ប្រទេសថៃ ៖ ថៃបានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលនៃមេបញ្ជាការកងទ័ពឥណ្ឌូប៉ាស៊ីហ្វិកនៅខេត្តពេជ្របុរី ដោយបានអញ្ជើញកងទ័ពមកពី២៩ប្រទេសចូលរួម ប៉ុន្តែគ្មានវត្តមានកម្ពុជា ។ ក្នុងកិច្ចប្រជុំនេះ អគ្គមេបញ្ជាការកងទ័ពរបស់ថៃបាននិយាយលាបពណ៌ និងទម្លាក់កំហុសមកលើកម្ពុជាជាច្រើនប្រាប់ទៅអន្តរជាតិ ហើយថា ថៃមានគោលជំហរជំរុញសន្តិភាព អភិវឌ្ឍន៍សេដ្ឋកិច្ច បញ្ចប់ជម្លោះក្នុងតំបន់ ពុំត្រូវការសង្គ្រាម និងមានគម្រោងសាងសង់របងនៅព្រំដែនខេត្តស្រះកែវ ដើម្បីការពារការល្មើសអធិបតេយ្យពីប្រទេសជិតខាង ។

ក្នុងកិច្ចប្រជុំកំពូលនៃមេបញ្ជាការកងទ័ពឥណ្ឌូប៉ាស៊ីហ្វិកនៅខេត្តពេជ្របុរី អគ្គមេបញ្ជាការកងទ័ពថៃ លោក សុងវីត ណុនភក្តី បាននិយាយពីបញ្ហាព្រំដែនកម្ពុជា-ថៃ និងនិយាយពីគម្រោងសាងសង់របងនៅព្រំដែនខេត្តស្រះកែវ រួមទាំងការកំណត់បន្ទាត់ព្រំដែនឱ្យច្បាស់លាស់។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Thairath នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ។

លោក សុងវីត ណុនភក្តី បាននិយាយពីកិច្ចប្រជុំកំពូលនៃមេបញ្ជាការកងទ័ពឥណ្ឌូប៉ាស៊ីហ្វិក ដែលរៀបចំនៅខេត្តពេជ្របុរី នាថ្ងៃទី២៧ ខែសីហា គឺថៃបានធ្វើជាម្ចាស់ផ្ទះរួមជាមួយអាមេរិក ។ កិច្ចប្រជុំបានពិភាក្សាពីប្រធានបទសំខាន់ៗ និងសង្កត់ធ្ងន់លើការរឹតបន្តឹងសន្តិសុខក្នុងតំបន់, ប្រឆាំងនឹងការគំរាមកំហែងផ្សេងៗ និងជំរុញយន្តការអាស៊ានឱ្យមានប្រសិទ្ធភាពខ្ពស់ស្របពេលប្រទេសមហាអំណាចកំពុងប្រកួតប្រជែងគ្នា ហើយការប្រជុំនេះមាន២៩ប្រទេសចូលរួម ប៉ុន្តែអវត្តមានកម្ពុជា ។

លោក សុងវីត ណុនភក្តី សង្ឃឹមថា ការប្រជុំនេះនឹងឈានទៅរកសន្តិភាព និងការរីកចម្រើនសេដ្ឋកិច្ចក្នុងតំបន់ ខណៈថៃបង្ហាញពីគោលជំហរជំរុញសន្តិភាព អភិវឌ្ឍន៍សេដ្ឋកិច្ច បញ្ចប់ជម្លោះក្នុងតំបន់ ផ្លាស់ប្តូរបទពិសោធន៍កងទ័ព ប្រឆាំងបញ្ហាប្រឈមជាច្រើន រួមទាំងការគំរាមតាមអ៊ីនធើរណេត ។ ក្នុងកិច្ចប្រជុំនេះ ប្រទេសជាច្រើនបានសួរពីបញ្ហាព្រំដែនកម្ពុជា-ថៃ ហើយលោកឆ្លើយថា ទង្វើទាំងអស់របស់ថៃ គឺដើម្បីការពារអធិបតេយ្យ ផលប្រយោជន៍ និងការពារពលរដ្ឋ ហើយថៃពុំត្រូវការសង្គ្រាមទេ ។

លោកបាននិយាយបំភ្លៃប្រាប់អន្តរជាតិថា ថៃត្រូវបានប្រទេសជិតខាង (កម្ពុជា) ឈ្លានពាន និងលាក់បាំងព័ត៌មាន ហើយកងទ័ព និងពលរដ្ឋថៃ ត្រូវបានប្រទេសជិតខាងធ្វើបាប ដូចជា ៖ បង្កប់មីនថ្មីលើទឹកដីថៃ ហើយលោកបានសុំឱ្យប្រទេសនានាគាំទ្រការបោសសម្អាតមីននៅព្រំដែន ។ ប្រទេសថៃនឹងការពារអធិបតេយ្យរបស់ខ្លួន ពុំឱ្យប្រទេសណាឈ្លានពាន ឬធ្វើបាបពលរដ្ឋ ។

ថៃនឹងសាងសង់របងឱ្យរឹងមាំនៅព្រំដែនខេត្តស្រះកែវ ដើម្បីការពារការឈ្លានពានពីប្រទេសជិតខាង ពេលនេះ កងទ័ពជើងគោកកំពុងពិចារណាពីគម្រោងសាងសង់របង ។ ការសាងសង់របងរឹងមាំនៅព្រំដែនខេត្តស្រះកែវ នឹងអាចការពារពលរដ្ឋ និងការពារកុំឱ្យប្រទេសជិតខាងឈ្លានពាន ហើយលោកនឹងគាំទ្រគ្រប់ទង្វើរបស់កងទ័ពថៃ ។ នេះបើតាមការលើកឡើងរបស់លោក សុងវីត ណុនភក្តី អគ្គមេបញ្ជាការកងទ័ពថៃ ៕