ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃ លោក អនុថីន ឆាន់វីរៈគូន បាននិយាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ថា ក្នុងជំនួបរវាងលោកជាមួយមន្ត្រីទូតអាមេរិកប្រចាំប្រទេសថៃ គឺមន្ត្រីទូតអាមេរិក លោក Robert F. Godec ស្នើសង្កេតការណ៍ក្នុងកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងកិច្ចប្រជុំពេញអង្គគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ។ រីឯថៃសុំអាមេរិកបញ្ជូនក្រុមការងារមកជួយដោះស្រាយបញ្ហាការឆបោ.កអនឡាញ (Online Scam) និងប្រាប់ពីគោលជំហរឱ្យកម្ពុជាអនុវត្ត៤លក្ខខណ្ឌ មន្ត្រីទូតអាមេរិកសន្យានឹងបញ្ជូនក្រុមការងារមកថៃនៅខែវិច្ឆិកា ។
នៅថ្ងៃទី២១ ខែតុលា ក្នុងវិមានរដ្ឋាភិបាល លោក ស៊ិរិផុង អាំងសាគុនកៀត អ្នកនាំពាក្យរដ្ឋាភិបាលថៃ បាននិយាយពីលទ្ធផលកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ក្រោយពីលោក អនុថីន នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃផ្តល់ព័ត៌មានមកកាន់គណៈរដ្ឋមន្ត្រីឱ្យបានជ្រាបអំពីកិច្ចប្រជុំគណៈកម្មការដោះស្រាយបញ្ហាឧក្រិដ្ឋកម្មកាលពីថ្ងៃទី២០ ខែតុលា កន្លងមក ។ លោក អនុថីន បានសង្កត់ធ្ងន់ឱ្យគ្រប់ស្ថាប័នទូទាំងប្រទេសរួមគ្នាប្រយុទ្ធប្រឆាំងនឹងការឆបោកអនឡាញ ហើយចាត់ទុកជាបញ្ហាលំដាប់ជាតិ ។
លោក ស៊ិរិផុង បន្តថា មុនកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោក អនុថីន បានពិភាក្សាជាមួយមន្ត្រីទូតអាមេរិកប្រចាំប្រទេសថៃ ដែលបានចូលជួបនាយករដ្ឋមន្ត្រីថៃជជែកពីបញ្ហាជាច្រើន ជាពិសេស ជជែកពីអាមេរិកនឹងចូលសង្កេតការណ៍ក្នុងកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងកិច្ចប្រជុំពេញអង្គគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ។
លោកនាយករដ្ឋមន្ត្រី អនុថីន ក៏បានបង្ហាញគោលជំហរច្បាស់លាស់ទៅកាន់មន្ត្រីទូតអាមេរិកថា កន្លងមក ថៃបានដាក់លក្ខខណ្ឌ៤ចំណុចសម្រាប់កម្ពុជា រួមមាន ៖ ១-ដកអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែន ២-ដោះមីន ៣-បង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន និង៤-គ្រប់គ្រងតំបន់ព្រំដែន ។ បើកម្ពុជាមិនអនុវត្តតាមលក្ខខណ្ឌទាំង៤ដោយស្មោះត្រង់ទេ គឺនឹងគ្មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅម៉ាឡេស៊ីឡើយ ។
ក្រៅពីនេះ លោក អនុថីន ក៏បានពិភាក្សាជាមួយមន្ត្រីទូតអាមេរិក ដោយស្នើសុំកិច្ចសហការបញ្ជូនព័ត៌មានពីបណ្តាញឆបោកអនឡាញមកប្រទេសថៃ ដើម្បីចាត់វិធានការ និងសុំឱ្យអាមេរិកជួយដោះស្រាយបញ្ហាការឆបោ.កអនឡាញ ។ មន្ត្រីទូតអាមេរិកក៏បានយល់ព្រម ហើយសន្យាបញ្ជូនក្រុមការងារមកថៃដើម្បីជួយដោះស្រាយបញ្ហាការឆបោកអនឡាញ និងជជែកជាមួយលោក អនុថីន បន្តទៀត ៕