រាជធានីភ្នំពេញ នៅថ្ងៃអាទិត្យ ទី១២ ខែតុលា ឆ្នាំ២០២៥៖ មិត្តហ្វូន ដែលជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ ឈានមុខគេនៅកម្ពុជា បានរៀបចំព្រឹត្តិការណ៍ដ៏គគ្រឹកគគ្រេង ប្រជុំដោយបេក្ខជនឆ្នើមៗ អ្នកផលិតមាតិកាជំនាន់ថ្មី ហ្វេនៗ អ្នកគាំទ្រ គ្រប់ស្រទាប់យុវវ័យ សិល្បករ ថ្នាក់គ្រប់គ្រងក្រុមហ៊ុន មិត្តហ្វូន ព្រមទាំងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៃកម្មវិធី Metfone STARS នារដូវកាលទី 2 នៅសាលជាន់ទី 3 នៃផ្សារទំនើបអ៊ីអន ម៉ល សែនសុខ ស៊ីធី រួមទាំងមានការផ្សាយផ្ទាល់ (Live) តាមរយៈផេកផ្លូវការ Metfone និង MeOne។
ក្រោមបរិយាកាសដ៏រំភើប ឆាកប្រកួតដ៏ទាក់ទាញ សំឡេងស្រែកហ៊ោគាំទ្រខ្លាំងៗមិនចេះដាច់សូរ ជាកម្លាំងជំរុញចិត្តដ៏ខ្លាំងក្លាដល់បេក្ខជនឆ្នើម TOP3 ទាំង 3 ដួង ឱ្យបញ្ចេញសមត្ថភាព និងទេពកោសល្យរបស់ខ្លួនយ៉ាងភ្លឺចិញ្ចាច ដែលធ្វើឱ្យភ្ញាក់ផ្អើលទាំងគណៈកម្មការ គណៈគ្រប់គ្រងក្រុមហ៊ុន និងអ្នកចូលរួមទស្សនាផ្ទាល់នៅក្នុងសាលកម្មវិធី ស្ងើចសរសើរមិនដាច់ពីមាត់ នារាត្រីផ្តាច់ព្រ័ត្រដ៏រំភើបអស្ចារ្យនេះ។
បេសកកម្មដ៏ពិសេសនៃវគ្គផ្តាច់ព្រ័ត្រនេះ គឺតម្រូវឱ្យគណៈកម្មការទាំង 3 ដួង ដែលមាន កញ្ញា ឌី សូនិត្តា កញ្ញា រចនា រ៉ាវឌី កញ្ញា ផន ស្រីពី ត្រូវវាយតម្លៃ និងផ្តល់ពិន្ទុប្រកបដោយសុក្រឹតភាព យុត្តិធម៌ និងតម្លាភាព ទៅលើស្នាដៃវីដេអូរបស់បេក្ខជនឆ្នើមទាំង TOP3 ទាំង 3 ដួង ដែលមានបេក្ខជនសម្គាល់លេខ1 មុំ វណ្ណដាវីន (ហៅ ទេវតាក្ងេងក្ងង់) បេក្ខជនទី2 Ricky អគ្គិសនី និងបេក្ខជនទី3 រិទ្ធ ដារ៉ូ (ហៅ ព្រះនាងតូច)។
ឆ្លងកាត់វិញ្ញាសាដ៏លំបាកៗពីមួយវគ្គ ទៅមួយវគ្គ ទម្រាំឈានជើងមកឈរលើឆាកផ្តាច់ព្រ័ត្រនេះ បេក្ខជនទាំង 3 ដួង បានរៀនសូត្រនូវចំណុចគន្លឹះៗ និងបទពិសោធពិសេសៗជាច្រើនពី Mentors ឬគណៈកម្មការ ដែលនៅក្នុងវគ្គផ្តាច់ព្រ័ត្រនេះ បេក្ខជនទាំង3ដួង បានបញ្ចេញនូវសា្នដៃដ៏អស្ចារ្យ លើវិញ្ញាសាផ្តាច់ព្រ័ត្រចំនួនពីរ ដែលវិញ្ញាសាទី 1 ផលិតវីដេអូក្រោមប្រធានបទ «កិត្យានុភាពកម្ពុជាទៅកាន់ពិភពលោក – ការបង្ហាញពីអត្តសញ្ញាណរបស់កម្ពុជា តាមរយៈការផលិតមាតិកា» និងវិញ្ញាសាទី 2 ប្រធានបទ «ការផ្សព្វផ្សាយដ៏ល្អឥតខ្ចោះ – ស្តែងចេញពីស្នារបស់អ្នក»។
