តារាចម្រៀង អលជ្ជី សមាជិកក្រុម ឡាស៊ីម៉ា បានស្នើសុំដោយសុភាពរាបសារទៅកាន់អ្នកកាន់គណនី «Song Khmer» ដោយយកបទចម្រៀងរបស់លោកទៅដាក់នៅលើវេទិកាតន្រ្តី Spotify ធ្វើជាកម្មស្និទ្ធផ្ទាល់ខ្លួនឱ្យបញ្ឈប់សកម្មភាពនេះ។ អលជ្ជី ថាត្រឹមយកទៅដាក់នៅលើយូធូបលោកមិនថាអ្វីនោះទេប៉ុន្តែនេះយកទៅដាក់នៅលើ Spotify ។

អលជ្ជី បានបង្ហោះវីដេអូមួយនៅលើបណ្តាញសង្គមទិកតុកដោយសង្កត់ធ្ងន់ទៅកាន់គណនី «Song Khmer» បន្ទាប់ពីម្ចាស់ឆាណែលនេះបានយកបទចម្រៀងរបស់លោកសហការជាមួយនឹង មន្ត្រីយ៍ ឯក មានចំណងជើងថា «Ocean Breeze» យកទៅដាក់នៅលើ Spotify។ ទោះបីជាម្ចាស់បទយ៉ាងណាក្តីប៉ុន្តែ អលជ្ជី បាននិយាយដោយសុភាពរាបសារ និងតាមសម្រួលទៅកាន់អ្នកយកបទលោកធ្វើជាកម្មស្និទ្ធផ្ទាល់ខ្លួនឱ្យដកចេញពី Spotify ដើម្បីលោកអាច Upload ចូលបាន។
ជាមួយគ្នានេះ អលជ្ជី ថាធ្វើត្រឹមយូធូបលោកមិនថានោះទេប៉ុន្តែនេះដល់ Spotify ដូចជាលើសពេកហើយ។ ក្រោយពីទទូចស្នើសុំទៅកាន់អ្នកយកបទចម្រៀង ប៉ុន្មានម៉ោងក្រោយមក អលជ្ជី បានបញ្ជាក់ថាអ្នកដែលយកបទលោកដាក់ Spotify គឺបានដកចេញហើយ។ តារាចម្រៀងរូបនេះថែមទាំងនិយាយទៀតថា រឿងខ្លះត្រូវដោះស្រាយដោយសន្តិវិធី មានការសុំស្រួលបួលទៅគឺគេលុបឱ្យហើយ។

ពាក្យសម្តីរបស់ អលជ្ជី បានធ្វើឱ្យអ្នកគាំទ្រគាំងយោបល់ជាខ្លាំងពីព្រោះក្នុងនាមជាម្ចាស់ស្នាដៃនិងជាម្ចាស់បទបែរត្រូវឱនលំទោនទៅកាន់អ្នកដែលលួចយកទៅទៅវិញ។
គួរបញ្ជាក់ផងដែរថាបន្ទាប់ពីរៀបអាពាហ៍ពិពាហ៍រួច តារាចម្រៀង អលជ្ជី គ្រោងនឹងរៀបចំការប្រគំតន្រ្តីទោលលើកដំបូងក្នុងន័យសប្បុរសធម៌នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៦ នេះ។ ថវិកាដែលទទួលបាននឹងយកទៅជួយសាងសង់បណ្ណាល័យនៅវិទ្យាល័យធាយ និងជួយគាំទ្រដល់កុមារៗនៅឯខេត្តព្រៃវែងដែលជាស្រុកកំណើតផ្ទាល់របស់ អលជ្ជី៕









