រាជធានីភ្នំពេញ៖ កម្ពុជាបានដាក់លិខិតជាលើកទី២ ផ្ញើទៅកាន់កងទ័ពភូមិភាគ២ថៃ ឲ្យមកចូលប្រជុំ RBC ជាមួយមេបញ្ជាការយោធភូមិភាគ៤កម្ពុជា ដើម្បីលើកកម្ពស់សន្តិភាព បន្ទាប់ពីលិខិតលើទី១ដែលបានដាក់ទៅកាលពីចុងខែកញ្ញាមិនទាន់ទទួលបានចម្លើយសម្រេចពីភាគីថៃ។ នេះបើតាមការឲ្យដឹងពីលោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។
យោងតាមលោកជំទាវម៉ាលី សុជាតា បានឲ្យដឹងថា កម្ពុជាបានដាក់លិខិតជាលើកទី២ អញ្ជើញមេភូមិភាគ២ថៃថ្មី លោក Weerayuth Raksil មកចូលប្រជុំជាមួយមេភូមិភាគ៤កម្ពុជា ឧត្ដមសេនីយ៍ឯក ពៅ ហេង ចាប់ពីថ្ងៃទី១៥-១៧ ខែតុលា ដើម្បីលើកកម្ពស់សន្តិភាពតាមរយៈការពិភាក្សា ក្រោយបានបញ្ជូនលិខិតអញ្ជើញលើកទី១ទៅរួចម្ដង កាលពីថ្ងៃទី៣០ ខែកញ្ញា។
ជាមួយគ្នានេះ លោកជំទាវ ឧត្តម សេនីយ៍ឯក ម៉ាលី សុជាតា បានគូសបញ្ជាក់ថា ចំពោះការផ្ញើនូវលិខិតអញ្ជើញជាលើកទីពីរនេះគឺ ដើម្បីអញ្ជើញកងទ័ពភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ មកចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលគ្រោងនឹងរៀបចំធ្វើនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នៅខេត្តឧត្តរមានជ័យ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ហើយកិច្ចប្រជុំនេះ គឺអនុវត្តន៍ទៅតាមស្មារតីនៃការប្រគល់ភារកិច្ចរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៃប្រទេសទាំងពីរកម្ពុជា-ថៃ ក៏ដូចជាការដែលបានកំណត់ក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី១ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ កាលពីថ្ងៃទី២៧ ខែសីហាឆ្នាំ២០២៥ រវាងយោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា និងកងទ័ពភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ។
អ្នកនាំពាក្យក្រសួងការពារជាតិបានបន្ថែមទៀតថា ការអញ្ជើញភាគីថៃឲ្យចូលរួមកិច្ចប្រជុំវិសាមញ្ញលើកទី២ នៃគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ (RBC) នេះមានគោលបំណង ដើម្បីជំរុញការបន្តអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញបានឆាប់រហ័ស៕