ធនាគារ ព្រីនស៍ បានប្រកាសពីគោលជំហររបស់ខ្លួនក្នុងដំណើរប្រតិបត្តិការដោយឯករាជ្យភាព និងប្តេជ្ញារក្សាភាពស្មោះត្រង់ ស្ថិរភាពហិរញ្ញវត្ថុ និងការពារសិទិ្ធប្រយោជន៍ជូនដល់អតិថិជនគ្រប់រូប បើទោះជាប្រធានសម្ព័ន្ធ ព្រីនស៍ ហូលឌីងគ្រុប ដែលជាក្រុមហ៊ុនមេ កំពុងស្ថិតក្រោមការតាមចាប់ខ្លួនរបស់សហរដ្ឋអាមេរិក និងត្រូវបានគេរឹបអូសទ្រព្យសម្បត្តិជារូបិយវត្ថុ Bitcoin សរុបអស់ 15ពាន់លានដុល្លារក៏ដោយ។
យោងតាមសេចក្ដីប្រកាសរបស់ធនាគារ ព្រីនស៍ (Prince Bank Plc.) នៅរសៀលថ្ងៃទី15 ខែតុលានេះបានឲ្យដឹងថា ធនាគារនឹងនៅតែបន្តប្រតិបត្តិការយ៉ាងឯករាជ្យ ស្របច្បាប់ និងមានអាជ្ញាប័ណ្ណពេញលេញ ជាធនាគារពាណិជ្ជក្រោមការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា (NBC)។ ជាមួយគ្នានេះ ធនាគារបានបញ្ជាក់ថា សម្រាប់ប្រតិបត្តិការធនាគារទាំងអស់ សេវាអេធីអឹម វេទិកាធនាគារឌីជីថល និងសេវានៅតាមសាខា គឺនៅតែដំណើរការយ៉ាងពេញលេញជាធម្មតា។
បន្ថែមពីនេះ ធនាគារ ព្រីនស៍ បានធ្វើការអះអាងថា ធនាគារនឹងនៅតែប្តេជ្ញារក្សាភាពស្មោះត្រង់ ស្ថិរភាពហិរញ្ញវត្ថុ និងការពារសិទិ្ធប្រយោជន៍អតិថិជនគ្រប់រូប។ យើងនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីធានាថាប្រតិបត្តិការរបស់យើងអនុលោមតាមច្បាប់យ៉ាងពេញលេញ និងមានតម្លាភាពគ្រប់ដំណាក់កាល។
គួរជម្រាបថា ជុំវិញការប្រកាសរបស់ធនាគារដូចខាងលើនេះគឺធ្វើឡើងបន្ទាប់ពីប្រធានក្រុមហ៊ុន Prince Group លោក Chen Zhi ត្រូវបានសហរដ្ឋអាមេរិករកឃើញថាមានជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋឆបោ.កតាមអនឡាញ និងការលាងលុយកខ្វក់ដ៏ធំសម្បើមនៅ ដោយបានកេងប្រវ័ញ្ចលើជនរងគ្រោះនៅទូទាំងពិភពលោករាប់លាននាក់ និងបង្កើតប្រាក់ចំណេញខុសច្បាប់រាប់ពាន់លានដុល្លារ។
ប្រតិបត្តិការបង្ក្រាបដ៏កក្រើកនេះ រឹបអូសបាន 127,271 Bitcoin ដែលបច្ចុប្បន្នមានតម្លៃប្រហែល 15 ពាន់លានដុល្លារ ដែលទាំងនោះគឺជាប្រាក់ចំណូលពីការក្លែងបន្លំ និងសកម្មភាពលាងលុយកខ្វក់របស់ Chen Zhi។
រដ្ឋអាជ្ញាសហរដ្ឋអាមេរិកនៅទីក្រុង Brooklyn និងទីក្រុងញូវយ៉ក បានចោ.ទប្រកាន់ក្រុមហ៊ុន Prince Group របស់លោក Chen ដែលរកសុីខាងអចលនទ្រព្យ និងហិរញ្ញវត្ថុនៅកម្ពុជា ថាវាបានប្រែក្លាយដោយសម្ងាត់ទៅជា “អង្គការឧក្រិដ្ឋកម្មឆ្លងដែនដ៏ធំបំផុតមួយនៅអាស៊ី” ខណៈមានបុគ្កលិកជាច្រើនត្រូវបានពួកគេជួញដូរ បង្ខាំងទុក និងបង្ខំឱ្យធ្វើការងារ ផ្នែកឆបោកតាមអ៊ីនធឺណិតក្រោមការគំរាមកំហែង និងទារុ.ណកម្ម។
ប្រតិបត្តិការបង្រ្កាបឧក្រិដ្ឋជនឆបោ.ក និងលាងលុយកខ្វក់ដែលមានគោលដៅសង្កត់ធ្ងន់នៅកម្ពុជានេះ កំពុងទាញទម្លាក់កេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើឆាកអន្តរជាតិ ខណៈក្រសួងរតនាគារសហរដ្ឋអាមេរិកបានហាមឃាត់ក្រុមហ៊ុន និងពលរដ្ឋអាមេរិកមិនឱ្យធ្វើអាជីវកម្មជាមួយក្រុមហ៊ុន និងបណ្ដាញព្រីនស៍គ្រុបជាដាច់ខាត៕