ប្រទេសថៃ ៖ សកម្មជនសិទ្ធិស្ត្រីបានចេញសេចក្តីថ្លែងការណ៍គាំទ្រមតិរបស់សមាជិកព្រឹទ្ធសភាថៃ លោកស្រី អាំងខាណា នីឡៈផៃជីត ដែលលើកឡើងពីរដ្ឋាភិបាល និងកងទ័ពថៃបណ្តោយឱ្យបុគ្គល កាន់ ចមផ្លាំង Influencer ចាក់សំឡេងរំខានពលរដ្ឋខ្មែរនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ដោយសកម្មជនសិទ្ធិស្ត្រីអះអាងថា សន្តិភាពមិនកើតឡើងពីការស្អ.ប់ខ្ពើ.មទេ ។ ជ.នជាតិថៃ ឬជ.នជាតិខ្មែរ គឺជាមនុស្សដូចគ្នា មនុស្សគ្រប់រូបមានសិទ្ធិរស់នៅក្នុងសន្តិភាព សុវត្ថិភាព គ្មានអំពើហិង្សា និងការរើសអើ.ង ។

ថ្មីៗនេះ សមាជិកព្រឹទ្ធសភាថៃ លោកស្រី អាំងខាណា បានសរសេរក្នុងហ្វេសប៊ុកបារម្ភពីការបណ្តោយឱ្យបុគ្គល កាន់ ចមផ្លាំង Influencer ធ្វើសកម្មភាពដាក់សម្ពាធ ឬបង្កការភ័យខ្លាច ដូចជា ៖ ការបើកសំឡេងខ្មោច និងសំឡេងស្រែក ពេលប្រទេសកម្ពុជា-ថៃកំពុងមានជម្លោះ អាចជាបញ្ហាប្រឈមយ៉ាងខ្លាំងសម្រាប់រដ្ឋាភិបាលថៃ ជាពិសេស រដ្ឋមន្ត្រីក្រសួងការបរទេសថៃដែលត្រូវចរចាជាមួយកម្ពុជារកដំណោះស្រាយរួមគ្នា ។ បន្ទាប់ពីសមាជិកព្រឹទ្ធសភាលើកឡើងបែបនេះ ក៏មានមតិគាំទ្រ និងមិនគាំទ្រជាច្រើនក្នុងបណ្តាញសង្គម ។

កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ សកម្មជនសិទ្ធិស្ត្រីបានចេញសេចក្តីថ្លែងការណ៍គាំទ្រមតិសមាជិកព្រឹទ្ធសភា លោកស្រី អាំងខាណា ដែលលើកឡើងពីការពិតតាមគោលការណ៍សិទ្ធិមនុស្ស និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ។ សេចក្តីថ្លែងការណ៍មានខ្លឹមសារថា ការស្អប់ខ្ពើមធ្វើឱ្យពលរដ្ឋថៃមួយចំនួនរិះគន់មតិសមាជិកព្រឹទ្ធសភា លោកស្រី អាំងខាណា ដែលជាស្ត្រីម្នាក់គោរពសិទ្ធិមនុស្ស ក្លាហាន បំពេញតួនាទីដោយស្មោះត្រង់ និងសុចរិត ។ ទោះដឹងថាការបញ្ចេញមតិនាំឱ្យសង្គមរិះគន់ ប៉ុន្តែលោកស្រីនៅតែនិយាយឈរលើភាពត្រឹមត្រូវ មិនមែននិយាយដើម្បីខ្លួនឯង ប៉ុន្តែដើម្បីការពារសិទ្ធិមនុស្សគ្រប់រូប ។

ស្មារតីស្នេហាជាតិរបស់ពលរដ្ឋថៃបានក្លាយជាអាវុធ វាគួរឱ្យរីករាយដែលពលរដ្ឋថៃចាប់អារម្មណ៍នឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ប៉ុន្តែសំណួរសួរថា តើយើងកំពុងដោះស្រាយបញ្ហាដោយសន្តិវិធី ឬបណ្តុះគំនិតស្អប់ខ្ពើម? គំនិតជាតិនិយមពេលនេះកំពុងបណ្តុះគំនិតស្អប់ខ្ពើមក្នុងចិត្ត គិតតែពីហិង្សា ដោយបំផ្លាញភាពយុត្តិធម៌ និងសន្តិភាពដោយផ្ទាល់ដៃ ។ តើយើងកំពុងបង្កើតវប្បធម៌បែបណាក្នុងចិត្តរបស់យើង ឬមនុស្សក្នុងសង្គម?

បើបង្កើតសង្គមពោរពេញដោយការស្អប់ខ្ពើម គឺយើងនឹងស្ថិតនៅជាមួយការស្អប់ខ្ពើម ប៉ុន្តែបើកសាងវប្បធម៌យល់ពីគ្នា មានភាពយុត្តិធម៌ និងបារម្ភ គឺនឹងទទួលបានសង្គមមានកិត្តិយស ។ ការស្នេហាជាតិដ៏មានតម្លៃ មិនមែនបានពីការចាក់សំឡេងរំខាន ឬការស្អប់ខ្ពើមទេ ប៉ុន្តែបានពីភាពក្លាហានក្រោកឈរឡើងដើម្បីសេចក្តីថ្លៃថ្នូរ ។

បុគ្គល កាន់ ចមផ្លាំង Influencer មិនគួរមានសិទ្ធិលើសពីច្បាប់ទេ ដែលធ្វើសកម្មភាពញុះញង់ជាតិនិយម គឺគំរាមកំហែងសង្គម ដែលត្រូវបញ្ឈប់សកម្មភាពតាំងពីដំបូង ។ ជ.នជាតិថៃ ឬជ.នជាតិខ្មែរ គឺជាមនុស្សដូចគ្នា មនុស្សគ្រប់រូបមានសិទ្ធិរស់នៅក្នុងសន្តិភាព សុវត្ថិភាព គ្មានអំពើហិង្សា និងការរើសអើ.ង ។ ជម្លោះកម្ពុជា-ថៃ គឺមេដឹកនាំប្រទេសពីរត្រូវដោះស្រាយបញ្ហា កុំបណ្តោយឱ្យពលរដ្ឋទាំងសងខាងស្អប់ខ្ពើមគ្នាដោយសារជម្លោះ ពីព្រោះសង្គ្រាម និងជម្លោះនាំមកនូវការខាតបង់ ខាតប្រយោជន៍ គួរដោះស្រាយបញ្ហាដោយសន្តិវិធី ចៀសវាងការខាតបង់គ្រប់យ៉ាង ។

សកម្មជនសិទ្ធិស្ត្រីបានអំពាវនាវឱ្យរដ្ឋាភិបាល កងទ័ព និងអង្គការក្រៅរដ្ឋាភិបាលនៅប្រទេសថៃ បំពេញតួនាទីតាមគោលការណ៍សិទ្ធិមនុស្សអន្តរជាតិជាបន្ទាន់ មានតម្លាភាព ទទួលខុសត្រូវចំពោះពលរដ្ឋ បញ្ឈប់ការស្អប់ខ្ពើម និងការពារកិត្តិយសមនុស្សគ្រប់រូប មិនប្រកាន់ជាតិសាសន៍ ។ សកម្មជនសិទ្ធិស្ត្រីគាំទ្រមតិរបស់សមាជិកព្រឹទ្ធសភា លោកស្រី អាំងខាណា ដែលការពារ និងគោរពសិទ្ធិមនុស្សគ្រប់រូប ៕