ប្រទេសថៃ ៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ សារព័ត៌មានមួយចំនួនរបស់ថៃបានផ្សាយបំភ្លៃថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាដាក់សម្ពាធឱ្យថៃបើកព្រំដែនឡើងវិញនៅថ្ងៃទី២០ ខែតុលានេះ ប៉ុន្តែត្រូវបានអ្នកនាំពាក្យក្រសួងការពារជាតិថៃឆ្លើយតបទៅវិញថា កម្ពុជាត្រូវតែអនុវត្តតាមលក្ខខណ្ឌរបស់ថៃ៤ចំណុចជាមុនសិន ទើបថៃជជែកពីប្រធានបទផ្សេង ។
តាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Better នៅថ្ងៃទី១៥ ខែតុលា ឱ្យដឹងថា លោក ស៊ុរ៉ាសាន់ គង់ស៊ិរិ អ្នកនាំពាក្យក្រសួងការពារជាតិថៃនិយាយថា ពេលនេះ ថៃមិនទាន់មានវិធានការផ្សេងក្រៅពីការកំណត់លក្ខខណ្ឌ៤ចំណុច រួមមាន ៖ ១-ដកអាវុធធុនធ្ងន់ ២-ដោះមីន ៣-បង្ក្រាបបទល្មើសឆ្លងដែន និង៤-គ្រប់គ្រងតំបន់ព្រំដែនដែលមានបញ្ហាតាមសំណើក្នុងកិច្ចប្រជុំ GBC កម្ពុជា-ថៃ ព្រមទាំងមានយន្តការសហការដើម្បីពិភាក្សាគ្នាឱ្យភាគីទាំងពីរឈានដល់កិច្ចព្រមព្រៀងសិន ចាំជជែករឿងផ្សេង ។ ថៃនិយាយច្បាស់លាស់ថា បើមានកិច្ចចរចា គឺកម្ពុជាត្រូវយល់ព្រមតាមលក្ខខណ្ឌ៤ចំណុចនេះ ទើបជជែកពីប្រធានបទផ្សេងទៀត ។
ឆ្លើយតបនឹងសំណួររបស់សារព័ត៌មានថៃដែលចោទប្រកាន់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ថាដាក់សម្ពាធឱ្យថៃបើកព្រំដែនដោយសារបាត់បង់ចំណូល លោក ស៊ុរ៉ាសាន់ អ្នកនាំពាក្យក្រសួងការពារជាតិថៃនិយាយថា គ្មានទិន្នន័យពីការបាត់បង់ចំណូលរបស់កម្ពុជាទេ ប៉ុន្តែលោកគិតថា កម្ពុជាអាចរងផលប៉ះពាល់ផ្នែកពាណិជ្ជកម្មតាមព្រំដែនដោយសារវិធានការបិទព្រំដែនរបស់ថៃ ។ ទោះយ៉ាងណា ការបិទព្រំដែនរបស់ថៃមានភាពសមស្រប និងដើម្បីដាក់សម្ពាធកម្ពុជា ។
លោក ស៊ុរ៉ាសាន់ បញ្ជាក់ថា ៖ «កម្ពុជាក៏ត្រូវក្រឡេកមើលខ្លួនឯងថា តើបានត្រៀមខ្លួនកម្រិតណាមុននឹងនិយាយឱ្យថៃបើកព្រំដែន ពីព្រោះពេលនេះ ភាគីថៃមានគោលជំហរដូចគ្នាទាំងអស់ ចាប់ពីរដ្ឋាភិបាលរហូតដល់ថ្នាក់តំបន់ គឺត្រូវអនុវត្តតាមលក្ខខណ្ឌ៤ចំណុច មុននឹងជជែកពីប្រធានបទផ្សេង» ។
