ប្រទេសថៃ៖ ស្ថានភាពទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅប្រទេសថៃបានបន្តវា.យប្រហារលើខេត្តចំនួន 19 ដែលបណ្ដាលឲ្យមនុស្សចំនួន 22នាក់ហើយបានបាត់បង់ជីវិត និងបង្ខំឲ្យជិត 37មុឺននាក់ផ្សេងទៀតត្រូវជម្លៀសចេញពីផ្ទះរបស់ពួកគេជាបន្ទាន់ ហើយនៅពេលនេះកំពុងដង្ហើយរកជំនួយពីរដ្ឋាភិបាល។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation នាថ្ងៃទី8 ខែតុលា ឆ្នាំ2025។
បើតាមរបាយការណ៍របស់នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយរបស់ថៃ (DDPM) បានបញ្ជាក់ថា ទឹកជំនន់នៅតែបន្តវាយលុកខេត្តចំនួន 19 នៅទូទាំងប្រទេសថៃ ដោយបានប៉ះពាល់ដល់ស្រុកចំនួន 84 ស្រុក 541 ស្រុក និងភូមិចំនួន 3,036 ។ សរុបមក វាបានធ្វើឲ្យប្រជាពលរដ្ឋថៃប្រមាណ 109,26 គ្រួសារ ឬ 369,724 នាក់បានទទួលរងផលប៉ះពាល់ដោយផ្ទាល់។ ក្នុងនោះចំនួនអ្នកស្លា.ប់បានកើនឡើងដល់ 22នាក់ហើយ នេះបើតាមការផ្ទៀងផ្ទាត់ចុងក្រោយ។
ទិន្នន័យខាងលើនេះបានរៀបរាប់បន្ថែមថា ជនរងគ្រោះទាំងនោះគឺបានបា.ត់បង់ជីវិតនៅក្នុងខេត្តចំនួន 6 រួមមាន៖ ខេត្ត Phichit ចំនួន 1នាក់, ខេត្តPhetchabun ចំនួន 1នាក់, ខេត្ត Phitsanulok ចំនួន 1នាក់, ខេត្ត Yasothon ចំនួន 3នាក់, ខេត្ត Ayutthaya ចំនួន 8នាក់ និងខេត្ត Uttaradit ចំនួន 8នាក់។
ជាការឆ្លើយតប ក្រោយមានការអំពាវនាវពីពលរដ្ឋ រដ្ឋាភិបាលថៃដែលដឹកនាំដោយនាយករដ្ឋមន្រ្តី Anutin បានប្រកាសផ្ដល់ជំនួយជាទឹកថវិកាក្នុងមួយគ្រួសារចំនួន 9,000បាត (ជិត 250ដុល្លារ)។ ការសម្រេចនេះស្របនឹងដំណោះស្រាយដែលបានអនុម័តក្នុងកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ2025 ដែលធ្វើឡើងនៅថ្ងៃទី6 ខែតុលា។
យ៉ាងណាក៏ដោយ បើតាមការអះអាងរបស់ពលរដ្ឋថៃនៅតាមតំបន់មួយបានបង្ហាញថា ពួកគេមានការអន់ចិត្តនឹងរដ្ឋាភិបាលខ្លួនជាខ្លាំង ដោយសារតែស្ថានភាពទឹកជំនន់នេះ បានប៉ះពាល់ដល់ការរស់នៅ របររកសុី និងជីវភាពរបស់ពួកគាត់អស់រយៈពេលជាង 2ខែមកហើយ ប៉ុន្តែមកទល់ពេលនេះទទួលបានត្រឹមជំនួយតិចតួច។
ចំណែកពលរដ្ឋផ្សេងទៀតនៅខេត្តអយុធ្យាបានអង្វរឱ្យស្ថាប័នរដ្ឋាភិបាល និងផ្នែកឯកជន ជួយផ្តល់ជំនួយសង្រ្គោះដល់ពលរដ្ឋឱ្យបានគ្រប់ៗគ្នាផង ពីព្រោះស្ថានភាពទឹកទន្លេហាក់ទំនងជាមិនងាយនឹងស្រកនោះទេ រីឯការរស់នៅរបស់ពួកគេកាន់តែលំបាកខ្លាំងឡើង ជាពិសេសផ្ទះដែលមានមនុស្សចាស់និងកុមារតូចៗ។
គួរជម្រាបថា ការជន់លិចដោយទឹកជំនន់នៅថៃបានកើតមាន និងវា.យប្រហារលើខេត្តជាច្រើនរបស់ថៃ រួមទាំងទីក្រុងបាងកកផងដែរ។ ទន្ទឹមនឹងនេះ ភ្លៀងនៅតែបន្តធ្លាក់ខ្លាំងៗឥតឈប់ឈរតាមរយៈឥទ្ធិពលរបស់ព្យុះខុសៗគ្នាដែលបានប្ដូរវេនគ្នាបក់បោកមកលើថៃជាបន្តបន្ទាប់ បណ្ដាលឲ្យពលរដ្ឋថៃរងទុក្ខលំបាកអស់រយៈពេលជាង2ខែមកហើយ៕