ជាមួយនឹងកិច្ចសម្ភាសរបស់ពិធីករ បងស្រីរបស់បេក្ខជនឆ្នើម រិទ្ធ ដារ៉ូ បានស្រក់ទឹកភ្នែកដោយក្ដីរំភើបជំនួសប្អូន ក្រោយពីបានឃើញប្អូននៅលើឆាកប្រកួតដ៏អស្ចារ្យ ហើយមានអ្នកគាំទ្រយ៉ាងច្រើន និងជូនពរប្អូនឱ្យទទួលបានជោគជ័យនារាត្រីនេះ និងមានអនាគតល្អក្នុងវិស័យអ្នកផលិតមាតិកាឌីជថល រួមទាំងអរគុណដល់ក្រុមហ៊ុន មិត្តហ្វូន ដែលបានបង្កើតកម្មវិធីនេះឡើង ដើម្បីផ្តល់ឱកាសដល់យុវជនជំនាន់ក្រោយៗ អភិវឌ្ឍខ្លួនលើជំនាញថ្មីមួយទៀត នាសម័យកាលថ្មីនេះ។
បន្ទាប់ពីការបូកពិន្ទុដ៏សុក្រឹតតាមគោលការណ៍ដាក់ពិន្ទុ ទីបំផុតកម្មវិធីបានរកឃើញ ម្ចាស់ពានជ័យលាភីលេខ 1 Metfone STARS រដូវកាលទី 2 បានទៅលើបេក្ខជនឈ្មោះ Ricky អគ្គិសនី អាយុ 21 ឆ្នាំ រស់នៅ ស្រុកស្រែអំបិល ខេត្តកោះកុង ដែលជាបេក្ខជនដ៏ឆ្នើម ពោរពេញដោយសមត្ថភាព និងទេពកោសល្យលេចធ្លោជាងគេ ក្នុងជំនាញផលិតមាតិកាវីដេអូ។ ហើយក្នុងមួយវគ្គៗ Ricky អគ្គិសនី បានខំប្រឹងប្រែងបង្កើតស្នាដៃច្នៃប្រឌិតថ្មីៗ គួរឱ្យចាប់អារម្មណ៍ និងទាក់ទាញពិន្ទុច្រើនៗ ពីគណៈកម្មការជានិច្ច និងទទួលបានការគាំទ្រពីហ្វេនៗ ក៏ដូចជាអ្នកចូលរួមយ៉ាងច្រើន។
ក្នុងពេលប្រកាសពានជ័យលាភី Ricky រំភើបដល់ទន់ជង្គង់លើវេទិកា និងសប្បាយចិត្តយ៉ាងខ្លាំង ចំពោះជ័យជម្នះមួយនេះ ដែលបានមកជាមួយឆន្ទៈដ៏មោះមុត ខំប្រឹងប្រែងយ៉ាងខ្លាំងក្លា យកឈ្នះរាល់ឧបសគ្គមិនបោះបង់ លើកទឹកចិត្តខ្លួនឯងតស៊ូទៅមុខ ជាមួយនឹងក្ដីស្រមៃដ៏ច្បាស់លាស់ ដើម្បីក្លាយពានម្ចាស់ជ័យលាភី Top 1 Metfone STARS នារដូវកាលទី2 នេះ និងសូមផ្ដាំផ្ញើដល់យុវជនទាំងអស់ ចូរដើរតាមក្ដីស្រមៃ ដោយភាពជឿជាក់ អភិវឌ្ឍសមត្ថភាព និងការខំប្រឹងប្រែង មិនរុញរានឹងឧបសគ្គ ថ្ងៃណាមួយអ្នកនឹងទទួលបានជោគជ័យ លើដំណើរក្ដីស្រមៃរបស់អ្នក ដូចជារូបខ្ញុំ។
សម្រាប់ជ័យលាភីលេខ 2 បានទៅបេក្ខជន មុំ វណ្ណដាវីន និងជ័យលាភីលេខ 3 បានទៅលើបេក្ខជន រិទ្ធ ដារ៉ូ រួមទាំងពានជ័យលាភី Star of the Crowd បានទៅលើបេក្ខជន វន ឆវី ។
-ម្ចាស់ពានជ័យលាភីលេខ1 ទទួលបានពានជ័យលាភី Metfone STARS និងទឹកប្រាក់រង្វាន់ 20 លានរៀល ទទួលបានស៊ីមទូរសព្ទលេខពិសេស ពីមិត្តហ្វូន ដែលមានតម្លៃ មួយពាន់ដុល្លារអាមេរិក រួមជាមួយការផ្គត់ផ្គង់ការប្រើប្រាស់អ៊ីនធឺណិត មិត្តហ្វូន Wi-Fi ដោយឥតគិតថ្លៃពេញមួយឆ្នាំ!!!
