តារាចម្រៀង អលជ្ជី បានធ្វើឱ្យបណ្តាញសង្គមផ្ទុះកក្រើកយ៉ាងខ្លាំងបន្ទាប់ពីកាត់ឈ្មោះ វណ្ណដា ចេញពីចម្រៀងរបស់ខ្លួននិងពោលពាក្យថា «វណ្ណដា ជួយខ្ញុំ ឬ ខ្ញុំជួយ វណ្ណដា»។ ក្រោយពីរងការវែកញែកពេក អលជ្ជី បានចេញមកបកស្រាយខណៈលោកស្នើឱ្យទស្សនិកជនងាកទៅគិតរឿងព្រំដែនវិញនិងចង់ឃើញខ្មែរសាមគ្គីគ្នា។
កាលពីល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ អលជ្ជី ម្ចាស់បទ «សូរិយា»(អេតាស៊ីវិល) បានចេញមកបកស្រាយថា ចាប់តាំងពីលោកចេញបទចម្រៀង «Flashback» ខុសពីការបញ្ចេញក្នុងកម្មវិធី Rean Thort podcast មានមតិជាច្រើនដែលធ្វើឱ្យប៉ះពាល់ផ្លូវចិត្តលោកខ្លាំង។ អលជ្ជី ថាក្នុងនាមលោកជាម្ចាស់បទលោកមានសិទ្ធិដកឬបន្ថែមឃ្លាណាក៏បានក្នុងចម្រៀងដែលលោកផលិតហើយមូលហេតុដែលលោកបានដកឃ្លាមួយចេញព្រោះមានរឿងច្រើនណាស់នៅពីក្រោយដែលទស្សនិកជនមិនដឹង។
ទោះយ៉ាងណា អលជ្ជី មិនបានបញ្ជាក់ថាមានរឿងអ្វីនៅពីក្រោយជាមួយនឹង វណ្ណដា នោះទេព្រោះវារឿងឯកជន។ ចំណែកឯឃ្លា «វណ្ណដាជួយខ្ញុំ ឬ ខ្ញុំជួយវណ្ណដា» អលជ្ជី ថាមានមនុស្សជាច្រើនយល់ច្រឡំមិនយល់ពីអ្វីដែលលោកនិយាយ។ តារាចម្រៀងរូបនេះបន្តថា បើលោកចង់មានន័យដូចអ្វីដែលមនុស្សជាច្រើនគិត ហេតុអ្វីលោកមិនសរសេរតែមួយម៉ាត់ថា លោក ជួយវណ្ណដា ប៉ុន្តែបានសរសេរទាំងពីរដោយសារតែការងារគឺមានទៅមានមក លោកជួយគេ គេក៏ជួយលោកដូចគ្នា។
អលជ្ជី ថាពាក្យ «ផឹកទឹកកុំភ្លេចប្រភព» ឬឈានដល់លោកជាមនុស្សរមិលគុណ វាពិតជាអយុត្តិធម៌ខ្លាំងណាស់សម្រាប់លោកទាំងដែលលោកបានព្យាយាមអស់ពីសមត្ថភាព ជ្រោមជ្រែងនៅពីក្រោយការងារជាច្រើនតាំងពីអ្នកទាំងពីរនៅក្បែរគ្នាដើម្បីមិត្តភាពមួយនេះ។ អលជ្ជី ក៏បានបង្ហាញពីការងារមួយចំនួនដែលលោកបានជួយ វណ្ណដា មានដូចជា ជួយទៅលើការសរសេរប៉ារ៉ូល Time to rise , Run the town និងបទមួយចំនួនផ្សេងទៀត ពេលខ្លះក៏បានជួយទៅលើការ record ហើយនឹងចូលរួមថតនៅក្នុង MV មួយចំនួន។
តារាចម្រៀង អលជ្ជី បានទទួលស្គាល់ថា គេ ដែលសម្តៅទៅកាន់ វណ្ណដា ធ្លាប់ជួយលោកហើយលោកក៏ដឹងច្បាស់ថាលោកក៏ធ្លាប់ជួយគេវិញច្រើនដែរ ទម្រាំមកដល់ចំណុចនេះលោកព្យាយាមខ្លាំងណាស់ទាំងថ្ងៃទាំងយប់ ហេតុអ្វីបានជាសមិទ្ធផលដែលលោកខំកសាងមកត្រូវបានគេយល់ច្រឡំថាលោកល្បីដោយសារអ្នកនេះល្បីដោយសារអ្នកនោះ ចុះកម្លាំងញើសឈាមនិងសមត្ថភាពលោកនៅឯណា?។
អលជ្ជី បាននិយាយបន្ថែមទៀតដែរថា ឱ្យតែអ្នកណាម្នាក់ដើរចេញពីបុគ្គលមួយដែលមាន ការស្រលាញ់គាំទ្រត្រូវតែជាប់ឈ្មោះថាជា«ក្រពើ» ទាំងដែលមិនដឹងពីមូលហេតុនៅពីក្រោយសោះ លោកមិនទម្លាក់កំហុសអោយអ្នកណាទេចាត់ទុកថាវាគ្រាន់តែជាការយល់ច្រឡំទៅចុះ។ សមាជិក Lacima រូបនេះសង្ឃឹមថាលោកទទួលបានយុត្តិធម៌មកវិញ ។
មុននឹងបញ្ចប់ការបកស្រាយរបស់ខ្លួន អលជ្ជី ក៏បានអរគុណទៅកាន់សមាជិកក្រុម និងក្រុមហ៊ុនរបស់ខ្លួន។ លើសពីនេះតារាចម្រៀងរូបនេះក៏បានស្នើឱ្យមហាជនក្រឡេកទៅមើលរឿងប្រទេសជាតិសុខទុក្ខពលរដ្ឋនៅតាមជាយដែន។ លើសពីនេះ អលជ្ជី ថាលោកចង់ឃើញខ្មែររួបរួមសាមគ្គីគ្នាដើម្បីការពារទឹកដីដែលត្រូវបានឈ្លានពានដោយចោរសៀម៕