នាយកប្រតិបត្តិក្រុមហ៊ុនកាហ្វេយក្ស Starbucks លោក Brian Niccol បានចេញសេចក្ដីប្រកាសមួយជូនបុគ្គលិកកាលពីថ្ងៃព្រហស្បតិ៍ ថា ក្រុមហ៊ុនកាហ្វេ Starbucks នឹងបញ្ឈប់បុគ្គលិក និងបិទហាងមួយចំនួន ដែលជាផ្នែកមួយនៃការរៀបចំរចនាសម្ព័ន្ធឡើងវិញ ដែលមានតម្លៃប្រមាណ ១ ពាន់លានដុល្លារអាមេរិក។

លោក Niccol បានបញ្ជាក់ថា ការកាត់បន្ថយនឹងប៉ះពាល់ដល់បុគ្គលិកប្រមាណ ៩០០ នាក់ នៅតាមហាងក្នុងតំបន់អាមេរិកខាងជើង។ ខណៈពេលជាមួយគ្នា ការបិទនេះនឹងបណ្ដាលឲ្យចំនួនហាងកាហ្វេ Starbucks សរុបនៅតំបន់នេះធ្លាក់ចុះប្រមាណ ១% ក្នុងឆ្នាំសារពើពន្ធនេះ បន្ទាប់ពីបានគណនាការបើកហាងថ្មីជាច្រើន។ លោក Niccol បាននិយាយថា “ទោះបីជាក្រុមហ៊ុនកំពុងមានកំណើនល្អក្តី ក៏យើងនៅតែត្រូវធ្វើអ្វីៗជាច្រើន ដើម្បីកសាង Starbucks ឲ្យកាន់តែរឹងមាំ និងប្រសើរឡើង”។ទោះជាយ៉ាងណា បន្ទាប់ពីការប្រកាសនេះរួច ភាគហ៊ុនរបស់ Starbucks បានកើនឡើងបន្តិចផងដែរ។
.jpg)
អ្នកវិភាគបានប្រាប់សារព័ត៌មាន ABC News ថា Starbucks កំពុងប្រឈមមុខនឹងបញ្ហា ការលក់ធ្លាក់ចុះជាបន្តបន្ទាប់ ក្នុងរយៈពេលចុងក្រោយនេះ ដោយសារអតិថិជនរងផលប៉ះពាល់ពីអតិផរណាកើនឡើង។ ក្រុមហ៊ុនបានចុះខ្សោយការលក់ ៦ ត្រីមាសជាប់ៗគ្នា នៅក្នុងហាងដដែលៗ។
យ៉ាងណាមិញ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទាក់ទាញអតិថិជន ក្រុមហ៊ុនបានធ្វើការកែលម្អបរិវេណ និងសេវាកម្មនៅហាងជាច្រើន។ ទោះយ៉ាងណា លោក Niccol បានប្រាប់ថា ក្នុងការពិនិត្យឡើងវិញ ក្រុមហ៊ុនបានរកឃើញហាងមួយចំនួនដែល មិនអាចបង្កើតបទពិសោធន៍ដ៏ល្អឲ្យអតិថិជន ឬ មិនមានសក្តានុពលផ្នែកហិរញ្ញវត្ថុ ដូចដែលរំពឹងទុក ដូច្នេះហាងទាំងនេះនឹងត្រូវបិទ។
លោកបន្តថា “ជារៀងរាល់ឆ្នាំ យើងមានការបើក និងបិទហាង ដោយហេតុផលផ្សេងៗចាប់ពីការបញ្ចប់កិច្ចជួល ដល់បញ្ហាហិរញ្ញវត្ថុ។ តែសកម្មភាពនេះមានទំហំធំជាង យើងដឹងថាវានឹងប៉ះពាល់ដល់ទាំងបុគ្គលិក និងអតិថិជន” ។
Starbucks រំពឹងថានឹងបញ្ចប់ឆ្នាំសារពើពន្ធ ២០២៥ ជាមួយនឹងហាងសរុបប្រមាណ ១៨,៣០០ កន្លែង នៅសហរដ្ឋអាមេរិក និងកាណាដា ហើយក្រុមហ៊ុននឹងជូនដំណឹងដល់បុគ្គលិកនៅតាមហាងដែលត្រូវបិទ នៅក្នុងសប្តាហ៍ដដែល។ គួរបញ្ជាក់ថា លោក Niccol មានបំណង ផ្លាស់ប្តូរបុគ្គលិកទៅហាងផ្សេង នៅក្បែរៗគ្នា។ ប៉ុន្តែបើមិនអាចធ្វើបានទេ Starbucks នឹងផ្តល់នូវ សំណង និងការគាំទ្រពិសេស ដល់បុគ្គលិកដែលរងផលប៉ះពាល់៕
 
		 
	