ចំណែកនាយករដ្ឋមន្ត្រីថៃ លោក អនុថីន ឆាន់វីរៈគូន ក៏បានបញ្ជាក់ពីលក្ខខណ្ឌ៤ចំណុចថា កម្ពុជាត្រូវយល់ព្រមជាមុន ទើបឈានទៅរកការចរចា ។ រីឯថ្នាក់តំបន់ក៏បញ្ជាក់ពីគោលជំហរតែមួយដែរ ត្រូវមានផែនការសកម្មភាពច្បាស់លាស់ រួមមាន ៖ ការដោះមីន និងជម្លៀសពលរដ្ឋចេញពីតំបន់ព្រំដែនដែលថៃចោទប្រកាន់ល្មើសអធិបតេយ្យ ប៉ុន្តែកម្ពុជាបែរជាគ្មានផែនការសកម្មភាពណាមួយ ។
រីឯកងទ័ពភូមិភាគទី២ថៃក៏បានជូនដំណឹងទៅកម្ពុជា អំពីការលើកពេលកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ជាមួយយោធភូមិភាគទី៤កម្ពុជាដោយគ្មានពេលកំណត់ ដោយសារកម្ពុជាពុំទាន់បញ្ជូនផែនការសកម្មភាព ។
លោក ស៊ុរ៉ាសាន់ បន្តថា ចំពោះគោលជំហររបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលត្រៀមធ្វើជាសាក្សីក្នុងការចរចាសន្តិភាពកម្ពុជា-ថៃ គឺអាមេរិកមានសក្តានុពលចាត់វិធានការ និងមានប្រទេសជាមិត្តផ្សេងៗគាំទ្រ ។ វាជារឿងល្អក្នុងតំបន់ និងបង្ហាញឱ្យឃើញថា អាមេរិកបារម្ភពីតំបន់អាស៊ាន ។ បញ្ហាសំខាន់ក្នុងការដោះស្រាយបញ្ហារវាងកម្ពុជា-ថៃ គឺបង្កើតសន្តិសុខ ហើយលោកយល់ថា កត្តាសំខាន់ឈានទៅរកការចរចាមួយផ្នែក គឺអាចមកពីសេដ្ឋកិច្ចកម្ពុជា ខណៈថៃក៏ចង់បន្ធូរបន្ថយភាពតានតឹងនៅតាមព្រំដែនដើម្បីឱ្យពលរដ្ឋរស់នៅក្នុងបរិយាកាសដូចមុន គ្មានការភ័យខ្លាច ឬបារម្ភពីការប៉ះទង្គិចនៅព្រំដែន ។
គួរបញ្ជាក់ថា នៅថ្ងៃទី១៥ ខែតុលានេះ សារព័ត៌មានមួយចំនួនរបស់ថៃបានចុះផ្សាយបំភ្លៃថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាដាក់សម្ពាធឱ្យថៃបើកព្រំដែននៅថ្ងៃទី២០ ខែតុលា ប៉ុន្តែពុំបានបង្ហាញពីការដកស្រង់ប្រភពច្បាស់លាស់នោះទេ ។
កន្លងមក សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ចាប់តាំងពីយោធាថៃបិទព្រំដែនជាឯកតោភាគីមក កម្ពុជាមិនដែលបានសុំភាគីថៃបើកច្រកវិញទេ គ្រាន់តែប្រាប់ទៅភាគីថៃថា ថៃជាអ្នកបិទ ថៃគឺជាអ្នកបើក មិនបាច់ចរចាជាមួយកម្ពុជាទេ ហើយកម្ពុជានឹងបើកតាមក្រោយយ៉ាងយូរ៥ម៉ោង ។ ជំហរកម្ពុជានឹងមិនផ្លាស់ប្តូរ ហើយកម្ពុជាក៏មិនធ្វើថោកទៅសុំថៃបើកច្រកព្រំដែននោះដែរ ថៃអាចបន្តបិទសូម្បី១០០ឆ្នាំទៀត ក៏កម្ពុជាមិនស្លាប់ដែរ ៕