សម្ដីអមនុស្សធម៌ និងគ្មានការគិតពិចារណាបែបនេះក៏អាចនិយាយចេញមកកើតដែរ! នាយករដ្ឋមន្រ្តីថៃ លោក Anutin បាននិយាយដោយបើកចំហរថា លោកពិតជាចូលចិត្ត និងស្ងើចសរសើចំពោះសកម្មជន Kan Jomphalang ខ្លាំងណាស់ ដែលបាននឹកឃើញវិធីសាស្រ្តចាក់សម្លេងរំខានដល់ពលរដ្ឋខ្មែរនៅភូមិព្រៃចាន់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod។
បាងកក៖ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ នាយករដ្ឋមន្រ្ដី Anutin Charnvirakul បានបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនរបស់លោកថា លោកសូមកោតសរសើ និងផ្ដល់ការគោរពចំពោះ Kan Jomphalang ដែលថ្មីៗនេះបានប្រើ ‘សំឡេងខ្មោចលង’ ដើម្បីរំខានប្រជាជនកម្ពុជា។ លោក Anutin ភ្ញាក់ផ្អើលដែលមនុស្សម្នាក់អាចជួយមនុស្សបានច្រើនជាងរដ្ឋ។ លោកទទូចថា គ្មានជនជាតិថៃណាម្នាក់ចូលចិត្តអ្នកឈ្លានពាននោះទេ ហើយលោកគ្រោងនឹងទៅលេងភូមិ Ban Nong Chanនៅពេលឆាប់ៗខាងមុខ។
លោក Anutin បានពោលសរសើមេដឹកនាំចលនាលាម.ក Jomphalang បន្ថែមទៀតថា៖ Kan Jomphalang តែម្នាក់ជួយមនុស្សបានច្រើនណាស់ ខ្ញុំត្រូវតែគោរពគាត់។ ៣-៤ ខេត្តហើយ ខ្ញុំឃើញតែរថយន្ត Kan Jomphalang វាជារឿងគួឲ្យភ្ញាក់ផ្អើលណាស់ ដែលបុគ្គលម្នាក់អាចកៀរគរជំនួយបានច្រើនជាងរដ្ឋទៅទៀត។ ប្រជាជនថៃយើង គួរតែថែរក្សាមនុស្សល្អដូចជាលោក Jomphalang នេះ។
សម្ដីរបស់នាយករដ្ឋមន្រ្តីថៃដូចខាងលើនេះ បានបង្ហាញពីកង្វះសីលធម៌ និងគុណធម៌ក្នុងនាមជាមេដឹកនាំប្រទេសមួយរូប ដែលមិនត្រឹមតែមិនអើពើនឹងសកម្មភាពរំលោ.ភបំពានសិទ្ធិមនុស្ស បន្ទាបបន្ថោកជាតិសាសន៍ដទៃយ៉ាងអមនុស្សធម៌របស់ជាតិសាសន៍ខ្លួនប៉ុណ្ណោះទេ ថែមទាំងបញ្ជាក់ពីការគាំទ្រនូវទង្វើនេះដោយគ្មានការគិតពិចារណាផងដែរ។
ផ្ទុយពីទស្សនៈរបស់នាយករដ្ឋមន្រ្តីខ្លួន សមាជិកព្រឺទ្ធសភាថៃ លោកស្រី Angkhana Neelapaijit ប្រតិកម្មប្រឆាំងនឹងការបង្កការរំខានដល់ពលរដ្ឋខ្មែរតាមរយៈការចាក់សម្លេងរំខានឮខ្លាំងៗនេះ ដោយលោកស្រីបង្ហាញក្ដីព្រួយបារម្ភថា ពិភពលោកនឹងមើលមកកាន់ថៃ ថាជាប្រទេសដែលបំពានសិទ្ធិមនុស្សយ៉ាងសាហាវព្រៃផ្សៃ បើថៃនៅតែបន្តសកម្មភាពនេះលើជនសុីវិលកម្ពុជាទៀត។
លោកស្រី Angkhana បានសង្កត់ធ្ងន់ថា៖ ទង្វើនៃការចាក់សម្លេងរំខាន អាចបង្កើតបានជាការធ្វើទារុណកម្មផ្លូវចិត្ត ក្រោមអនុសញ្ញា CAT [Convention Against Torture] ដែលប្រទេសថៃជាភាគី”។ ខ្ញុំចង់ដឹងថាតើរដ្ឋាភិបាលនឹងបញ្ជាក់ពីបញ្ហានេះយ៉ាងណានៅលើឆាកពិភពលោក?
បន្ថែមពីនេះ លោកស្រីក៏បានជំរុញឲ្យរដ្ឋាភិបាលថៃពិនិត្យមើលពីសកម្មភាពរបស់បុគ្គល Kan Jomphalang ដែលជាអ្នកមានឥទ្ធិពលលើបណ្ដាញសង្កមថៃឡើងវិញផងដែរ ខណៈពេលនេះកម្ពុជាបានដាក់ញត្តិប្ដឹងទៅកាន់ស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិ ឲ្យធ្វើការស៊ើបអង្កេតជាបន្ទាន់ និងបញ្ឈប់គ្រប់សកម្មភាពរបស់ថៃដែលគំរាមកំហែងផ្លូវចិត្តប្រជាជនកម្ពុជា៕