បន្ទាប់ពីតារាចម្រៀង មាស សុខសោភា បន្តចេញប្រតិកម្មតបតទៅកាន់មតិរិះគន់ព្រោះតែប្រើសម្តីប្រមាថមកកាន់ខ្លួននាងនិងគូស្នេហ៍ថ្មីវាបានក្លាយជាប្រធានបទជជែកវែកបន្តទៀតនៅលើបណ្តាញសង្គម។ មិនត្រឹមតែប៉ុណ្ណោះ តារាចម្រៀង មាស សុខសោភា បានបោះសម្តីទៀតថា បើនាងខុស ឬក៏អស់ក្តីមេត្តាមកលើរូបនាងកុំចូលមកប្រមាថមនុស្សរបស់នាងទៀត ហើយឈប់គាំទ្រសម្លេងនាងតទៅទៀតចុះ។

ជាមួយនឹងខ្លឹមសារប្រតិកម្មរបស់អ្នកនាង មាស សុខសោភា កាលពីថ្ងៃទី២៥ ខែកញ្ញា តារាចម្រៀង វេហាស៍ ដែលកំពុងរស់នៅសហរដ្ឋអាម៉េរិកជាអ្នកគាំទ្រតារាចម្រៀងរូបនេះនិងធ្លាប់មានទំនាក់ទំនងជិតសិទ្ធិទទូចឱ្យតារាចម្រៀង មាស សុខសោភា ស្ងប់ស្ងាត់ ខណៈមនុស្សជាច្រើនកំពុងវឹកវររឿងសង្រ្គាម។ 
លោកបានបញ្ចេញមតិយោបល់ក្រោមការបង្ហោះរបស់ មាស សុខសោភា ថា «ពិតមិនពិត គួរពុំគួរ បងស្ងាត់ផុសស្ងាត់សរសេរសិនក៏ល្អដែរ។ខ្ញុំជឿថាមនុស្សជាច្រើនក៏មិនបានមកចាប់អារម្មណ៍រឿងឯកជនបងទៀតដែរព្រោះតែម្នាក់ៗនៅកំពុងវឹកវររឿងសង្រ្គាមនៅឡើយ។ បងទៅវិញទេ បងកាន់តែផុសបកស្រាយរឿងកាន់តែវែងឆ្ងាយ បើបងស្ងាត់យូរៗគេនឹងលែងខ្វល់ ចង់បងយកអ្នកណាក៏គេលែងចង់ដឹងចង់ឮដែរ»។
លោក វេហាស៍ ដែលបច្ចុប្បន្នកំពុងល្បីផ្នែកមាតិកាធ្វើម្ហូប បានបន្តទៀតថា «ស្ងប់ស្ងៀមទៅបង សន្សំកម្លាំង សន្សំថាមពល ពេលរឿងទាំងអស់ត្រជាក់ បងអាចចេញចម្រៀងល្អៗមកបន្តៗទៀតមក ព្រោះសមត្ថភាពបងមានពិតប្រាកដ បើបងនៅតែតតាំងជាមួយហ្វេន ទោះសមត្ថភាពបងដល់កម្រិតណាក៏ប្រហែលជាបាត់បង់អ្នកគ្រាំទ្រដែរ។ ជាចុងក្រោយក៏សង្ឃឹមថា សំណេរបងខាងលើនេះ មិនមែនបងអ្នកសរសេរទៅចុះ»។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីមានជម្លោះបែកបាក់ជាមួយអតីតស្វាមី រួមទាំងបង្ហាញមុខមាត់គូស្នេហ៍ថ្មី ដើរលេងជាមួយគ្នាដោយបើកចំហរ តារាចម្រៀង មាស សុខសោភា បានធ្វើឱ្យរឿងឯកជនរបស់ខ្លួនក្លាយជារឿងអាស្រូវធំបំផុតនៅក្នុងអាជីពសិល្បៈរបស់ខ្លួនរយៈពេលជាង២០ឆ្នាំ៕










