បាងកក៖ ក្រោយការបាក់ស្រុតដីដែលបង្កើតបានជារណ្ដៅដ៏ធំសម្បើម និងមានជម្រៅប្រមាណ៥០ម៉ែត្រ នៅទីក្រុងបាងកក កាលពីថ្ងៃពុធកន្លងទៅ អាជ្ញាធរថៃបានសម្រេចចិត្តធ្វើការចាក់បេតុងរហូតដល់ ២៤០០ តោនចូលទៅក្នុងរណ្ដៅនោះដើម្បីការពារការបា.ក់ថ្មី ប៉ុន្តែបែរជាធ្ងន់កលើសដើម ព្រោះបេតុងរាវទាំងនោះបានធ្លាយជ្រាបចូលពេញផ្លូវរូងក្រោមដីអស់ ១៥០០តោន ធ្វើឲ្យដំណើរជួសជុលកាន់តែមានភាពស្មុគស្មាញ។
.png)
យោងតាមសារព័ត៌មានក្នុងស្រុករបស់ថៃ និងកាសែត The Straits Times នាថ្ងៃសុក្រ ទី២៦ កញ្ញា បានឲ្យដឹងថា អភិបាលក្រុងបាងកក លោក Chadchart Sittipunt ដែលបានចុះទៅពិនិត្យទីតាំងនៅផ្លូវ Samsen មុខមន្ទីរពេទ្យ Vajira ដើម្បីត្រួតពិនិត្យប្រតិបត្តិការជួសជុលនេះបានពន្យល់ថា វិស្វករត្រូវរង់ចាំការចាក់បំពេញសុីម៉ង់ត៍ដំបូងឱ្យស្ងួតសិន មុនពេលចាប់ផ្តើមជំហានបន្តបន្ទាប់នៅថ្ងៃដដែលនោះ។
.png)
ពួកគេបានប៉ាន់ប្រមាណថាសុីម៉ង់ត៍សរុបដែលគេបានយកមកប្រើប្រាស់ក្នុងប្រតិបត្តិការតំបូងនេះមានរហូតដល់ 2,400 តោន ដើម្បីទប់ដីកុំឲ្យបាក់ស្រុតបន្ថែម មុនការសាងសង់ជញ្ជាំងបេតុងតាមលំដាប់អចិន្ត្រៃយ៍អាចចាប់ផ្តើមបាន។ 
ក្នុងកំឡុងពេលដែលក្រុមបច្ចេកទេសកំពុងដុតដៃដុតជើងក្នុងការជួសជុលរន្ធនោះ រឿងឈឺក្បាលថ្មីមួយទៀតក៏បានកើតឡើង នោះគឺសុីម៉ង់ត៍ប្រមាណ ១៥០០តោន ដែលមិនទាន់ស្ងួតបានធ្លាយជ្រាបចូលពេលរូងក្រោមដី ធ្វើឲ្យប្រតិបត្តិការចាក់បំពេញត្រូវបានបញ្ឈប់ភ្លាមៗ ហើយអាជ្ញាធរដឹកជញ្ជូនរហ័សថៃ (MRTA) ក៏បានចុះមកសម្របសម្រួលបញ្ហានេះជាបន្ទាន់ផងដែរ។
ដើម្បីកែប្រែស្ថានការណ៍ជុំវិញកំហុសបច្ចេកទេសនេះ ជំនួយការសាស្រ្តាចារ្យ លោក Thanet Veerasiri ទីប្រឹក្សាវិទ្យាស្ថានវិស្វកម្មនៃប្រទេសថៃ បាននិយាយថា៖ បើទោះជាមានការជ្រាបបេតុងបែបនេះក៏ពិតមែន ប៉ុន្តែវាមិនត្រូវបានគេចាត់ទុកថាមានគ្រោះថ្នាក់នោះទេ។ លោក Thanet ថែមទាំងបានគូសបញ្ជាក់ថា៖ ផ្ទុយទៅវិញ វានឹងអាចជួយទប់ស្កាត់ការជ្រៀតចូលទឹកទៅក្នុងផ្លូវរូងក្រោមដី ហើយជួយទប់ស្កាត់ការហូរច្រោះថែមទៀតផង។
.png)
យ៉ាងណាមិញ គិតមកត្រឹមថ្ងៃទី២៧ ខែកញ្ញា ស្ថានភាពលិចធ្លាយបេតុងត្រូវបានក្រុមការងារបច្ចេកទេសថៃព្យាយាមស្ដារឡើងវិញឲ្យមានសភាពប្រក្រតីវិញបានមួយផ្នែកធំហើយ ជាមួយនឹងការដាក់ពង្រាយបាវខ្សាច់ និងចាក់ដីបង្ហាប់ឲ្យវារឹងមាំក្នុងគោលបំណងពង្រឹងស្ថេរភាព និងពង្រឹងគ្រឹះដែលគាំទ្រដល់រចនាសម្ព័ន្ធអគារនៅក្បែរនោះ។
អាជ្ញាធរថៃនឹងបន្តតាមដានស្ថានការណ៍នេះបន្ថែមទៀត ជាពិសេសទាក់ទងនឹងស្ថានភាពនៃអគារមួយចំនួន រួមទាំងប៉ុស្តិ៍ប៉ូលីស SamSen ដែលហាក់កំពុងរំកិលទ្រេតទៅរកមាត់រណ្ដៅនោះ ដោយពួកគេបានធ្វើការផ្អាកការធ្វើចរាចរណ៍ឆ្លងកាត់ជាបណ្ឌោះអាសន្ន និងហាមឃាត់ការចេញចូលរបស់សាធារណជនយ៉ាងតឹងរឹងបំផុតដើម្បីធានាសុវត្ថិភាព៕










