ថ្មីៗនេះ តារាចម្រៀងនិងសម្តែង Liu Yuning បានទាក់ទាញការចាប់អារម្មណ៍ នៅពេលដែលលោកបានចែករំលែកដោយស្មោះត្រង់នូវហេតុផលដែលមិនថតរូបសម្រាប់ទស្សនាវដ្តីម៉ូតទោះបីជាលោកជាឈ្មោះដែលគេស្វែងរកក៏ដោយ។ ការនិយាយរបស់ Liu Yuning បានឡើងដល់កំពូលនៃលទ្ធផលស្វែងរករបស់ Weibo យ៉ាងឆាប់រហ័ស ហើយបានក្លាយជាប្រធានបទនៃការពិភាក្សាដ៏ក្តៅគគុក។
Liu Yuning បាននិយាយថាលោកបានឃើញអ្នកគាំទ្ររបស់សិល្បករផ្សេងទៀតជាច្រើនបាន ចំណាយលុយទិញទស្សនាវដ្តីដើម្បីគាំទ្រដល់តារារបស់ពួកគេហើយចុងក្រោយក្លាយទៅជាក្រដាសលក់ឱ្យអេតចាយហាក់បីដូចជាបង្ខំឬការកេងប្រវ័ញ្ច និងកេងចំណេញពីអ្នកគាំទ្រ។ការលើកឡើងរបស់ Liu Yuning ត្រូវបានអ្នកលេងអ៊ីនធឺណិតជាច្រើនចាត់ទុកថាជាការស្មោះត្រង់ និងគួរឱ្យទាក់ទាញ។
ក្នុងរយៈពេលពីរឆ្នាំមកនេះ លោកបានលេចមុខជាមួយខ្សែភាពយន្តល្បីៗជាច្រើន មានអ្នកគាំទ្រច្រើន និងសុខចិត្តចំណាយលុយដើម្បីទិញវា។ សម្រាប់ Liu Yuning មិនខ្វះឱកាសក្នុងការថតទស្សនាវដ្តី ឬបង្កើតការលក់នោះទេប៉ុន្តែលោកបដិសេធមិនថត ព្រោះលោកមិនចង់ធ្វើពាណិជ្ជកម្មតាមអារម្មណ៍អ្នកគាំទ្រឡើយ។
ទោះជាយ៉ាងណាក៏ដោយ អ្នកផ្សេងទៀតគិតថាការថតរូបសម្រាប់ទស្សនាវដ្ដី មិនចាំបាច់ខុស ឬមិនសមហេតុផលនោះទេ ព្រោះវាជួយឱ្យឈ្មោះរបស់ Liu Yuning កាន់តែលេចធ្លោ ហើយទស្សនាវដ្ដីសហការក៏ឈានដល់ទស្សនិកជនកាន់តែច្រើនផងដែរ។
យ៉ាងណាក៏ដោយ អ្នកគាំទ្រនៅតែគោរពការសម្រេចចិត្តរបស់លោក ក៏ដូចជាទិសដៅសិល្បៈដែលតារារូបនេះ តែងតែដើរទៅមុខជាច្រើនឆ្នាំកន្លងមក៕