ប្រទេសថៃ ៖ បុគ្គល កាន់ ចមផ្លាំង Influencer ថៃបានបើកឧបករណ៍បំពងសំឡេងខ្លាំងៗជាច្រើនថ្ងៃរំខានពលរដ្ឋខ្មែរនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ដូចជា ៖ សំឡេងខ្មោចលង សំឡេងយន្តហោះចម្បាំង ឆ្កែលូ និងបញ្ចាំងកុនឯកសារ ដែលមិនត្រឹមតែរងការរិះគ.ន់ពីសមាជិកព្រឹទ្ធសភា មន្ត្រីសិទ្ធិមនុស្ស និងពលរដ្ឋថៃក្នុងបណ្តាញសង្គមនោះទេ គឺនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ លោក ណាថាផុង រឿងបញ្ញាវុធ ប្រធានគណបក្សប្រជាជនដែលជាគណបក្សប្រឆាំង ក៏បានរិះគន់ការបើកសំឡេងរំខានដែរ និងបារម្ភខ្លាចថៃចាញ់ប្រៀបកម្ពុជាលើពិភពលោក ។
តាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod ឱ្យដឹងថា នៅថ្ងៃទី១៤ ខែតុលា លោក ណាថាផុង រឿងបញ្ញាវុធ ប្រធានគណបក្សប្រឆាំងបានស្នើឱ្យលោកនាយករដ្ឋមន្ត្រី អនុថីន ឆាន់វីរៈគូន និងលោករដ្ឋមន្ត្រីក្រសួងការបរទេស សីហស័ក្តិ ពួងកេតកែវ ឆ្លើយតបឱ្យច្បាស់ ហេតុអ្វីបណ្តោយបុគ្គល កាន់ ចមផ្លាំង បើកសំឡេងរំខានតាមអំពើចិត្ត ដូចជា សំឡេងខ្មោចលង តើល្មើសនឹងច្បាប់អន្តរជាតិដែរឬទេ? ប្រធានគណបក្សប្រឆាំងពុំគាំទ្រការបើកសំឡេងរំខានពលរដ្ឋខ្មែរនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ដោយបារម្ភពីថៃចាញ់ប្រៀបកម្ពុជាលើពិភពលោក ។
នាវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៤ ខែតុលា នៅរដ្ឋសភា លោក ណាថាផុង ប្រធានគណបក្សប្រឆាំងបានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាន ករណីបុគ្គល កាន់ ចមផ្លាំង Influencer ដ៏ល្បីដឹកឧបករណ៍បំពងសំឡេងទៅតំបន់ព្រំដែនខេត្តស្រះកែវ និងបើកសំឡេងខ្មោច សំឡេងយន្តហោះចម្បាំង រួមទាំងបញ្ចាំងកុនឯកសារពេលពលរដ្ឋខ្មែរភៀសខ្លួនសម័យខ្មែរក្រហម ថា ពលរដ្ឋថៃគ្រប់រូបចង់ជួយដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ រួមទាំង កាន់ ចមផ្លាំង ។ ប៉ុន្តែនេះជាតួនាទីរបស់រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រី គួរធ្វើយ៉ាងណាឱ្យប្រទេសថៃមានប្រៀបតាមការចង់បានរបស់ពលរដ្ឋ ឬដោះស្រាយជម្លោះព្រំដែន ដោយរដ្ឋាភិបាលថៃត្រូវធ្វើឱ្យប្រទេសរឹងមាំ មិនធ្វើឱ្យថៃអាម៉ាស់មុខ ឬចាញ់ប្រៀបកម្ពុជា ។
ការហាមឃាត់សំឡេងរំខានផ្សេងៗនៅតំបន់ព្រំដែនខេត្តស្រះកែវ គឺជាអំណាចរបស់លោកនាយករដ្ឋមន្ត្រី អនុថីន និងរដ្ឋាភិបាលថៃ ពីព្រោះតំបន់ព្រំដែនកម្ពុជា-ថៃ ខេត្តស្រះកែវ គឺជាតំបន់ប្រកាសច្បាស់អាជ្ញាសឹករួចហើយ ។ មតិមួយចំនួនកង្វល់ពីការបើកសំឡេងរំខាននៅតំបន់ព្រំដែនធ្វើឱ្យប៉ះពាល់ផ្លូវចិត្តពលរដ្ឋខ្មែរ ដែលបញ្ហានេះ គឺកងទ័ព និងរដ្ឋាភិបាលថៃ ត្រូវទទួលខុសត្រូវដោយផ្ទាល់ ។ ហេតុនេះ លោកនាយករដ្ឋមន្ត្រី អនុថីន និងលោក សីហស័ក្តិ រដ្ឋមន្ត្រីក្រសួងការបរទេស ត្រូវឆ្លើយឱ្យច្បាស់ ហេតុអ្វីបណ្តោយ Influencer បើកសំឡេងរំខានពលរដ្ឋខ្មែរ ។
ទោះជាមានការអះអាងថា ការបើកសំឡេងរំខាននេះក្នុងគោលបំណងល្អ និងទទួលបានការគាំទ្រពីរដ្ឋាភិបាលថៃ ប៉ុន្តែមានសំណួរសួរថា តើការបើកសំឡេងរំខានជាការល្មើសច្បាប់អន្តរជាតិដែរឬទេ និងធ្វើឱ្យប្រទេសថៃចាញ់ប្រៀបកម្ពុជាលើពិភពលោកទេអត់? គឺប្រធានគណបក្សប្រឆាំងបានស្នើឱ្យលោកនាយករដ្ឋមន្ត្រី អនុថីន និងលោករដ្ឋមន្ត្រីការបរទេស សីហស័ក្តិ ចេញមកបកស្រាយ ។
គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីថៃ លោក អនុថីន បានបើកដៃឱ្យកងទ័ព និងបុគ្គល កាន់ ចមផ្លាំង បើកសំឡេងយ៉ាងខ្លាំងទ្រហឹងអឺងកកជាសំឡេងខ្មោច និងឆ្កែលូ ដើម្បីរំខានអ្នកភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ សំឡេងរំខាននេះធ្វើឱ្យចាស់ជរា ទារក កុមារ និងស្ត្រីទើបឆ្លងទន្លេរួច សម្រាន្តមិនបាន ដែលនេះជាការបំពានសិទ្ធិរស់នៅយ៉ាងធ្ងន់ធ្ងរ និងជាការបំភិតបំភ័យ យាយីផ្លូវចិត្ត ៕