ប្រទេសថៃ ៖ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក សីហស័ក្តិ ពួងកេតកែវ បាននិយាយមកកាន់សារព័ត៌មានកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ថា ថៃបើកទ្វារចរចាបញ្ចប់ជម្លោះព្រំដែនជាមួយកម្ពុជា ប៉ុន្តែកម្ពុជាពុំទាន់មានភាពស្មោះត្រង់ក្នុងការចរចា ។ លោកបានបញ្ជាក់ពីគោលជំហរការពារអធិបតេយ្យរបស់ខ្លួន និងសហការជាមួយគ្រប់ផ្នែកដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដើម្បីឱ្យទំនាក់ទំនងប្រទេសទាំងពីរត្រឡប់មកធម្មតាវិញ ។

លោក សីហស័ក្តិ ពួងកេតកែវ រដ្ឋមន្ត្រីក្រសួងការបរទេសបានលើកឡើងពីគោលនយោបាយការបរទេស និងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃថា គោលនយោបាយការបរទេសថៃផ្តោតលើគ្រប់ផ្នែកត្រូវចូលរួមសហការ ពីព្រោះវាជាកិត្តិយស និងផលប្រយោជន៍ជាតិ លោកក៏ត្រូវពិភាក្សាជាមួយគណបក្សប្រឆាំងផងដែរ ។ បញ្ហាព្រំដែនពាក់ព័ន្ធនឹងកត្តាជាច្រើន រួមមាន ៖ សន្តិសុខ សេដ្ឋកិច្ច ឧក្រិដ្ឋកម្មឆ្លងដែន នយោបាយក្នុងប្រទេស និងពលរដ្ឋប្រទេសទាំងពីរត្រូវរួមគ្នាដោះស្រាយជម្លោះដើម្បីឱ្យទំនាក់ទំនងកម្ពុជា-ថៃត្រឡប់មកប្រក្រតី ។.jpg)
យើងត្រូវតែព្យាយាមបញ្ចប់ជម្លោះព្រំដែនឱ្យបាន ប៉ុន្តែវាពុំងាយស្រួលទេ ត្រូវមានការចរចា ។ ថៃប្រកាន់គោលជំហរចរចាដោយសន្តិវិធី ប៉ុន្តែពុំព្រមបាត់បង់ទឹកដី ហើយការបើកទ្វារចរចាត្រូវតែពិនិត្យមើលការត្រៀមខ្លួនរបស់កម្ពុជា ។ ចំណុចសំខាន់ កុំដោះស្រាយបញ្ហាតែមួយថ្ងៃៗ ត្រូវកំណត់យុទ្ធសាស្ត្រផ្សេងៗ រួមមាន ៖ យុទ្ធសាស្ត្រព័ត៌មាន ដោយលោកចោទប្រកាន់កម្ពុជាទទួលបានប្រយោជន៍តែម្ខាងក្នុងការផ្សាយព័ត៌មាន និងលើកឡើងពីរឿងព្រំដែនប្រាប់អន្តរជាតិ ។
សមាជិកសភាថៃមួយចំនួននិយាយថា លោកមានជម្លោះជាមួយកម្ពុជានៅមុខអន្តរជាតិក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨០ នៅទីក្រុងញូវយ៉ក គឺលោកពុំបានឈ្លោះជាមួយអ្នកណាទេ លោកលើកឡើងក្នុងឋានៈមន្ត្រីតំណាងថៃដើម្បីការពារប្រទេសថៃ និងកិត្តិយសជាតិ ។ ថៃពុំបានបិទទ្វារចរចាទេ បើកម្ពុជាយល់ព្រមចរចា ប៉ុន្តែពេលនេះ កម្ពុជាពុំទាន់ស្មោះត្រង់ក្នុងការចរចា ។ ការចរចាបញ្ចប់ជម្លោះព្រំដែនត្រូវមានភាពច្បាស់លាស់លើការឈប់បាញ់ជារៀងរហូត ដោះមីន បង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន និងដកអាវុធធុនធ្ងន់ចេញពីព្រំដែន ដើម្បីឱ្យតំបន់ព្រំដែនស្ងប់ស្ងាត់ និងសុវត្ថិភាព ។
ស្ថានការណ៍បច្ចុប្បន្ន ក្រសួងការបរទេសត្រូវចាប់ផ្តើមធ្វើការងារក្នុងប្រទេសដោយមានការសហការពីគ្រប់ផ្នែក ហើយក្រសួងការបររទេសនឹងផ្តោតលើការធ្វើការជាមួយកងទ័ព ដើម្បីកុំឱ្យប្រទេសជិតខាងមើលមកកាន់ក្រសួងការបរទេសថៃទន់ជ្រាយ ។ ការទូតត្រូវតែគាំទ្រកងទ័ព ហើយកងទ័ពក៏ត្រូវគាំទ្រការទូត ហេតុនេះ ការចូលរួមសហការមានសារៈសំខាន់ណាស់ ។.jpg)
គួរបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក សីហស័ក្តិ បានទៅចូលរួមកិច្ចប្រជុំនៅមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨០ នៅទីក្រុងញូវយ៉ក ខណៈកម្ពុជាមានឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ ។ ឯកឧត្តម ប្រាក់ សុខុន បានថ្លែងថា ៖ «ខ្ញុំពិតជាមានសេចក្តីឈឺចាប់ជាពន់ពេក សន្តិភាពនៅក្នុងប្រទេសរបស់ខ្ញុំផ្ទាល់ ដែលទទួលបានដោយលំបាក បច្ចុប្បន្ន កំពុងរងការរគំរាមកំហែងពីជម្លោះព្រំដែនជាមួយប្រទេសជិតខាងមួយ» ៕










