ក្រោយពីជីវិតឯកជនរួមរិតដោយមតិសាធារណៈអ្នកនាង មាស សុខសោភា បានចេញមកលាតត្រដាងបន្តទៀតពីអតីតស្វាមីដោយតារាចម្រៀងរូបនេះថាខ្លួននាងរកស៊ីចិញ្ចឹមប្តីជាង១០ឆ្នាំ អតីតស្វាមីលួចផិតក្បត់មានស្រី ស្ទើរតែសម្លាប់ខ្លួន ចោទប្រកាន់នាងគ្រប់សព្វ ខណៈនាងខំដើរច្រៀងរហូតដល់រលូតកូន។
ទោះបីជាពេលនេះតារាចម្រៀង មាស សុខសោភា និង លោក រ៉ាដា បញ្ចប់សម្ព័ន្ធភាពជាប្តីប្រពន្ធហើយ ប៉ុន្តែរឿងរកាំរកូសរបស់អ្នកទាំងពីរនិងគូស្នេហ៍ថ្មីរបស់តារាចម្រៀងរូបនេះនៅតែប្រធានបទដ៏ក្តៅគគុកពីអ្នកនិយមលេងអ៊ីនធឺណិត។ នៅថ្ងៃទី២៣ សីហា នេះតារាចម្រៀង មាស សុខសោភា ក៏បានលាតត្រដាងពីទំនាក់ទំនងរបស់អតីតស្វាមីនិងបានចោទថាលួចផិតក្បត់លួចមានស្រីរហូតស្ទើរតែចង់សម្លាប់ខ្លួន។ រកស៊ីចញ្ចឹមប្តីជាង១០ឆ្នាំ មាស សុខសោភា បានចោទសួរថាស្រ្តីម្នាក់ណាដែលមានរឿងនេះដូចជាខ្លួនមិនទទួលបានលុយប្តីសូម្បីតែ១០ដុល្លារ។ លុយដែលរកបានពីអាជីពសិល្បៈ មាស សុខសោភា ថាប្តីយកទៅទិញរបស់ដាក់ឈ្មោះរួមគ្នា លុយបានប៉ុន្មានប្តីជាអ្នកកាន់តែទាំងអស់។
តារាចម្រៀងដែលមានទឹកដមសំឡេងក្រអួនក្រអៅរូបនេះបានលាតត្រដាងទៀតថា អតីតស្វាមីរបស់ខ្លួនរករឿងប្រចណ្ឌទំលាក់កំហុស ដេញម្តាយបងប្អូនចេញពីផ្ទះ ចោទប្រកាន់នាងផិតក្បត់ជាមួយកូនអ្នកធំនេះ អ្នកធំនោះ ពេលឈឺគ្មានអ្នកមើលថែមានប្តីដូចអត់ប្តី មិនដែលឱ្យតម្លៃនាងជាប្រពន្ធ ខំដើរច្រៀងរហូតដល់រលូតកូន។

មាស សុខសោភា ថាក្រោយពេលលែងលះគ្នាត្រូវប្រគល់ទ្រព្យសម្បត្តិដែលខ្លួនរកបានពីការច្រៀងទៅឱ្យគេ ហើយព្រោះតែចង់មានសុភមង្គលទោះប្តីមានស្រី ប្តីចោទប្រកាន់ផិតក្បត់ក៏ស៊ូខាំមាត់សង្កត់ចិត្តមិនតបត ស៊ូខុសជាមួយគ្រួសារខំសើចបន្លំភ្នែកមហាជនទាំងក្នុងទ្រូងស្ទើរប្រេះធ្លាយ។ តារាចម្រៀងរូបនេះថាមូលហេតុមកពីមិនយល់ធម៌ មិនស្គាល់ខ្លួនឯង ប៊ិះនឹងសម្លាប់ខ្លួនដោយសារប្តីហេងស៊យ បើគ្មានអ្នកព្រះធម៌ចេញមកពន្យល់បានទាន់ពេលទេនោះជីវិតត្រូវលាចាកលោកយូរមកហើយ។
ម្ចាស់បទ «ដើមឈើស្នេហ៍» បានបង្ហាញការខកចិត្តរបស់ខ្លួនដែលមនុស្សគ្មានគុណធម៌មួយចំនួននាំគ្នាទៅកាន់ជើងមនុស្សពាលទាំងកន្លងមកនាំនាងសាងតែអំពើបាប នាំដើរផឹកស៊ីកំដរពួកម៉ាករាល់យប់និយាយតែរឿងកាប់ចាក់ទើបនាងមិនអាចទ្រាំតទៅទៀតបាន។ មាស សុខសោភា ថាកុំមកវាយប្រហារ ប្រមាថមកលើនាងទៀតព្រោះកន្លងមកនាងល្បីដោយសារសម្លេងចេញពីធម្មជាតិ ហើយក៏មិនបានជួលអ្នកណាឱ្យមកស្តាប់សម្លេងរបស់នាងដែរ។ តារាចម្រៀងរូបនេះថាមានទុក្ខសោក ធុញថប់ក្នុងអារម្មណ៍មកស្តាប់ចម្រៀងនាងសោះកុំមកតាំងខ្លួនថាបើគ្មានពួកអ្នកមិនមានភាពល្បីដល់ថ្ងៃនេះទៅវិញ។ ត្រូវចាំថា សម្លេងរបស់នាងខ្ញុំទេ ដែលធ្វើឱ្យនាងខ្ញុំល្បីនេះជាសច្ចធម៌ពិត។
មាស សុខសោភា ថាកុំយករឿងឯកជនរបស់នាងទៅធ្វើជាប្រធានបទបំពុលសង្គម ទាំងស្រុកទេសកំពុងជួបបញ្ហាជួយយកពេលទៅជួយគិតគូរដល់ថ្នាក់ដឹកនាំ ប្រទេស និងរួមគ្នាជួយគិតគូរប្រយោជន៍រួមវិញ៕










