បន្ទាប់ពីតារាចម្រៀង មាស សុខសោភា បាននិយាយលាតត្រដាងចោ.ទទៅកាន់អតីតស្វាមីលួចផិតក្បត់មានស្រី សឹងតែចង់សម្លាប់ខ្លួន ខំច្រៀងរហូតដល់រលូតកូននិងរឿងផ្សេងៗទៀតបានធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើល។ តារាចម្រៀង ពេជ្រ សោភា រ៉ូលីន រួមទាំង វ៉ាន់ នីឡា បានបញ្ចេញមតិផ្ទាល់ខ្លួននិងចង់ឱ្យទស្សនិកជនដោះលែងតារាចម្រៀង មាស សុខសោភា មានសេចក្តីសុខជាមួយនឹងដៃគូថ្មី។

តារាចម្រៀង មាស សុខសោភា បានចែករំលែកបន្តខ្លឹមសាររបស់មិត្តសម្លាញ់ដោយអមដោយសម្តីថា «ផ្លូវចិត្តសំខាន់ណាស់ ប្រពន្ធយើងគាត់ល្បី អ្នកជាប្តីមុនធ្វើអ្វីត្រូវគិតពីមុខមាត់គាត់ផង មើលសារនេះហើយមានអារម្មណ៏ថាលែងចង់បានប្តី»។ ងាកមកកាន់ រ៉ូលីន វិញគឺចង់ឱ្យទស្សនិកជនដោះលែង មាស សុខសោភា ឈប់ជេរគាត់ទៀត។
រ៉ូលីន បន្តទៀតថា «សេចក្តីសុខផ្លូវចិត្តរបស់យើង មានតែយើងទេ ទើបយល់ច្បាស់ ! បងប្អូនសាកស្រមៃមើលថាបើគេបញ្ជាឱ្យបងប្អូនធ្វើនេះធ្វើនោះខុសពីចិត្ត តើយើងធ្វើទេ ចម្លើយគឺអត់ បើធ្វើក៏ធ្វើទាំងទើសទាល់ដែរ។ រ៉ូលីន សុំចិត្តឱ្យដោះលែង មាស សុខសោភា ឈប់ជេរ ឈប់មុសារ បើមិនពេញចិត្តគាត់ក៏អូសចោលទៅ បើចូលចិត្តស្តាប់បទគាត់ក៏នៅតែបន្តស្តាប់ទៅ កុំនាំបាបជាប់ខ្លួន»។

រ៉ូលីន ថាខ្លួនលោកក៏ធ្លាប់ជាមនុស្សម្នាក់ដែលរងសម្ពាធផ្លូវចិត្តដែរ ហើយខិតខំរកអ្វីដើម្បីមកជួយជុលផ្លូវចិត្តរបស់ខ្លួនដោយមិនឱ្យប៉ះពាល់ដល់អ្នកដទៃ អ្នកខ្លះស្តាប់ធម៌ អ្នកខ្លះចូលក្លឹបផឹកស៊ី អ្នកខ្លះរកមិត្តមកនិយាយរឿងក្នុងមានជម្រើសរៀងៗខ្លួនដើម្បីបំបាត់ទុក្ខផ្លូវចិត្ត។ រ៉ូលីន បានបញ្ជាក់ដែរថានេះគ្រាន់តែគំនិតបន្តិចបន្តួចរបស់ខ្លួនលោកប៉ុណ្ណោះហើយលោកនៅតែគោរពស្រលាញ់រៀមច្បង មាស សុខសោភា ដដែល។

ចំណែកឯតារាចម្រៀង វ៉ាន់ នីឡា វិញបានបង្ហោះរូបមួយសន្លឹកជាមួយនឹងរៀមច្បង មាស សុខសោភា ដោយបានរៀបរាប់ពីអារម្មណ៍របស់ខ្លួនយ៉ាងស៊ីជម្រៅ។ វ៉ាន់ នីឡា បានលើកឡើងថា «ខ្ញុំមិនដែលវាយតម្លៃ គាត់សូម្បីម្តងចាប់តាំងពីគាត់មានបញ្ហាមក ត្រូវចាំថា អ្នកសិល្បៈ អ្នកមានអ្នកក្រអ្នកល្បីកម្រិតណា រឿងផ្ទៃក្នុងរឿងផ្ទាល់ខ្លួនគឺមានគ្រប់គ្នា សំឡេងគាត់ច្រៀងឱ្យយើងស្តាប់ជាសាធារណៈតែជីវិតឯកជនរបស់គាត់មិនអាចបង្ហាញជាសាធារណៈឱ្យយើងដឹងពី១ដល់១០បានទេ»។
តារាចម្រៀងរូបនេះ រៀបរាប់បន្តថា «បែកគ្នាវាឈឺចាប់ណាស់ម្នាក់ៗទម្រាំសម្រេចចិត្តឈានដល់វគ្គបញ្ចប់គឺហែលទឹកភ្នែកវេទនាខ្លោចផ្សាដែលអ្នកដទៃមិនអាចឃើញ។ ឱ្យគាត់ស្វែងរកសេចក្តីសុខពិតរបស់គាត់ទៅ ជីវិតយើងមានមួយជីវិតគាត់មានមួយដូចគ្នា យើងចង់សុខគាត់ចង់សុខ សេចក្តីស្រលាញ់មិនមែនសំខាន់លើភាពស័ក្តិសម តែសំខាន់លើបេះដូង ខួរក្បាលនឹងចិត្តមានក្តីសុខនៅទីណា គឺទីនោះហើយដែលគាត់គិតថាជាទីសុវត្ថិភាពរបស់គាត់ជូនពរបងភា ឱ្យឆ្លងផុតនៅរាល់ទុក្ខសោកនិងឧបសគ្គទាំងឡាយ»។
គួរបញ្ជាក់ផងដែរថា តារាចម្រៀង មាស សុខសោភា គឺបានទទួលស្គាល់ជាសាធារណៈថាបុគ្គល វង្ស ចក្រាយុទ្ធ ហៅតាសក់សភ្នំត្បែង គឺជាស្វាមីរបស់ខ្លួន៕










