ប្រទេសថៃ ៖ នៅយប់ថ្ងៃទី១០ ថ្ងៃទី១១ និងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ រដ្ឋាភិបាល និងកងទ័ពថៃបើកដៃឱ្យបុគ្គល កាន់ ចមផ្លាំង Influencer ប្រព្រឹត្តទង្វើរំលោ.ភសិទ្ធិមនុស្សខុសច្បាប់អន្តរជាតិ ដោយយកឧបករណ៍បំពងសំឡេងដែលលាន់ឭខ្លាំងមកចាក់សំឡេងរំខានដំណេករបស់ពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ដូចជា ៖ សំឡេងខ្មោចលង សំឡេងយន្តហោះ និងឆ្កែលូ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការសម្រាក និងផ្លូវចិត្តរបស់ពលរដ្ឋខ្មែរ រួមមានចាស់ជរា ជនមានជំងឺ ជនពិការ ក្មេ.ងតូចៗ ស្ត្រីមានកូនតូច និងស្ត្រីមានផ្ទៃពោះ ។
ក្រោយពីបុគ្គល កាន់ ចមផ្លាំង ប្រព្រឹត្តទង្វើថោកទាប ខ្វះសីលធម៌ និងខ្វះភាពថ្លៃថ្នូរជាមនុស្ស មេបញ្ជាការកងទ័ពបូព៌ាថៃ ឬមេបញ្ជាការកងកម្លាំងបូរ៉ាផា លោក ដេឆាទិវង្ស ណាក់អយុថាយ៉ា បាននិយាយដោយគ្មានគិតពិចារណាថា កងទ័ពថៃបើកសំឡេងរំខានក្នុងទឹកដីថៃ ហើយខ្លួនមិនចាប់អារម្មណ៍កម្ពុជាប្តឹងទៅក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ទេ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ ។
លោក ដេឆាទិវង្ស បាននិយាយពីកិច្ចប្រជុំ RBC របស់កងទ័ពភូមិភាគទី១ ថា ពេលនេះ មិនទាន់មានកិច្ចប្រជុំទេ ពីព្រោះមេបញ្ជាការកងទ័ពភូមិភាគទី១ បានស្នើឱ្យកម្ពុជារៀបចំកិច្ចប្រជុំនាដើមខែតុលាកន្លងមក ប៉ុន្តែកម្ពុជាមិនទទួលយកសំណើរបស់ថៃ ។ មេបញ្ជាការកងទ័ពបូព៌ាថៃនិយាយបំភ្លៃថា ថៃដោះមីនកាលពីថ្ងៃទី១០ ខែតុលា គឺដោះក្នុងទឹកដីថៃដោយបានរកឃើញគ្រាប់មីន៣គ្រាប់ គួរឱ្យសោកស្តាយដែលកម្ពុជាឱ្យផ្អាកសកម្មភាព ប៉ុន្តែថៃមិនចាប់អារម្មណ៍ ពីព្រោះបានផ្ញើលិខិតជូនដំណឹងតាំងពីថ្ងៃទី៩ ខែតុលា ។
ការធ្វើសកម្មភាពឈូសឆាយដីធ្លីបំពានដែនអធិបតេយ្យភាពកម្ពុជា និងធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែររស់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រោះ ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ដែលកម្ពុជា និងពិភពលោកថ្កោលទោសនោះ គឺជាវិធានការរបស់ថៃដើម្បីបណ្តេញពលរដ្ឋខ្មែរចេញពីទឹកដីកម្ពុជា ដែលថៃអះអាងជាទឹកដីរបស់ខ្លួន ។

ចំណែកពលរដ្ឋថៃជំរុញឱ្យបណ្តេញពលរដ្ឋខ្មែរចេញពីតំបន់ព្រំដែនខេត្តស្រះកែវនៅថ្ងៃទី៣១ ខែតុលា មេបញ្ជាការកងទ័ពបូព៌ានិយាយថា ពលរដ្ឋថៃស្រឡាញ់ទឹកដីមិនចាញ់កងទ័ព ប៉ុន្តែត្រូវវាយតម្លៃស្ថានការណ៍គ្រប់ពេលវេលា ។ បើមានឱកាស ថៃនឹងបណ្តេញពលរដ្ឋខ្មែរចេញពីផ្ទះសម្បែងជាបន្ទាន់ ប៉ុន្តែពេលនេះ កម្ពុជាតាមដានទង្វើរបស់ថៃជានិច្ច ថៃធ្វើអ្វីក៏កម្ពុជាដឹងដែរ ដូច្នេះ សំណូមពរទៅពលរដ្ឋថៃជួយគ្នាបិទបាំងព័ត៌មានសម្ងាត់របស់កងទ័ព ។
ចាប់ពីពេលនេះ ថៃនឹងបញ្ឈប់ការចរចា លុះត្រាកម្ពុជាបង្ហាញភាពស្មោះត្រង់ កម្ពុជាអញ្ជើញថៃប្រជុំ ប៉ុន្តែពុំប្រាប់ប្រធានបទ ទើបថៃចាត់ទុកថាឥតប្រយោជន៍ ។ កងទ័ពបើកដៃឱ្យបុគ្គល កាន់ ចមផ្លាំង Influencer បើកសំឡេងរំខានដំណេកពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ និងភូមិជោគជ័យ គឺថៃមិនចាប់អារម្មណ៍នឹងកម្ពុជាប្តឹងទៅក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ទេ ពីព្រោះការបើកសំឡេងរំខាន គឺបើកក្នុងទឹកដីថៃ ។ ការបើកសំឡេងនេះ គឺដើម្បីឱ្យកងទ័ពថៃនៅព្រំដែនភ្ញាក់ពីដំណេក ហើយមិនប៉ះពាល់ពលរដ្ឋខ្មែរទេ ។ នេះបើតាមការលើកឡើងរបស់មេបញ្ជាការកងទ័ពបូព៌ា ។
គួរបញ្ជាក់ថា បុគ្គល កាន់ ចមផ្លាំង ទទួលបានប្រជាប្រិយភាពពីពលរដ្ឋថៃ ក្រោយពីប្រព្រឹត្តទង្វើរំលោ.ភសិទ្ធិមនុស្ស ជាពិសេស សិទ្ធិពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ។ កាលពីចុងខែសីហា ឆ្នាំ២០២៥ បុគ្គលនេះបានបញ្ជូនរថយន្តដឹកលាមកជាច្រើនគ្រឿងត្រៀមបាញ់លើពលរដ្ឋខ្មែរនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ប៉ុន្តែត្រូវអាជ្ញាធរឱ្យផ្អាកសកម្មភាព ពីព្រោះជាទង្វើថោកទាបខ្លាំងពេក ។
ការបើកសំឡេងរំខានដំណេកពលរដ្ឋខ្មែរនេះ គឺនាយករដ្ឋមន្ត្រីថៃ លោក អនុថីន ឆាន់វីរៈគូន ពុំបានហាមឃាត់ទេ លោកបណ្តោយឱ្យបើកសំឡេងរំខាននេះ ថែមទាំងសរសើរបុគ្គល កាន់ ចមផ្លាំង ធ្វើសកម្មភាពដើម្បីជាតិលើសពីរដ្ឋាភិបាលអាណត្តិមុន ៕