ប្រទេសថៃ ៖ មន្ត្រីច្រកព្រំដែនខេត្តចាន់បុរី ប្រទេសថៃ បានច្រានចោលព័ត៌មានខេត្តចាន់បុរីបើកច្រកព្រំដែនឱ្យពលរដ្ឋខ្មែរចេញ-ចូលសេរី ដោយមន្ត្រីច្រកព្រំដែនបញ្ជាក់ថា ព្រំដែនទាំងអស់នៅខេត្តចាន់បុរីនៅតែបិទទ្វារតាមបទបញ្ជា គឺអនុញ្ញាតឱ្យតែពលរដ្ឋខ្មែរ-ថៃធ្វើដំណើរទៅប្រទេសវិញរៀងៗខ្លួនប៉ុណ្ណោះ ។ រីឯព័ត៌មានចចាមអារ៉ាមថា ខេត្តចាន់បុរីបើកព្រំដែនឱ្យពលរដ្ឋខ្មែរចេញ-ចូលនោះ ពុំមែនជាការទេ ។
.jpg)
កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ កងទ័ពជើងទឹក មន្ត្រីច្រកព្រំដែន និងកងទ័ពនៅខេត្តចាន់បុរី បញ្ជាក់ថា ព្រំដែនកម្ពុជា-ថៃក្នុងខេត្តចាន់បុរីនៅតែបន្តបិទទ្វារតាមបទបញ្ជា ។ រីពាក្យចចាមអារ៉ាមបើកព្រំដែនឱ្យពលរដ្ឋខ្មែរចេញ-ចូលសេរីនៅខេត្តចាន់បុរី គឺពុំពិតឡើយ ។ ខេត្តចាន់បុរីបានរឹតបន្តឹងការឆ្លងដែនគ្រប់ប្រភេទ ដូចជា ៖ ហាមយានជំនិះទាំងអស់ឆ្លងដែន, ហាមមនុស្សឆ្លងដែនចេញ-ចូល, ហាមធ្វើពាណិជ្ជកម្ម រួមទាំងហាមភ្ញៀវទេសចរថៃ និងអន្តរជាតិឆ្លងដែន ។
ខេត្តចាន់បុរីអនុញ្ញាតឱ្យតែពលរដ្ឋខ្មែរ-ថៃឆ្លងដែនត្រឡប់ទៅប្រទេសរៀងៗខ្លួនប៉ុណ្ណោះ ដោយពុំអនុញ្ញាតឱ្យពលរដ្ឋប្រទេសទាំងពីរឆ្លងដែនចេញ-ចូលដោយសេរីទេ ។ រីឯពេលវេលាបើក-បិទគ្រប់ច្រកព្រំដែន គឺចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៣រសៀល ប៉ុន្តែនឹងអនុញ្ញាតឱ្យឆ្លងដែនសម្រាប់ករណីមនុស្សធម៌ និងការងារចាំបាច់ ។

កងទ័ពជើងទឹក និងកងទ័ពនៅខេត្តចាន់បុរី បានប្រជុំណែនាំមន្ត្រីគ្រប់ច្រកព្រំដែនឱ្យអនុវត្តតាមបទបញ្ជាបិទព្រំដែន ព្រមទាំងឱ្យមន្ត្រីតាមដានស្ថានការណ៍នៅព្រំដែនកម្ពុជាយ៉ាងដិតដល់ ។ មន្ត្រីត្រូវរាយការណ៍បើមានហេតុការណ៍បន្ទាន់កើតឡើង និងត្រូវទំនាក់ទំនងគ្នារយៈពេល២៤ម៉ោង ដូច្នេះ សំណូមពរឱ្យពលរដ្ឋជឿជាក់លើព័ត៌មានផ្លូវការប៉ុណ្ណោះ ។
គួរបញ្ជាក់ថា ព័ត៌មានក្លែងក្លាយជាច្រើនពាក់ព័ន្ធនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃត្រូវបានបង្កើតឡើងនៅប្រទេសថៃដើម្បីឱ្យមានការយល់ច្រឡំ និងបំប៉ោងស្ថានការណ៍កាន់តែធ្ងន់ធ្ងរ ។ ព័ត៌មានទាំងនេះញុះញង់ចែកចាយពេញបណ្តាញសង្គម និងជាប្រភពធ្វើឱ្យពលរដ្ឋថៃមានគំនិតស្អប់ខ្ពស់ជាតិសាសន៍ដោយខ្វះការពិចារណា ។ ទោះជារដ្ឋាភិបាលថៃសន្យាទប់ស្កាត់ ប៉ុន្តែនៅតែមានការបង្កើត ចែកចាយព័ត៌មានក្លែងក្លាយពេញប្រទេសក្នុងបំណងបង្កចលាចល ៕
 
		 
	









