អ្នកនយោបាយថៃបានបង្ហាញក្តីបារម្ភពីជម្លោះនៅព្រំដែនកម្ពុជា-ថៃអាចនឹងរីករាលដាលខ្លាំង និងអង្វរពលរដ្ឋថៃបញ្ឈប់ការញុះញង់ ក្រោយពី Influencer ឈ្មោះ កាន់ ចមផ្លាំង បានបញ្ជូនរថយន្តដឹកទឹកស្អុយលាយលាមក ចំនួន១៤គ្រឿង មកកាន់ព្រំដែននៅភូមិណងចាន់ ខេត្តស្រះកែវ ទល់មុខច្រកអូរបីជាន់ ខេត្តបន្ទាយមានជ័យ ត្រៀមបា.ញ់ទឹកស្អុយស្រោចលើពលរដ្ឋខ្មែរ ។
នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ លោក កាន់ ចមផ្លាំង គឺជា Influencer ថៃដែលតាំងខ្លួនជាអ្នកស្នេហាជាតិការពារទឹកដី និងបណ្តេញពលរដ្ឋខ្មែរចេញពីប្រទេសថៃ បានបញ្ជូនរថយន្តដឹកទឹកស្អុយចំនួន១៤គ្រឿង មកកាន់ព្រំដែននៅភូមិណងចាន់ និងត្រៀមបាញ់ស្រោចលើពលរដ្ឋខ្មែរ ប៉ុន្តែត្រូវបានកងទ័ពហាមឃាត់ដើម្បីឱ្យជម្លោះកាន់តែវែងឆ្ងាយ ។ ម្យ៉ាងទៀត ការស្រោចទឹកស្អុយ ឬលាមកលើពលរដ្ឋខ្មែរបែបនេះ នឹងធ្វើឱ្យថៃអាសោចកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិ ដែលប្រព្រឹត្តទង្វើបាតផ្សារមកលើប្រទេសជិតខាង ។
នៅថ្ងៃដដែលនេះ អ្នកនយោបាយថៃ លោក សម្បត្តិ ប៊ុនង៉ាមអាណុង បានសរសេរក្នុងហ្វេសប៊ុករបស់ខ្លួនថា ៖ «តាមការយល់ឃើញរបស់ខ្ញុំ តំបន់ព្រំដែនកម្ពុជា-ថៃពេលនេះ គួរតែប្រកាសអនុវត្តច្បាប់អាជ្ញាសឹក ខណៈមន្ត្រីប្រទេសទាំងពីរបានចរចាគ្នាដើម្បីដោះស្រាយបញ្ហាជាបណ្តើរៗ ប៉ុន្តែនៅតំបន់វិញបែរជាមានការញុះញង់ ជាពិសេស នៅខេត្តស្រះកែវ» ។
លោកបន្តថា ៖ «ខ្ញុំភ្ញាក់ផ្អើលណាស់ដែលមាន Influencer រស់នៅក្រៅតំបន់ចូលមកបញ្ចេញមតិឱ្យបញ្ជូនរថយន្តដឹកទឹកស្អុយបាញ់ឆ្លងព្រំដែន ។ វាជាវិធីកខ្វក់ គ្មានអនាម័យ និងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះប្រទេសថៃក្នុងក្រសែភ្នែកអន្តរជាតិ ។ សំណួរគឺ ហេតុអ្វីកងទ័ពបណ្តោយឱ្យក្រុមញុះញង់ទាំងនេះប្រព្រឹត្តទង្វើអាក្រក់ក្នុងតំបន់?» ។
អ្នកនយោបាយរូបនេះបានប្រាប់ឱ្យពលរដ្ឋថៃ និង Influencer គិតពីការធ្វើបាបរាងកាយពលករខ្មែរនៅប្រទេសថៃកន្លងមក ហើយត្រូវបានចុះសារព័ត៌មានផ្សព្វផ្សាយ និងបង្ហោះរូបភាពចែកចាយពេញពិភពលោក ។ ហេតុនេះ ការបាញ់ទឹកស្អុយ ឬលាមកដាក់ពលរដ្ឋខ្មែរនឹងពុំមានផលល្អដល់ប្រទេសថៃទេ សូមអង្វរកុំធ្វើបែបនេះ ពីព្រោះវាធ្វើឱ្យពលរដ្ឋថៃកាន់តែមើលទៅអាក្រក់ អ្នកក្លាហានគេពុំធ្វើបែបនេះឡើយ ។
ចំណែកនាយករដ្ឋមន្ត្រីស្តីទីថៃ លោក ភូមិថាំ វីឆាយ៉ាឆៃ បាននិយាយពី Influencer បញ្ជូនរថយន្តដឹកទឹកស្អុយ និងលាមកមកកាន់ព្រំដែននៅភូមិណងចាន់ ថានេះជាគំនិតរបស់បុគ្គល សូមកុំធ្វើបែបនេះ ។ លោកនិយាយនេះ ពុំមែនកាន់ជើងកម្ពុជាទេ ប៉ុន្តែពលរដ្ឋត្រូវប្រុងប្រយ័ត្នដើម្បីឱ្យអន្តរជាតិយល់ពីថៃ ពីព្រោះលោកបារម្ភពីការប្រើប្រាស់លាមក កម្ពុជានឹងប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ធ្វើឱ្យថៃកាន់តែមានបញ្ហាខ្លាំងឡើង ។ រដ្ឋាភិបាលថៃពុំចង់បានបែបនេះទេ វាជាគំនិតរបស់ពលរដ្ឋ ៕










