កោះស្រឡៅ ត្រូវបានក្រសួងបរិស្ថាន កំពុងរៀបចំឱ្យក្លាយទៅជាកោះអព្យាក្រឹតកាបូនគំរូដំបូងគេនៅកម្ពុជា។
ការកែប្រែកោះនេះ គឺដើម្បីលើកកម្ពស់ជីវភាពសហគមន៍ អភិរក្សធនធនធម្មជាតិ និងបង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ។
យោងតាមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែត បានលើកឡើងថា៖”ក្រសួងបានរៀបចំផែនការជាជំហានៗយ៉ាងហ្មត់ចត់ និងជាក់លាក់ជាច្រើន ដើម្បីឱ្យសហគមន៍កោះស្រឡៅ ធានាបាននូវទេសភាពស្រស់ត្រកាល បរិស្ថាន ស្អាត និងបៃតង”។
ជំហានដំបូង ប្រជាសហគមន៍ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវរួមគ្នាសំអាតកោះស្រឡៅ ឱ្យបានស្អាតជាមុនសិន។ បន្ទាប់មក រៀបចំនូវហេដ្ឋារចនាសម្ពន្ធ័ផ្សេងៗ ដែលបម្រើដល់តម្រូវការចាំបាច់របស់ប្រជាសហគមន៍ដោយប្រើប្រាស់ថាមពលស្អាត។
សូមបញ្ជាក់ថាកោះស្រឡៅ ស្ថិតក្នុងភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ដែលហ៊ុមព័ទ្ធទៅដោយព្រៃកោងកាង និងជាទីកន្លែងសម្បូរទៅដោយ ជីវៈចម្រុះជាច្រើនប្រភេទ៕