ប្រទេសថៃ ៖ បន្ទាប់ពីសមាជិកព្រឹទ្ធសភា មន្ត្រីសិទ្ធិមនុស្ស ប្រធានគណបក្សប្រឆាំង និងសកម្មជនសិទ្ធិស្ត្រីនៅប្រទេសថៃ រិះគ.ន់បុគ្គល កាន់ ចមផ្លាំង Influencer ប្រព្រឹត្តទង្វើបំពា.នសិទ្ធិមនុស្សផ្ទុយនឹងច្បាប់អន្តរជាតិ ដោយបើកឧបករណ៍បំពងសំឡេងខ្លាំងៗរំខានពលរដ្ឋខ្មែរនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ដូចជា ៖ សំឡេងខ្មោច សំឡេងយន្តហោះចម្បាំង ឆ្កែលូ និងបញ្ចាំងកុនឯកសារ បុគ្គលនេះក៏ប្រកាសឈប់បើកសំឡេងរំខាន ។ ប៉ុន្តែនៅថ្ងៃទី១៤ ខែតុលា ស្រាប់តែប្រកាសថា នឹងបើកសំឡេងរំខានពលរដ្ឋខ្មែរទៀត បើទទួលបានការគាំទ្រពីមហាជន ។
តាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ឱ្យដឹងថា បុគ្គល កាន់ ចមផ្លាំង បានសន្យាឈប់បើកសំឡេងខ្មោចលងបន្លាចពលរដ្ឋខ្មែរទៀតហើយ ពីព្រោះជាការរំលោភសិទ្ធិមនុស្ស ព្រមទាំងរងការរិះគន់ពីសមាជិកព្រឹទ្ធសភា មន្ត្រីសិទ្ធិមនុស្ស និងពលរដ្ឋថៃមួយចំនួន ប៉ុន្តែបើពលរដ្ឋថៃគាំទ្រ ខ្លួននឹងបើកសំឡេងរំខានទៀត ។ បុគ្គលនេះសួរថា ពេលកម្ពុជាធ្វើអ្វី ហេតុអ្វីមិនឃើញមន្ត្រីសិទ្ធិមនុស្សចេញមកអំពាវនាវឱ្យបញ្ឈប់សកម្មភាព ។
កាលពីថ្ងៃទី១៤ ខែតុលា កន្លងមក មេបញ្ជាការកងទ័ពភូមិភាគទី២ លោក វីរៈយុទ្ធ រ៉ាក់ស៊ីន ព្រមទាំងកងទ័ពមួយចំនួនបានទៅផ្តល់កម្លាំងចិត្តដល់កងទ័ពថៃនៅប្រាសាទតាមាន់ធំ ព្រំដែនកម្ពុជា-ថៃ ។ ជាមួយគ្នានោះ បុគ្គល កាន់ថាត់ ផុងផៃប៊ូនវេត (ឬ កាន់ ចមផ្លាំង) បានធ្វើដំណើរទៅវត្តមួយកន្លែងនៅស្រុកភ្នំដងរ៉ាក់ ខេត្តសុរិន្ទ យកសម្ភារៈចែកឱ្យកងទ័ព ព្រមទាំងឡើងប្រាសាទតាមាន់ធំដើម្បីមើលលេណដ្ឋាន និងបន្ទប់ទឹកដែលខ្លួនធ្វើ ក៏ជួបជាមួយមេបញ្ជាការកងទ័ពភូមិភាគទី២ ។
បុគ្គលទាំងពីរបានបរិភោគអាហារ និងជជែកគ្នាពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយបុគ្គល កាន់ ចមផ្លាំង បាននិយាយពីមន្ត្រីសិទ្ធិមនុស្សនៅប្រទេសថៃរិះគន់ខ្លួនរឿងការបើកសំឡេងរំខាន ហើយថា ចាប់ពីពេលនេះ ខ្លួននឹងឈប់ជួលថយន្តធុងបាស់ទៅព្រំដែនបើកសំឡេងរំខានទៀតហើយ ។
បុគ្គល កាន់ ចមផ្លាំង និយាយថា ខ្លួនមានអារម្មណ៍ធុញទ្រាន់ជាមួយអ្នកចិត្តល្អនៅថៃ មិនមែនមានតែថៃទេ កម្ពុជាក៏ធ្លាប់បើកសំឡេងដែរ ប៉ុន្តែគ្មានមន្ត្រីសិទ្ធិមនុស្សណាម្នាក់រិះគន់ ឬអំពាវនាវឱ្យកម្ពុជាឈប់បើកសំឡេងរំខានពលរដ្ឋថៃទេ ។ លើសពីនេះ ក្មេងថៃស្លាប់ដោយសារសង្គ្រាមកម្ពុជា-ថៃ ក៏គ្មានមន្ត្រីសិទ្ធិមនុស្សទាមទាររកយុត្តិធម៌ដល់ប្រទេសថៃដែរ ។ ទោះជាការសំឡេងរំខានពលរដ្ឋខ្មែរត្រូវបានបញ្ឈប់ក្តី ប៉ុន្តែបើពលរដ្ឋថៃទាមទារឱ្យបើកម្តងទៀត ខ្លួននឹងធ្វើតាមសំណូមពរមហាជន ។
គួរបញ្ជាក់ថា Influencer រូបនេះទទួលបានការគាំទ្រពីពលរដ្ឋថៃយ៉ាងខ្លាំងបន្ទាប់ពីចេញមុខឈ្លានពានទឹកដីកម្ពុជា ជាពិសេស បុគ្គលនេះកាន់តែមានប្រជាប្រិយភាពខ្លាំងពេលបញ្ជូនរថយន្តដឹកលាមក ជាង១០គ្រឿងត្រៀមបាញ់ស្រោចលើពលរដ្ឋខ្មែរនៅភូមិជោគជ័យ និងភូមិព្រៃចាន់ នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ កន្លងមក បុគ្គលនេះបានចេញមុខប្រឆាំងពលរដ្ឋខ្មែរធ្វើការខុសច្បាប់នៅថៃ និងប្រាប់ឱ្យពលរដ្ឋថៃរាយការណ៍ បើឃើញពលរដ្ឋខ្មែរធ្វើការខុសច្បាប់ នឹងនាំសមត្ថកិច្ចទៅចាប់ភ្លាម ។
ប៉ុន្តែការចាក់សំឡេងរំខានពលរដ្ឋខ្មែរនៅភូមិជោគជ័យ និងភូមិព្រៃចាន់នាពេលថ្មីៗនេះ ពុំទទួលបានការគាំទ្រពីពលរដ្ឋថៃទាំងអស់ទេ ដោយសារធ្វើឱ្យថៃអាម៉ាស់មុខ និងខូចកេរ្តិ៍ឈ្មោះលើពិភពលោក ។ អ្នកលេងបណ្តាញសង្គមថៃមួយចំនួនបានរិះគន់បុគ្គលនេះដែលប្រព្រឹត្តថោកទាប ទង្វើរំលោភសិទ្ធិមនុស្ស រើសអើងជាតិសាសន៍ ៕