-ម្ចាស់ជ័យលាភី លេខ 2 ទទួលបានពាន រួមជាមួយទឹកប្រាក់រង្វាន់ 12លានរៀល ទទួលបានស៊ីមទូរសព្ទលេខពិសេស ពីមិត្តហ្វូន ដែលមានតម្លៃ មួយពាន់ដុល្លារអាមេរិក រួមជាមួយការផ្គត់ផ្គង់ការប្រើប្រាស់អ៊ីនធឺណិត មិត្តហ្វូន Wi-Fi ដោយឥតគិតថ្លៃពេញមួយឆ្នាំ។
-ម្ចាស់ជ័យលាភី លេខ 3 ទទួលបានពាន រួមជាមួយ ទឹកប្រាក់រង្វាន់ 6លានរៀល ទទួលបានស៊ីមទូរសព្ទលេខពិសេស ពីមិត្តហ្វូន ដែលមានតម្លៃ មួយពាន់ដុល្លារអាមេរិក រួមជាមួយការផ្គត់ផ្គង់ការប្រើប្រាស់អ៊ីនធឺណិត មិត្តហ្វូន Wi-Fi ដោយឥតគិតថ្លៃពេញមួយឆ្នាំ។
-ម្ចាស់ជ័យលាភី Star of the Crowd ទទួលបានពាន រួមជាមួយ ទឹកប្រាក់រង្វាន់ 2លានរៀល ទទួលបានស៊ីមទូរសព្ទលេខពិសេសពី មិត្តហ្វូន!!!
ជាមួយគ្នានេះ គួរជាទីអបអរជាមួយដំណើរជោគជ័យរបស់ Metfone STARS បន្ទាប់ពីទទួលបានការទស្សនាដ៏ច្រើនមិនគួរឱ្យជឿ នៅក្នុងរដូវកាលទី 1 ដែលមាន View សរុបរហូត 450 លាន, នៅរដូវកាលទី 2 នេះ ក៏ឈានដល់កំណត់ត្រាដ៏អស្ចារ្យថ្មីមួយទៀត គឺទទួលបានរហូតដល់ 577 លាន View មុនពេលវគ្គផ្តាច់ព្រ័ត្រចាប់ផ្តើម និងវគ្គផ្តាច់ព្រ័ត្រ 3.6 លាន View ផងដែរ។
គួរបញ្ជាក់ថា កម្មវិធី Metfone STARS ជាកម្មវិធីប្រកួតទេពកោសល្យ អ្នកផលិតមាតិកាដំបូងគេនៅកម្ពុជា ដែលចាប់ផ្ដើមឡើងឆ្នាំដំបូង នៅឆ្នាំ 2024 ដោយនាំមកជូនដោយក្រុមហ៊ុន មិត្តហ្វូន។ ហើយនេះ ជារដូវកាលទី 2 ហើយ បន្ទាប់ទទួលបានសមិទ្ធដ៏ជោគជ័យក្នុងរដូវកាលទី 1 កម្មវិធីនេះ បង្កើតឡើងក្នុងគោលបំណង ជាវេទិកាប្រមូលផ្តុំអ្នកផលិតមាតិកាវីដេអូ ជួបជុំប្រកួតគ្នា លើខ្លឹមសារចម្រុះដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗពីគ្នា អភិវឌ្ឍជំនាញកាន់តែល្អប្រសើរ ដើម្បីជាស្ពានមួយដែលអាចដឹកដៃបេក្ខជនម្នាក់ៗ ឱ្យឈានទៅកាន់ក្តីស្រមៃរបស់ពួកគេ ហើយទីបំផុត មិត្តហ្វូន ពិតជាសម្រេចបាននូវបេសកកម្មមួយនេះបានដោយជោគជ័យ ដែលជាការរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សនៅក្នុងវិស័យឌីជីថលដ៏ជឿនលឿន ដើម្បីអភិវឌ្ឍសង្គមជាតិជាមួយមិត្តហ្វូន៕