ប្រទេសថៃ ៖ តាមការចុះផ្សាយរបស់សារព័ត៌មានថៃ Top News កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ឱ្យដឹងថា អគ្គមេបញ្ជាការរងកងទ័ពអាកាសថ្មីរបស់ថៃបានប្រកាសពីគោលជំហរពុំចង់ធ្វើសង្គ្រាមទេ ប៉ុន្តែកងទ័ពអាកាសថៃត្រូវតែត្រៀមប្រ.យុទ្ធដើម្បីទទួលបានសន្តិភាព ។ អគ្គមេបញ្ជាការរងកងទ័ពអាកាសរូបនេះត្រៀមខ្លួនបំពេញតួនាទីភ្លាមៗដោយគ្មានពេលវេលារៀបចំកម្មវិធីអបអរសាទរការឡើងកាន់តំណែង និងប្រាប់ឱ្យពលរដ្ឋថៃមានទំនុកចិត្តលើកងទ័ពអាកាស ។.jpg)
កាលពីថ្ងៃទី៣០ ខែកញ្ញា នៅទីបញ្ជាការកងទ័ពអាកាស អគ្គមេបញ្ជាការរងកងទ័ពអាកាសថ្មី លោក សេកសាន់ ខាន់ថា បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានក្រោយពីបញ្ចប់ពិធីទទួល និងផ្ទេរភារកិច្ចរបស់មេបញ្ជាការកងទ័ពអាកាស ដោយលោកប្តេជ្ញាចិត្តបំពេញតួនាទី និងទទួលខុសត្រូវតាមអំណាចរបស់ខ្លួនបន្តពីអគ្គមេបញ្ជាការកងទ័ពអាកាស លោក ផាន់ភក្តី ផាត់តាណាគុន ហើយលោកនឹងជំរុញឱ្យកងទ័ពអាកាសថៃមានភាពរឹងមាំ បំពេញការងារមានប្រសិទ្ធភាព ។
អគ្គមេបញ្ជាការរងកងទ័ពអាកាសថ្មី លោក សេកសាន់ បន្តថា គ្មានពេលវេលារៀបចំកម្មវិធីអបអរសាទរការឡើងកាន់តំណែងថ្មី ឬទទួលការចូលរួមរីករាយពីអ្នកណាទេ ពីព្រោះបច្ចុប្បន្ន កងទ័ពថៃកំពុងបំពេញតួនាទីរក្សាអធិបតេយ្យនៅព្រំដែនទាំងយប់ទាំងថ្ងៃ ។ ការងារដំបូងដែលត្រូវធ្វើ គឺលោកនឹងបញ្ជាអង្គភាពកងទ័ពអាកាសនៅក្រោមការគ្រប់គ្រងត្រៀមបំពេញតួនាទីភ្លាមៗ ថៃពុំត្រូវការសង្គ្រាម ប៉ុន្តែបើចង់បានសន្តិភាព ត្រូវតែត្រៀមប្រយុទ្ធ សូមពលរដ្ឋមានទំនុកចិត្តលើកងទ័ពអាកាស ។
ពិធីទទួល និងផ្ទេរភារកិច្ចរបស់មេបញ្ជាការរងកងទ័ពអាកាសថ្មី គឺមានការចូលរួមពីមេបញ្ជាការកងទ័ពជាន់ខ្ពស់ កងទ័ពអាកាស និងអនុព័ន្ធយោធាបរទេស ដោយអគ្គមេបញ្ជាការកងទ័ពអាកាស លោក ផាន់ភក្តី ផាត់តាណាគុន បានប្រកាសឱ្យលោក សេកសាន់ កាន់តំណែងអគ្គមេបញ្ជាការរងកងទ័ពអាកាសជាផ្លូវការ ។ ក្រៅពីនេះ កងទ័ពអាកាសថៃក៏បានបើកយន្តហោះចម្បាំង Gripen ចំនួន១គ្រឿង ដើម្បីបង្ហាញពីការត្រៀមខ្លួនប្រយុទ្ធរបស់កងទ័ពអាកាស ។
ការប្រកាសពីគោលជំហររបស់អគ្គមេបញ្ជាការរងកងទ័ពអាកាសថ្មីថៃដែលថា «បើចង់បានសន្តិភាព ត្រូវតែត្រៀមប្រយុទ្ធ» គឺបញ្ជាក់ពីកងទ័ពអាកាសថៃនៅតែមានមហិច្ឆតាលោភលន់ និងឈ្លានពានកម្ពុជាដោយការប្រើប្រាស់យន្តហោះចម្បាំង ។ រីឯកម្ពុជាមានគោលបំណងជំរុញការបន្តអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ ៕










