បាងកក៖ ដោយខ្លាចទទួលរងមតិប្រតិកម្មពីសាធារណជនថៃ មន្ត្រីជាន់ខ្ពស់នៃការិយាល័យអគ្គមេធាវីម្នាក់ (OAG) បានសុំលាក់បាំងអត្តសញ្ញាណ មុននឹងផ្ដល់ការព្រ.មានថា ការចាក់សម្លេងខ្មោច សម្លេងឆ្កែលូ ឬសម្លេងយន្តហោះ F16 ដើម្បីរំខានពលរដ្ឋកម្ពុជា គឺជាទង្វើដែលនឹងនាំឲ្យប្រទេសថៃទៅរងចោទប្រកាន់ពីបទរំលោ.ភលើអនុសញ្ញាប្រឆាំងនឹងការធ្វើទា.រុណកម្ម និងការប្រព្រឹត្តិកម្ម ឬការដាក់ទណ្ឌកម្មដ៏ឃោរឃៅ អមនុស្សធម៌ ឬថោកទាបផ្សេងទៀតពីអន្តរជាតិ។ នេះបើតាមសារព័ត៌មាន The Nation នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។
មន្ត្រី OAG ដែលសុំលាក់បាំងអត្តសញ្ញាណម្នាក់នោះ បាននិយាយថា ការយុទ្ធសាស្រ្តចាក់សំឡេងដ៏គួរឱ្យភ័យខ្លាច ដូចជាសំឡេងភាពខ្មោច សំឡេងឆ្កែលូ និងសំឡេងយន្តហោះ F-16 ប្រឆាំងនឹងពលរដ្ឋខ្មែរ អាចត្រូវបានគេបកស្រាយថាជាការរំលោ.ភលើកាតព្វកិច្ចអន្តរជាតិរបស់ប្រទេសថៃ ក្រោមអនុសញ្ញា CAT ដែលប្រទេសថៃបានផ្តល់សច្ចាប័នកន្លងមក។
មន្ត្រីរូបនេះពន្យល់ថា ពាក្យថា “សំឡេងខ្មោច” សំដៅលើវិធីសាស្ត្រនៃការធ្វើទារុណកម្មផ្លូវចិត្ត ដែលជាទូទៅគេតែងប្រើជាសម្លេងបន្លាចបែបអាថ៌កំបាំង ឬគួរឱ្យថប់បារម្ភ ដែលត្រូវបានគេរាយការណ៍ថា ប្រើដើម្បីដាក់សម្ពាធលើអ្នកទោ.សជាប់ឃុំក្នុងពេលសាកសួរ។ ឥឡូវនេះថៃបានប្រើយុទ្ធសាស្រ្តនេះ ទៅលើជនសុីវិលកម្ពុជា ដែលវាប្រាសចាកពីសីលធម៌ និងគុណធម៌ក្នុងនាមជាមនុស្ស។
ប្រភពអាថ៌កំបាំងនេះ បានសង្កត់ធ្ងន់ថា យោងតាមច្បាប់របស់ថៃ គឺហាមប្រាមរាល់ទង្វើនៃការធ្វើទារុណកម្ម ឬការធ្វើទារុណកម្មដោយមន្ត្រី ហើយភ្នាក់ងារត្រូវតែធានាឱ្យមានការអនុលោមតាមស្តង់ដារទាំងក្នុងស្រុក និងអន្តរជាតិ។ ការបរាជ័យក្នុងការអនុវត្តគោលការណ៍នេះ នឹងបកអា.ក្រាតប្រទេសថៃទៅកាន់អន្តរជាតិ ហើយថៃនឹងប្រឈមការរិះគន់ ក៏ដូចជាការដាក់ទោសពីច្បាប់អន្តរជាតិមិនខាន។
គួរបញ្ចាក់ថា មន្រ្តីជាន់ខ្ពស់អាថ៌កំបាំងរូបនេះគឺជាបុគ្គលទី២ បន្ទាប់ពីសមាជិកព្រឹទ្ធសភាថៃលោកស្រី Angkhana Neelapaijit ដែលបាននិយាយចំៗអំពីភាពត្រឹមត្រូវក្នុងការចាក់សម្លេងរំខាននៅតាមព្រំដែនកម្ពុជា-ថៃ។ ជុំវិញរឿងនេះ លោកស្រី Angkhana Neelapaijit បានស្នើដល់រដ្ឋាភិបាលទីក្រុងបាងកក ឲ្យពិនិត្យលើករណីប្រើប្រាស់សម្លេងប្រឆាំងពលរដ្ឋខ្មែរ ដែលជាគមនិតផ្ដួចផ្ដើមដោយបុគ្គលម្នាក់ឈ្មោះ Kan Chom Phalang ៕