ប្រទេសថៃ ៖ លោក សេតថា សាប់យ៉េន សាស្ត្រាចារ្យមុខវិជ្ជាគ្រប់គ្រង និងនយោបាយនៅសាកលវិទ្យាល័យ Navamindradhiraj បានណែនាំរដ្ឋាភិបាលខ្លួនអនុវត្តយុទ្ធសាស្ត្រដាក់សម្ពាធឱ្យកម្ពុជាចរចាទទួលយកលក្ខខណ្ឌរបស់ថៃ ។ សាស្ត្រាចារ្យរូបនេះបញ្ជាក់ថា បច្ចុប្បន្ន រដ្ឋាភិបាលថៃបានប្រឈមនឹងការដាក់សម្ពាធគ្រប់ផ្នែកទាំងស្ថានការណ៍ក្នុងប្រទេស និងក្រៅប្រទេស ដូច្នេះ គួរតែកំណត់យុទ្ធសាស្ត្រចម្រុះទាំងការទូត សន្តិសុខ និងអនុញ្ញាតឱ្យពលរដ្ឋធ្វើសកម្មភាពបញ្ចេញមតិ បាតុកម្ម និងតវ៉ាក្នុងបណ្តាញសង្គម ។
សាស្ត្រាចារ្យរូបនេះបានចោទប្រកាន់កម្ពុជាផ្សព្វផ្សាយព័ត៌មានបំភ្លៃ និងចោទប្រកាន់កម្ពុជាបង្ហោះដ្រូនចូលហួសបន្ទាត់ព្រំដែន ក៏ដូចជាបង្ហាញវត្តមាននៅលើឆាកអន្តរជាតិ ។ ហេតុនេះ រដ្ឋាភិបាលថៃគួរតែរៀបចំយុទ្ធសាស្ត្រឱ្យបានគ្រប់ជ្រុយជ្រោយ និងស៊ីជម្រៅកាន់តែខ្លាំង ដោយផ្តោតលើការអនុវត្តយុទ្ធសាស្ត្រចម្រុះទាំងការទូត និងយន្តការសន្តិសុខដើម្បីដាក់សម្ពាធ និងមិនធ្វើឱ្យថៃធ្លាក់ក្នុងជម្លោះដោយផ្ទាល់ ។
សម្រាប់ផ្នែកសន្តិសុខ គឺរដ្ឋាភិបាល និងកងទ័ព ត្រូវតែត្រៀមខ្លួនបើមានការល្មើស ប៉ុន្តែមិនឈានទៅសង្គ្រាម ដូចជា ៖ ការយាមល្បាត ការដោះមីននៅតំបន់គ្រោះថ្នាក់ ដោយមានការជូនដំណឹងជាមុនដើម្បីកុំឱ្យមានការចោទប្រកាន់ថៃបំពានអធិបតេយ្យ ។ ក្រៅពីនេះ ពលរដ្ឋ និងសារព័ត៌មាននានាមានតួនាទីសំខាន់ក្នុងការជួយដាក់សម្ពាធផ្នែកសង្គមដោយសន្តិវិធី ហើយរដ្ឋាភិបាលត្រូវអនុញ្ញាតឱ្យពលរដ្ឋបញ្ចេញមតិក្នុងក្របខ័ណ្ឌច្បាប់ រួមមាន ៖ ការប្រមូលផ្តុំបាតុកម្មនៅមុខស្ថានទូតកម្ពុជា, ការតវ៉ាក្នុងបណ្តាញសង្គមបង្ហាញពីការបារម្ភចំពោះទឹកដី និងផ្តល់កម្លាំងចិត្តដល់កងកម្លាំងនៅព្រំដែន ។
ចំណុចទាំងនេះជាផ្នែកមួយនៃ Soft Power និងជាការបញ្ជូនសារដោយពុំចាំបាច់ប្រើប្រាស់ហិង្សា ។ ការរួបរួមកម្លាំងសង្គមដែលបើកឱកាសឱ្យពលរដ្ឋធ្វើសកម្មភាព គឺជាវិធីជួយឱ្យថៃអាចការពារអធិបតេយ្យ និងផលប្រយោជន៍ជាតិ ដោយពុំចាំបាច់ធ្វើឱ្យស្ថានការណ៍ជម្លោះរាលដាល ថែមទាំងជួយរក្សាមុខមាត់ប្រទេសថៃលើឆាកអន្តរជាតិផងដែរ ។
សរុបមក យុទ្ធសាស្ត្រទាំងអស់មានគោលបំណងបង្ខំឱ្យកម្ពុជាយល់ព្រមចរចា និងទទួលយកលក្ខខណ្ឌទាំងអស់របស់ថៃ ដោយសារថៃចង់ឃើញកម្ពុជាចុះញ៉ម ពីព្រោះបច្ចុប្បន្ន កម្ពុជារងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច ខណៈកម្ពុជាពឹងផ្អែកថៃខ្លាំង ។ ថៃពុំទិញទំនិញកម្ពុជានឹងធ្វើឱ្យស្ថានការណ៍សេដ្ឋកិច្ចនៅកម្ពុជាមិនស្ថិតស្ថេរ ហើយកម្ពុជាយល់ព្រមចរចាពេលណា គឺពេលនោះហើយដែលយុទ្ធសាស្ត្ររបស់ថៃទទួលបានជោគជ័យ ។ នេះបើតាមការលើកឡើងរបស់សាស្ត្រាចារ្យថៃ ។
គួរបញ្ជាក់ថា រដ្ឋាភិបាលថៃចង់ឱ្យកម្ពុជាទទួលយកលក្ខខណ្ឌចំនួន៤ រួមមាន ៖ ១-កម្ពុជាត្រូវដកអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែន ២-ដោះមីន ៣-សហការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន និង៤-គ្រប់គ្រងព្រំដែននៅតំបន់មានបញ្ហា ។ លោកនាយករដ្ឋមន្ត្រីថៃ អនុថីន ឆាន់វីរៈគូន ស្រែកថាចង់បានសន្តិភាពជាមួយកម្ពុជា ជាប្រទេសជិតខាង និងមិនហ៊ានជំទាស់ជាមួយការអន្តរាគមន៍របស់អាមេរិក ប៉ុន្តែបែរជាប្រគល់អំណាចពេញលេញឱ្យកងទ័ពជាអ្នកសម្រេចចិត្តរឿងព្រំដែន ៕