ប្រទេសចិន ៖ ចិនកំពុងអភិវឌ្ឍន៍ និងប្រើប្រាស់រថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិ (Robotaxi) ជាបន្តបន្ទាប់ ដោយក្រុមហ៊ុនបច្ចេកវិទ្យាចិនធំៗបានដំណើរការសាកល្បង និងផ្តល់សេវាកម្មនៅតាមទីក្រុងនានា ដូចជា ៖ ប៉េកាំង សៀងហៃ និងស៊ិនជិន ។ រដ្ឋាភិបាលចិនគាំទ្រយ៉ាងខ្លាំងដើម្បីឱ្យពលរដ្ឋធ្វើដំណើរតាមរថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិកាន់តែច្រើននាថ្ងៃអនាគត ។
.png)
តាមការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ឱ្យដឹងថា ចិនបានកំណត់គោលដៅមានរថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិរហូតដល់៣សែនគ្រឿងនៅឆ្នាំ២០៣០ ឬរយៈពេល៥ឆ្នាំទៀត នៅទីក្រុងធំៗចំនួន៤ ដោយសារបច្ចេកវិទ្យា AI រីកចម្រើនខ្លាំងនាពេលបច្ចុប្បន្ន និងការប្រកួតប្រជែងក្នុងឧស្សាហកម្មផលិតរថយន្តអគ្គិសនីកាន់តែខ្លាំងក្លាក្នុងប្រទេសចិន ។

លោក Paul Gong ប្រធានផ្នែកស្រាវជ្រាវឧស្សាហកម្មរថយន្តចិននិយាយថា ចំនួនរថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិ (Robotaxi) នៅប្រទេសចិនដែលមានទឹកដីធំទូលាយនឹងកើនឡើងខ្លាំងនៅចុងឆ្នាំ២០៣០ ខណៈពលរដ្ឋចិនមានចំណេះដឹងពីបច្ចេកវិទ្យាថ្មីៗកាន់តែច្រើន ។
ក្រៅពីបច្ចេកវិទ្យារីកចម្រើនយ៉ាងឆាប់រហ័ស និងការចំណាយដើមទុនថ្លៃកម្លាំងពលកម្មកើនឡើងជាបន្តបន្ទាប់បានធ្វើឱ្យរថយន្តបើកបរដោយស្វ័យប្រវត្តិជួយបង្កើនប្រសិទ្ធភាពការងារយ៉ាងខ្លាំង ។ ការលក់រថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិអាចស្មើទឹកប្រាក់ជិត២សែនលានដុល្លារក្នុង១ឆ្នាំ ប្រសិនបើរថយន្តតាក់ស៊ីដឹកអ្នកដំណើរបច្ចុប្បន្ន ផ្លាស់ប្តូរជារថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិទាំងអស់ ។

ប្រធានផ្នែកស្រាវជ្រាវឧស្សាហកម្មរថយន្តបន្តថា ក្រុមហ៊ុនចិនបានចំណាយដើមទុនតិចជាងមុនសម្រាប់ការផលិតរថយន្តអគ្គិសនី ដែលជាកត្តាសំខាន់ដើម្បីបង្កើនការផលិតរថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិ ។ ដើមទុនផលិតរថយន្តតាក់ស៊ី១គ្រឿង អាចធ្លាក់ចុះក្រោម៣សែនយាន់ (ឬត្រឹមជាង៤ម៉ឺនដុល្លារ) ប៉ុណ្ណោះ ។.png)
ចំណែកស្តង់ដាររថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិបច្ចុប្បន្ន គឺវាអាចបញ្ជាខ្លួនឯងទាំងស្រុងរហូតដល់កម្រិត 4 ដោយពុំចាំបាច់មានមនុស្សបញ្ជា ។ នេះជាការរីកចម្រើនផ្នែកបច្ចេកវិទ្យាយ៉ាងខ្លាំងនៅចិន និងឈានដល់កម្រិត 5 ឬការបើកបរដោយស្វ័យប្រវត្តិយ៉ាងពេញលេញ ។
ទោះយ៉ាងណា ពេលបច្ចេកវិទ្យា AI រីកចម្រើនខ្លាំង និងមានតួនាទីក្នុងជីវិតប្រចាំថ្ងៃ បានធ្វើឱ្យអ្នកបើករថយន្តតាក់ស៊ីបារម្ភពីការប្រកបមុខរបរនេះនាថ្ងៃអនាគត ។ អ្នកបើកបរតាក់ស៊ីសង្ឃឹមថា រដ្ឋាភិបាលនឹងជួយដោះស្រាយបញ្ហាកុំឱ្យពលរដ្ឋបាត់បង់ការងារដោយសារបច្ចេកវិទ្យារីកចម្រើនខ្លាំង ឬជួយរក្សាការងាររបស់ពលរដ្ឋមុនបច្ចេកវិទ្យា AI ដណ្តើមជារៀងរហូត ៕










