ប្រទេសថៃ ៖ ជាច្រើនខែមកនេះ ប្រទេសថៃប្រឈមនឹងខ្យល់ព្យុះមួយហើយមួយទៀតធ្វើឱ្យបណ្តាខេត្តជាច្រើន រួមទាំងទីក្រុងបាងកក លិចលង់ដោយទឹកជំនន់បង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅរបស់ពលរដ្ឋ ។ នៅខេត្តខ្លះ ទឹកជំនន់កើនឡើងខ្ពស់រហូតដល់ដំបូលផ្ទះខូចខាតទ្រព្យសម្បត្តិ បំផ្លា.ញដំណាំក្នុងចម្ការ កាត់ផ្តាច់ផ្លូវធ្វើដំណើរ ថែមទាំងធ្វើឱ្យពលរដ្ឋថៃលង់ទឹកស្លា.ប់ជាបន្តបន្ទាប់ ខណៈទីក្រុងបាងកកបាក់ស្រុតផ្លូវក្លាយជារណ្តៅយ៉ាងជ្រៅកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ។
តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Kapook នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ឱ្យដឹងថា ប្រទេសថៃប្រឈមនឹងខ្យល់ព្យុះថ្មីមួយទៀតមានកម្លាំងខ្លាំង ឈ្មោះថា ព្យុះបួឡយ (Bualoi) ដែលនឹងបោកបក់មកលើប្រទេសថៃចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ។ ឥទ្ធិពលខ្យល់ព្យុះនេះនឹងធ្វើឱ្យបណ្តាខេត្តនៅភាគខាងជើង និងឦសានមានភ្លៀងធ្លាក់យ៉ាងខ្លាំង ។.jpg)
ព្យុះបួឡយ មានប្រភពពីសមុទ្រចិនខាងត្បូង និងមានកម្លាំងខ្យល់ក្នុងល្បឿនលឿនបំផុតប្រមាណ១១០គីឡូម៉ែត្រក្នុង១ម៉ោង ហើយវាកំពុងផ្លាស់ទីទៅទិសខាងលិចក្នុងល្បឿន៣០គីឡូម៉ែត្រក្នុង១ម៉ោង ។ ឧតុនិយមថៃប្រកាសថា ព្យុះនេះនឹងផ្លាស់ទីតាមឆ្នេរសមុទ្រប្រទេសវៀតណាមចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែកញ្ញា បន្ទាប់មក វានឹងខ្សោយកម្លាំងបន្តិច ។
ឥទ្ធិពលរបស់ព្យុះបួឡយ នឹងធ្វើឱ្យប្រទេសថៃមានខ្យល់កន្ត្រាក់ខ្លាំងនៅភាគខាងជើង និងឦសាន ព្រមទាំងមានខ្យល់បក់ខ្លាំងមកពីទិសនិរតីគ្របដណ្តប់លើសមុទ្រអាន់ដាម៉ាន់ និងឈូងសមុទ្រថៃ ។ ក្នុងចន្លោះថ្ងៃទី២៨-៣០ ខែកញ្ញា ប្រទេសថៃនឹងមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់ជាច្រើន រួមទាំងធ្លាក់ខ្លាំងនៅភាគខាងជើង និងឦសាន ។
ចំណែកភាគខាងត្បូង និងខាងកើតប្រទេសថៃ នឹងរងនូវឥទ្ធិពលខ្យល់មូសុង ដោយឧតុនិយមថៃបានជូនដំណឹងឱ្យពលរដ្ឋប្រុងប្រយ័ត្នគ្រោះថ្នាក់ដោយសារភ្លៀងធ្លាក់កាន់តែខ្លាំង ខណៈទឹករលកនៅសមុទ្រអាន់ដាម៉ាន់ និងឈូងសមុទ្រថៃ គឺមានកម្រិតពីមធ្យមទៅខ្លាំង ។ ហេតុនេះ ឧតុនិយមថៃសំណូមពរឱ្យពលរដ្ឋតាមដានព័ត៌មានអាកាសធាតុ និងត្រៀមខ្លួនក្នុងរដូវវស្សា ។
គួរបញ្ជាក់ថា ថៃទើបតែរងឥទ្ធិពលព្យុះ Ragasa ដែលនាំមកនូវភ្លៀងធ្លាក់យ៉ាងខ្លាំងនៅទូទាំងប្រទេសចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា កន្លងមក ជាមួយហានិភ័យទឹកជំនន់ភ្លាមៗ និងការហូរច្រោះទឹកខ្លាំង ។ តាមការជូនដំណឹងរបស់ឧតុនិយមថៃកាលពីថ្ងៃទី២៤ ខែកញ្ញា ឱ្យដឹងថា ព្យុះ Ragasa ស្ថិតនៅក្បែរឆ្នេរសមុទ្រភាគខាងត្បូងខេត្ត Guangdong ប្រទេសចិន ដែលមានកម្លាំងខ្យល់ស្មើ១៥៥គីឡូម៉ែត្រក្នុង១ម៉ោង ៕










