ប្រទេសថៃ ៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា អតីតអ្នកនយោបាយថៃ លោក វីរៈ ស៊ុមក្វាមឃិត បានដាក់ពាក្យប្តឹងឱ្យចាប់មេបញ្ជាការយោធភូមិភាគ១ ពីបទពុំបណ្តេញពលរដ្ឋខ្មែរចាកចេញពីភូមិសាស្ត្រស្រុកអូរជ្រៅ ព្រមទាំងប្តឹងចាប់អភិបាលខេត្តស្រះកែវ ក្រោយពីផ្តល់សម្ភាសន៍និយាយការពិតថា តំបន់ដែលកងទ័ពថៃរាយបន្លាលួសជាទឹកដីរបស់កម្ពុជា ថៃគ្មានឯកសារកាន់កាប់ដីធ្លី ដែលធ្វើឱ្យពលរដ្ឋថៃខឹងសម្បារទូទាំងប្រទេស ។
.jpg)
កាលពីល្ងាចថ្ងៃទី២៦ ខែសីហា អតីតអ្នកនយោបាយថៃ លោក វីរៈ ស៊ុមក្វាមឃិត បានធ្វើដំណើរមកកាន់ភូមិបានណងចាន់ នៅខេត្តស្រះកែវ ក្រោយពីពលរដ្ឋខ្មែរតវ៉ាជាមួយកងទ័ពថៃឈ្លានពានទឹកដីកម្ពុជា ។ បន្ទាប់មក លោកក៏បានទៅស្ថានីយប៉ូលិសខេត្តស្រះកែវ ដើម្បីដាក់ពាក្យប្តឹងចាប់មេបញ្ជាការយោធភូមិភាគ១ ពីបទពុំបានបំពេញតួនាទីបណ្តេញពលរដ្ឋខ្មែរចេញពីតំបន់ជម្លោះ រហូតដល់ពលរដ្ឋថៃមកតវ៉ាបណ្តេញពលរដ្ឋខ្មែរដោយខ្លួនឯង ហើយមេបញ្ជាការយោធភូមិភាគ១ ថែមទាំងពុំបានប្តឹងពលរដ្ឋខ្មែរ ដែលតវ៉ាជាមួយកងទ័ពថៃ ។
លោកក៏បានប្តឹងអភិបាលខេត្តស្រះកែវផងដែរ ពីបទធ្វេសប្រហែសក្នុងការបំពេញតួនាទី និងផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាននិយាយការពិតថា តំបន់ដែលកងទ័ពថៃរាយបន្លាលួសជាទឹកដីរបស់កម្ពុជា ថៃគ្មានឯកសារកាន់កាប់ដីធ្លី ដែលធ្វើឱ្យពលរដ្ឋថៃខឹងសម្បារទូទាំងប្រទេស ។ លោកចាត់ទុកការនិយាយការពិតរបស់អភិបាលខេត្តស្រះកែវ ធ្វើឱ្យថៃបាង់បង់ប្រយោជន៍ ។
លោក វីរៈ ស៊ុមក្វាមឃិត បញ្ជាក់ថា បានចំណាយពេលរហូតដល់១៥ឆ្នាំ ដើម្បីឱ្យពលរដ្ឋថៃទូទាំងប្រទេសព្រមទទួលស្គាល់ និងជឿថាតំបន់នេះជាទឹកដីថៃ ។ កន្លងមក លោក និងមិត្តភក្តិ៨នាក់ ត្រូវបានកម្ពុជាចាប់ដាក់ពន្ធនាគារចំនួន៣ឆ្នាំ ៦ខែ និង៣ថ្ងៃ ពីបទដើរចូលទឹកដីកម្ពុជាខុសច្បាប់ ដូច្នេះ លោកសូមឱ្យថៃការពារអធិបតេយ្យតំបន់នេះជារបស់ខ្លួន ១០០% ។.jpg)
រដ្ឋាភិបាល និងកងទ័ពថៃពេលនោះ (នៅឆ្នាំ២០១០) ប្រាប់ឱ្យលោកយល់ព្រមទទួលទទួលកំហុសដើម្បីឱ្យកម្ពុជាដោះលែងពីពន្ធនាគារ ។ លោកពុំទទួលកំហុសទេដែលកម្ពុជាថា លោកល្មើសដើរចូលទឹកដីកម្ពុជា ព្រោះនេះជាទឹកដីថៃ ។ រហូតមកដល់ពេលនេះមានរយៈពេល១៥ឆ្នាំហើយ ដែលលោកប្រឹងប្រែងធ្វើឱ្យពលរដ្ឋថៃជឿថា លោកធ្វើរឿងមានប្រយោជន៍សម្រាប់ជាតិ ប៉ុន្តែថៃបណ្តោយឱ្យពលរដ្ឋខ្មែរចូលមករស់នៅតំបន់នេះ លោកត្រូវការបណ្តេញពលរដ្ឋខ្មែរទាំងអស់ចេញពីលំនៅឋានទុកឱ្យពលរដ្ឋថៃរស់នៅ ។ នេះបើតាមការលើកឡើងរបស់លោក វីរៈ ស៊ុមក្វាមឃិត ។
ថ្មីៗនេះ អភិបាលខេត្តស្រះកែវរងការរិះគន់យ៉ាងខ្លាំងពីពលរដ្ឋថៃ ក្រោយពីលោកនិយាយការពិតថា ថៃគ្មានឯកសារកាន់កាប់ដីធ្លីនៅភូមិសាស្ត្រស្រុកអូរជ្រៅ ដោយសារនេះជាទឹកដីរបស់កម្ពុជា ។ ក្រោយពលរដ្ឋរិះគន់មិនឈប់ឈរ នាយករដ្ឋមន្ត្រីស្តីទីថៃ លោក ភូមិថាំ វីឆាយ៉ាឆៃ បានសំណូមពរឱ្យពលរដ្ឋបញ្ឈប់ការរិះគន់អភិបាលខេត្តស្រះកែវ ដោយសារគ្រប់គ្នាតែងតែមានកំហុស ហើយអភិបាលខេត្តស្រះកែវក៏បានសូមទោសហើយដែរ ៕










