកងទ័ពថៃផែនការដណ្តើមយកនាពេលបន្ទាប់ ។
បន្ទាប់មក កងទ័ពថៃ និងអភិបាលខេត្តស្រះកែវ ក៏បានទៅភូមិណងយ៉ាកែវ (ភូមិព្រៃចាន់) ដើម្បីប្រគល់ដីចម្ការឱ្យពលរដ្ឋថៃចំនួន២នាក់កាន់កាប់ គឺលោក ស៊ុមផុង វង្សឈុំផូ ទទួលបានដីចំនួន១៤រ៉ៃ (ឬជាង២ហិកតា) និងអ្នកស្រី ស៊ុប៉ង ពេជ្រជិត ទទួលបានដីចំនួន១៤រ៉ៃ (ឬជាង២ហិកតា) ដូចគ្នា ។
អភិបាលខេត្តស្រះកែវនិយាយថា ដីទាំង២កន្លែងនៅភូមិព្រៃចាន់ គឺកងទ័ពថៃបានដោះមីនរួចរាល់ហើយទើបប្រគល់ឱ្យពលរដ្ឋថៃកាន់កាប់ ខណៈពលរដ្ឋថៃទាំង២រូបនេះបានអរគុណកងទ័ព និងអាជ្ញាធរ ដែលបានប្រគល់ដីឱ្យពួកខ្លួនទុកធ្វើចម្ការ ។
គួរបញ្ជាក់ថា ដី៥ហិកតានេះជាដីចម្ការរបស់ពលរដ្ឋខ្មែរដែលកងទ័ពថៃបានព័ទ្ធយកកាលពីខែសីហា ឆ្នាំ២០២៥ ហើយថៃបានរៀបចំប្រគល់ដីនេះឱ្យពលរដ្ឋខ្លួននៅទីតាំងដីផ្ទាល់ ក្រោមវត្តមានលោក វរ៉ាយ៉ត លឿងសុវណ្ណ មេបញ្ជាការកងទ័ពភូមិភាគទី១ និងលោក បរិញ្ញា ពោធិសត្វ អភិបាលខេត្តស្រះកែវ ។
ចំណែកកម្ពុជាបានបញ្ជាក់ជាច្រើនលើកថា ដីដែលកងទ័ពថៃព័ទ្ធបន្លាលួសយកនៅភូមិជោគជ័យ និងភូមិព្រៃចាន់ គឺស្ថិតក្រោមអធិបតេយ្យភាពរបស់កម្ពុជាដោយផ្អែកតាមផែនទីអន្តរជាតិទទួលស្គាល់ ៕